លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា មន្ទីរទេសចរណ៍ខេត្តកំពត បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីគ្រប់គ្រង និងពង្រឹងសេវាទេសចរណ៍ ព្រមទាំងការងារបដិសណ្ឋារកិច្ច ដើម្បីត្រៀមស្វាគមន៍អ្នកទេសចរទៅលេងកម្សាន្តនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ បើតាមប្រធានមន្ទីររូបនេះ នៅក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ អាជ្ញាធរបានរៀបចំសោភណភាពតាមដងផ្លូវ និងរៀបចំទីកន្លែងកម្សាន្តនៅតំបន់សំខាន់ៗមួយចំនួន ក្នុងនោះក៏មានដុតកាំជ្រួចក្នុងពេលរាត្រីផងដែរ។ ជាមួយគ្នានេះ មន្ទីរបានចុះអប់រំណែនាំដល់អាជីវករ និងប្រតិបត្តិករទេសចរឱ្យរក្សាសេវានានាប្រកបដោយគុណភាព និងមានតម្លៃសមរម្យ។ តាមរយៈការរៀបចំនេះធ្វើឱ្យលោកជឿជាក់ថា នៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ ខេត្តកំពតនឹងទទួលបានអ្នកទេសចរទៅកម្សាន្តច្រើន ខណៈមកទល់ពេលនេះមានភ្ញៀវទេសចរបានកក់បន្ទប់ស្នាក់នៅជាបណ្ដើរៗហើយ។
ជាមួយគ្នានេះលោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងថា អាជ្ញាធរខេត្តកែប បានត្រៀមខ្លួនរួចរាល់ហើយក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលនៅឆ្នាំនេះ។ ក្នុងនោះរដ្ឋបាលខេត្តកែបនឹងរៀបចំកម្មវិធីបង្ហើរក្លែងនៅទីលានផ្សារក្ដាម ការប្រគំតន្រ្តី និងមានការសម្ដែងល្ខោនបាសាក់ ព្រមទាំងការអុចកាំជ្រួចជាដើម។ ប្រធានមន្ទីររូបនេះអះអាងថា នៅរាល់ពេលមានកម្មវិធីធំម្តងៗ អាជ្ញាធរតែងចុះអប់រំផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យគិតគូលើសុវត្ថិភាពចំណីអាហារ និងរក្សាតម្លៃសមរម្យជាដើម។
បើតាមប្រធានមន្ទីរទេសចរណ៍រូបនេះ មកទល់ពេលនេះការកក់បន្ទប់ស្នាក់នៅចាប់ផ្ដើមមានជាបណ្ដើរៗហើយ និងរំពឹងថា ខេត្តជាប់មាត់សមុទ្រមួយនេះនឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តបានច្រើននៅឆ្នាំនេះ បន្ទាប់ពីមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឆ្នេរផ្សេងៗ។
ដោយឡែកលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា មកទល់ពេលនេះអាជ្ញាធរបានរៀបចំកិច្ចការសន្តិសុខ ដើម្បីត្រៀមការពារសុវត្ថិភាពជូនដល់ភ្ញៀវទេសចរ។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍រួមជាមួយអាជ្ញាធរខេត្តបានចុះផ្សព្វផ្សាយពីសុវត្ថិភាពចំណីអាហារ ពង្រឹងការផ្ដល់សេវាកម្មរបស់អាជីវកម្មនានា និងរៀបចំតុបតែងសោភណភាពនៅតាមតំបន់សំខាន់ៗ ខណៈពិធីបុណ្យឆ្លងឆ្នាំសកលនៅឆ្នាំនេះ ក៏មានការរៀបចំកម្មវិធីប្រគំតន្រ្តី និងការរៀបចំកន្លែងកម្សាន្តជាច្រើនកន្លែងទៀតផងដែរ។ បើតាមប្រធានមន្ទីរទេសចរណ៍រូបនេះ មកទល់ពេលនេះភ្ញៀវទេសចរចាប់ផ្ដើមកក់បន្ទប់ស្នាក់នៅជាបណ្ដើរៗហើយ ខណៈតំបន់កោះជាកន្លែងដែលមានអ្នកកក់បន្ទប់ស្នាក់នៅច្រើនជាងគេ។
ជាមួយគ្នានេះ លោក តាំង សុចិត្រគ្រឹះស្នា ជឿជាក់ថា ចំនួនអ្នកទេសចរទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ នឹងអាចមានចំនួនប្រហាក់ប្រហែលឆ្នាំមុន ឬអាចលើសឆ្នាំមុន ដោយសារមានការរៀបចំសុវត្ថិភាពនិងព្រឹត្តិការណ៍នានា ខណៈហេដ្ឋារចនាសម្ព័ន្ធនានាក៏ល្អប្រសើរជាងមុន៕
អត្ថបទ៖ បូ ដូឡា