ជុំវិញបញ្ហានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ កំពុងធ្វើការជាមួយរដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ ដើម្បីដោះស្រាយបញ្ហា ដែលកំពុងកើតមានឡើងនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនេះ ដើម្បីស្នើភាគីថៃអនុញ្ញាតឲ្យប្រើ បណ្ណ Immigration Card សម្រាប់ឆ្លងដែនចេញចូលរវាងប្រទេសទាំងពីរឡើងវិញ ស្របទៅតាមការសំណូមពររបស់ពលរដ្ឋជាអ្នកប្រកបរបរចេញចូលព្រំដែន។
លោក សេក សុខុម អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាអ្វីមួយដែលបានកើតឡើងនៅតាមច្រកព្រំដែនអន្តរជាតិ គឺវាទាមទារឲ្យមានការចូលរួមដោះស្រាយ និងឯកភាពពីភាគីនៃប្រទេសទាំងពីរ។ ជាក់ស្តែង បញ្ហាដែលកំពុងកើតឡើងនៅចក្រព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលប្រជាពលរដ្ឋស្នើសុំឲ្យប្រើប្រាស់កាត Immigration Card សម្រាប់ការចេញចូលព្រំដែនឡើងវិញ ក៏ទាមទារឲ្យមានការចូលរួមដោះស្រាយពីភាគីទាំងពីរផងដែរ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម សេក សុខុម បច្ចុប្បន្នរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ កំពុងធ្វើការងារលើបញ្ហានេះ ដែលរំពឹងនឹងទទួលបាន ដំណោះស្រាយក្នុងពេលឆាប់ខាងមុខនេះ។
ការស្នើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋរស់នៅតាមច្រកព្រំដែនប៉ោយប៉ែតធ្វើឡើងក្រោយ ភាគីកម្ពុជារួមជាមួយភាគីថៃសម្រេចប្រើប្រាស់កាត Border Past សម្រាប់ការឆ្លងដែនចេញចូលរយៈពេលខ្លីរវាងប្រទេសទាំងពីរជំនួសឲ្យការប្រើកាត Immigration Card។
បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋការប្រើ Border Past ពួកគេត្រូវចំណាយថវិកាចន្លោះពី៥ពាន់រៀលទៅ៦ពាន់រៀល សម្រាប់ការចេញចូលមួយលើក ខណៈកាត Immigration Card ដែលត្រូវបង់ប្រមាណ១ពាន់រៀលអាចឲ្យពួកគេចេញចូលពេញមួយថ្ងៃ។ ប៉ុន្តែការប្រើប្រាស់ Border Past ប្រជាពលរដ្ឋអាចស្នាក់នៅប្រទេសថៃបានចន្លោះពី៥ទៅ៧ថ្ងៃ ខណៈ Immigration Card បានតែ១ថ្ងៃប៉ុណ្ណោះ។
ទោះយ៉ាងណា បើតាមការគូសបញ្ជាក់របស់លោក សេក សុខុម អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ការប្រើប្រាស់ Border Past សម្រាប់ការចេញចូលប្រទេសទាំងពីរប៉ះពាល់តែលើអាជីវករ និងកម្មករ ដែលត្រូវចេញចូលរកស៊ីញឹកញាប់ក្នុង១ថ្ងៃតែប៉ុណ្ណោះ ដ្បិតរាល់ការចេញចូលម្តងតម្រូវឲ្យពួកគេត្រូវបង់ប្រាក់ម្តង។ លោកបានបន្តថា កាត Border Past មានទម្រង់ដូចនឹងលិខិតឆ្លងដែនដែរ ពោលគឺចេញចូលម្តងត្រូវវាយត្រាម្តង។
អ្នកនាំពាក្យរដ្ឋបាលខេត្តរូបនេះ បានអះអាងថា បច្ចុប្បន្នការធ្វើដំណើរចេញចូល និងការដោះដូរពាណិជ្ជកម្មនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតមានភាពមមាញឹកឡើងវិញហើយ បន្ទាប់ពីប្រទេសទាំងពីរបានឲ្យធ្វើដំណើរចេញចូលឡើងវិញកាលពីអំឡុងខែឧសភា ក្រោយស្ថានភាពឆ្លងនៃជំងឹកូវីដ-១៩ នៅប្រទេសទាំងពីរមានភាពធូរស្បើយ។ គួររំឭកផងដែរថា ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវបានបិទ មិនឲ្យប្រជាពលរដ្ឋប្រទេសទាំងពីរធ្វើដំណើរចេញចូលកាលពីពាក់កណ្តាលឆ្នាំ២០២១ ខណៈការដឹកជញ្ជូនទំនិញមិនត្រូវបានហាមឃាត់នោះទេ៕