ថ្លៃដើមគិតចាប់ពីកំប៉ុងអាលុយមីញ៉ូមរហូតដល់កម្លាំងពលកម្ម និងការដឹកជញ្ជូនបានកើនឡើងខ្ពស់កាលពីឆ្នាំមុន ដោយសារតែការរំខាននៃខ្សែចង្វាក់ផ្គត់ផ្គង់សកលដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ ហើយឆ្នាំនេះ បញ្ហាអតិផរណានេះ ក៏នៅតែគំរាមកំហែងដល់ឧស្សាហកម្មផលិតផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុន កូកាកូឡា និង PepsiCo កំពុងបារម្ភថាប្រាក់ចំណេញរបស់ខ្លួននៅឆ្នាំ២០២២នេះ អាចនឹងមានការថយចុះ ដោយសារតែការកើនឡើងនៃអតផិរណា ទៅលើតម្លៃទំនិញ និងកម្លាំងពលកម្មនៅទូទាំងពិភពលោក។ ក្រុមអ្នកវិភាគសេដ្ឋកិច្ច បានមើលឃើញថា បគ្ហាការចំណាយថ្លៃដើមផលិតនៅតែកើនឡើង និងការថយចុះនៃការផ្គត់ផ្គង់ គឺមានសញ្ញាតិចតួចប៉ុណ្ណោះ ដែលអាចត្រូវធូរស្រាលមកវិញនៅពេលខាងមុខនេះ។ ក្រុមអ្នកវិភាគបានព្រមានទៀតថា ការដំឡើងតម្លៃទំនងលក់ចេញទៅវិញ ក៏ទំនងជាមិនគ្រប់គ្រាន់ ដើម្បីទប់ទល់ការថមថយចុះនៃប្រាក់ចំណេញរបស់ឧស្សាហកម្មនោះដែរ។
នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន PesiCo លោក Hugh Jonhston បានលើកឡើងថា ក្រុមហ៊ុនអាចនឹងមានដំឡើងតម្លៃលើការលក់ផលិតផលរបស់ខ្លួននៅពេលខាងមុខ នៅក្នុងឆ្នាំនេះ ប្រសិនបើការចំណាយលើការផលិតកើនឡើងលើសពីអ្វីដែលខ្លួនបានរំពឹងទុក។
នាយកប្រតិបត្តិក្រុមហ៊ុនកូកាកូឡាវិញ គឺលោក James Quincey បាននិយាយថា នៅឆ្នាំនេះ គឺមិនសូវអំណោយផលទេសម្រាប់ទីផ្សារក៏ដូចជាការលក់របស់កូកាកូឡា ប៉ុន្ដែក្រុមហ៊ុននេះ កំពុងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អបំផុតតាមលទ្ធភាពដែលអាចធ្វើបាន។
ប្រាក់ចំណូលសុទ្ធប្រចាំត្រីមាសទី ៤ ឆ្នាំមុនរបស់ក្រុមហ៊ុន PepsiCo បានកើនឡើងជាង ១២% ដល់ជាង ២៥ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលរបស់ Coca-Cola បានកើនឡើង ១០% ដល់ជាង ៩ពាន់លានដុល្លារ។
បើទោះបីជា មានការបារម្ភអំពីសម្ពាធលើប្រាក់ចំណេញនៅឆ្នាំ២០២២ក្ដី ប៉ុន្ដែ ក្រុមហ៊ុនផលិតភេសជ្ជៈលំដាប់ពិភពលោកទាំងពីរនេះ នៅតែមានក្ដីរំពឹងថា តម្លៃភាគហ៊ុនរបស់ខ្លួននឹងបន្ដកើនឡើងថែមទៀតនៅឆ្នាំ២០២២។ តួយ៉ាង កូកាកូឡារំពឹងថា តម្លៃភាគហ៊ុនខ្លួននឹងបន្ដកើនឡើង៥% ទៅ៦% បន្ថែមទៀតនៅក្នុងមួយភាគហ៊ុន ធៀបនឹងឆ្នាំ២០២១៕
អត្ថបទ ស៊ើង និមល់