សិទ្ធិ និង​ច្បាប់

អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​សេចក្តី​ព្រាងច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ


អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ និង​សហគមន៍​ចំនួន ៦៥ នៅថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ ដោយ​អះអាង​ថា មាន​លក្ខណៈ​គាប​សង្កត់។
ដោយ

ក្រុម​អង្គការ​បាន​និយាយ​ថា សេចក្តីព្រាង​ច្បាប់​នេះ​មាន​បទប្បញ្ញត្តិ​ជាច្រើន ដែល​មាន​វិសាលភាព​ទូលំ​ទូលាយ​ក្នុង​ការកំណត់​បទ​ល្មើស​ចំពោះ​សកម្មភាព​ស្រប​ច្បាប់​ប្រចាំថ្ងៃ​ជា​ច្រើន ហើយ​ដែល​នឹង​រំលោភ​លើ​សិទ្ធិ​សេរីភាព​ខាង​ការបញ្ចេញមតិ ខាង​សមាគម ខាង​ការជួបប្រជុំ​និង​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត។

ក្រុម​អង្គការ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដូច្នេះ​ថា៖ «ប្រសិន​បើ​សេចក្តីព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ច្បាប់​នេះ នឹង​ក្លាយ​ជា​ច្បាប់​ដែល​មាន​លក្ខណៈ​គាប​សង្កត់​មួយ​ផ្សេង​ទៀត​នៅក្នុង​ក្របខ័ណ្ឌ​ច្បាប់​ដែល​ប៉ះពាល់​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។»

សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា៖ «យើង​ខ្ញុំ​សូម​គូស​បញ្ជាក់​នូវ​ក្តី​បារម្ភ​ចម្បងៗ​ដូច​ខាងក្រោម។ ទោះជាយ៉ាង​នេះ​ក្តី ការទម្លាក់​ចោល​ទាំង​ស្រុង​នូវ​សេចក្តីព្រាង​ច្បាប់​ដែល​ពុំ​ចាំបាច់​នេះ គឺ​ជាការ​ប្រសើរ។»

ការបារម្ភ​ទាំងនោះ រួមមាន មាត្រា​ដែល​ហាមឃាត់​ការតាំង ឬ​ការលក់​ដូរ​ទំនិញ​បំពាន​លើ​ទី​សាធារណៈ​គ្មាន​សណ្តាប់​ធ្នាប់ និង​ការសុំទាន​តាម​គ្រប់​រូបភាព។

ការបារម្ភ​ផ្សេងទៀត​គឺ​មាត្រា​ដែល​ហាមឃាត់​ការប្រើពាក្យ​សម្តី​ឮ​ខ្លាំងៗ និង​កំណត់​រាល់​សំឡេង​បង្ក​ឱ្យ​ឮ​ខ្លាំង​រំខាន​ដល់​អ្នក​ដទៃ​ត្រូវ​បញ្ឈប់​ចាប់ពី​ម៉ោង១២ ថ្ងៃត្រង់ ដល់ម៉ោង១៤ រសៀល និងចាប់ពី ម៉ោង២២ យប់ ដល់ម៉ោង ៥ព្រឹក លើកលែងតែ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ក្រុមអង្គការ​បាន​អះអាង​បន្ត​ថា មាត្រា​ផ្សេង​ទៀត​ដែល​ហាមឃាត់​បុរសស្លៀក​តែ​ខោ​អត់​ពាក់​អាវ ឬ​ស្លៀកតែ​ខោ​ទ្រនាប់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ្តិ៍​​ភេទ និង​ហាម​ឃាត់​ស្ត្រី​ពីការស្លៀកពាក់​ខ្លី​ខើច​លើខើចក្រោម ឬ ស្លៀក​ពាក់​ស្តើង​មើល​ឃើញ​កេរ្ដិ៍​ភេទ​នោះ គឺ «ជា​ការបំពាន​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ប៉ះពាល់​ដល់​ស្វ័យភាព​របស់​បុគ្គល​និង​ពុំ​បាន​ពន្យល់​ច្បាស់លាស់​អំពី​និយមន័យ​នៃ​សេចក្តី​ថ្លៃថ្នូរ ដូច្នេះ ជាការទុក​ចន្លោះ​ប្រហោង​ឱ្យ​មាន​ការអនុវត្ត​ពុំ​ស្មើភាព​គ្នា។»

ពួកគេ​បាន​បន្តថា៖ «ស្ត្រី​នៅ​កម្ពុជា​ប្រឈម​នឹង​ការគំរាមកំហែង​និង​ការដាក់​ពន្ធនាគារ​ដោយសារ​ជម្រើស​ក្នុង​ការស្លៀកពាក់​របស់​ខ្លួន ដោយ​មាន​ស្ត្រី​ម្នាក់​ធ្លាប់​ត្រូវ​បាន​ផ្តន្ទាទោស​ទាក់ទងនឹង​ការស្លៀកពាក់​របស់​នាង​​រួច​ហើយ​ក្នុង​ឆ្នាំ២០២០។»

បុគ្គល​ល្មើស​នឹង​សេចក្តីព្រាង​ច្បាប់​នេះ​អាច​ប្រឈមនឹង​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​១ថ្ងៃ ដល់ ៦ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​ចន្លោះ ១០០.០០០ រៀល ដល់ ៥០០.០០០ រៀល។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែ​សីហា ឆ្នាំ​២០២០នេះ ថា​ សេចក្តីព្រាង​ច្បាប់​ដែល​ព្រាង​ដោយ​ក្រសួង​មហាផ្ទៃ​នេះ​មិនទាន់​បាន​ឆ្លងកាត់​ដំណាក់កាល​អន្តរក្រសួង​នៅ​ឡើយ​ទេ ហើយ​ប្រហែល​ជា​ត្រូវឆ្លង​ដៃគូ​នានា​ រួមមាន អង្គការ​សង្គម​ស៊ីវិល​ផងដែរ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បាន​ថ្លែង​ការពារ​មាត្រា​នានា​ដែល​និយាយ​អំពី​វប្បធម៌​ប្រពៃណី ដោយ​បាន​លើកឡើង​ថា សូម្បី​តែ​នៅ​អាមេរិក​ក៏​មាន​ច្បាប់​ស្រដៀង​គ្នា​នេះដែរ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បាន​និយាយ​ដូច្នេះ​ថា៖ «អ្វី​ដែល​វា​មិនប៉ះពាល់​ដល់​ការបំផ្លាញ​កិត្យានុភាពជាតិ សេចក្តី​ថ្លៃថ្នូរ​របស់​ស្រ្តី​របស់​ប្រពៃណី​ទំនៀម​ទម្លាប់ យើង​អត់​ដែល​ថា​អី​ផង​ប្អូន អាហ្នឹង​យើង​បើក​សេរីភាព​ឲ្យ​គាត់​ពេញ​លេញ។»  

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បាន​បន្ត​ថា៖ «នៅ​អាមេរិក​ក៏​គេមាន​ដូចគ្នា​ដែរប្អូន គេ​តឹង​ជាង​យើង​ទៀត យើង​ដូចជា​នៅ​បត់ជើង​តូច​តាម​របង​បាន គេតែ​ហ៊ាន​អ៊ីចឹង​ទៀត​ទីមួយ ខូច​បរិស្ថាន​ផង ទីពីរ​អាហ្នឹង​ជា​ការបង្ហាញ​កេរ្តិ៍​ដែល​មិនល្អ ណា​ប្អូន»៕




អត្ថបទបន្ទាប់


ចិន បន្ថែមវិធានការរក្សាស្ថិរភាពពាណិជ្ជកម្ម និងការវិនិយោគបរទេស ដើម្បីទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ច

ប្រទេសចិនបានដាច់ចេញនូវវិធានការបន្ថែមទៀត ដើម្បីការពារអង្គភាពពាណិជ្ជកម្មបរទេស និងរក្សាស្ថិរភាពខ្សែចង្វាក់ផ្គត់ផ្គង់ ទប់ទនឹងនឹងការធ្លាក់ចុះន…

ជាង ៧ខែមកនេះ កូវីដ-១៩ បានប៉ះពាល់ដល់អាជីវកម្មទេសចរជាង៣ពាន់កន្លែង និងបុគ្គលិកបម្រើការជាង៥ម៉ឺននាក់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអះអាងនៅក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី ១៣ ខែកក្កដានេះថា គិតត្រឹមថ្ងៃទី ១០ ខែកក្កដានេះ បញ្ហាមេរោគឆ្លងកូវីដ-…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ