លោកសាស្ត្រាចារ្យ ស៊ិន គង់ បង្រៀននៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ លោកបានត្អូញត្អែរនៅលើហ្វេសប៊ុកអំពីការដែលចោរគាស់បន្ទប់លោកជាញឹកញយ។ លោកឲ្យដឹងថា ចាប់ពីខែមករា រហូតដល់ខែមីនានេះ បន្ទប់ស្នាក់នៅរបស់លោកត្រូវចោរគាស់ ៣ដងរួចមកហើយ ពោលគឺមួយខែម្ដង។
នៅខែមករា (លោកមិនចាំថ្ងៃប្រាកដ) ចោរបានគាស់បន្ទប់លោកម្ដង ប៉ុន្តែ លោកមិនមានវត្ថុមានតម្លៃអ្វីឲ្យពួកវាយកទេ។ នៅថ្ងៃទី២៣ ខែកុម្ភៈ បន្ទប់លោកត្រូវចោរគាស់ជាលើកទីពីរ ដោយបានលួចយកបន្តោងខ្សែករូបព្រះស្រោបផ្លាទីន ប៉ុន្តែមិនជាថ្លៃប៉ុន្មានទេ។ លើកទីបី នៅថ្ងៃទី១៨ ខែមីនា ចោរគាស់បន្ទប់ស្នាក់នៅរបស់លោកម្ដងទៀត ដោយម្ដងនេះលោកបានបាត់បង់កុំព្យូទ័រយួរដៃមួយគ្រឿង និងលុយ ២០០រយដុល្លារ។
លោកសាស្ត្រាចារ្យ ស៊ិន គង់ ឲ្យដឹងថា លោកហាក់មានអារម្មណ៍ថា ការរស់នៅរបស់លោកគ្មានសុវត្ថិភាពសោះ និងសូមឲ្យអាជ្ញាធរក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ពង្រឹងការការពារសន្តិសុខជូនប្រជាជនផង។ លោកថា ក្រៅពីរូបលោក មិនដឹងថាមានប្រជាជនផ្សេងទៀតណាខ្លះទេ ដែលជួបភាពបញ្ហាចោរគាស់ផ្ទះបែបនេះ។
រឿងចោរគាស់បន្ទប់លោកសាស្ត្រាចារ្យ ស៊ិន គង់ មិនមែនជារឿងអ្វីប្លែកទេ។ ជារឿយៗ នៅក្នុងរាជធានីភ្នំពេញ ជាពិសេស នៅតំបន់ជាយៗក្រុង តែងជួបបញ្ហាចោរកម្ម ឬបញ្ហាអសន្តិសុខបែបនេះ។ ហើយនៅសល់ពេលមិនប៉ុន្មានថ្ងៃទៀតទេ នឹងដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលប្រជាជនជាច្រើននឹងត្រូវនាំគ្នាធ្វើដំណើរទៅលេងស្រុកកំណើត ដោយទុកផ្ទះសម្បែងចោលគ្មានអ្នកមើលពីរបីថ្ងៃ ឬអ្នកខ្លះយូរជាងនេះ។ ដូច្នេះ វាជាឱកាសដែលជនខិលខូចឆ្លៀតឱកាសគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាជន។
ករណីបែបនេះអាចថា មិនមានចំនួនច្រើនលើសលប់ទេ ប៉ុន្តែ ទោះយ៉ាងណា ដើម្បីពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងជៀសវាងមានការរិះគន់ពីប្រជាជន អាជ្ញាធរមូលដ្ឋានគួរតែចាត់វិធានការតឹងរ៉ឹងបន្ថែម ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ ទាំងផ្លូវកាយ ទាំងទ្រព្យសម្បត្តិ៕