គោលនយោបាយនេះមិនត្រឹមតែផ្ដោតទៅលើការងាររបស់កម្មករនិយោជិតនៅតាមបណ្តារោងចក្រសហគ្រាសប៉ុណ្ណោះទេ តែក៏បានគិតគូរដល់ស្ថានភាព ជីវភាពនៃក្រុមគ្រួសារ កម្មករនិយោជិត ជាពិសេសនិយោជិតអាចយកកូនទៅផ្ញើនៅទារកដ្ឋាន ឬមត្តេយ្យសិក្សា នៅក្បែរកន្លែងធ្វើការងាររបស់ខ្លួនទៀតផង។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកជំនាញក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងអ្នកវិភាគយល់ឃើញថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតំបន់រោងចក្រនេះអាចផ្ដល់ទាំងផលវិជ្ជមាន និងអវិជ្ជមាន។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ យល់ឃើញថា គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំឲ្យមានទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់កូនៗរបស់កម្មករ និយោជិតនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ។ ប៉ុន្តែរដ្ឋគួរតែសិក្សាលម្អិតជាមុនអំពីលទ្ធភាពដែលកម្មករកាត់ដេរអាចយកកូនរបស់គេមកដាក់នៅទារកដ្ឋាន ឬមតេ្តយ្យសហគមន៍ ឬមួយក៏រដ្ឋគួរតែបង្កើតឲ្យមានអគារសម្រាប់កម្មករស្នាក់នៅជាមុន ឬសាងសង់ទារកដ្ឋានមុនជាដើម។ ទន្ទឹមនឹងនេះ លោក ស្នើឲ្យរាជរដ្ឋាភិបាលបង្កើនការយកចិត្តទុកបន្ថែមលើសេវាថែទាំសុខភាព និងអត្ថប្រយោជន៍បន្ថែមសម្រាប់កម្មករនិយោជិត បើទោះបី កន្លងមករោងចក្រសហគ្រាសមួយចំនួនបានអនុវត្តខ្លះៗក៏ពិតមែន។ លើសពីនេះ លោក ហ្វា សាលី ក៏បានស្នើឲ្យរាជរដ្ឋាភិបាលមានការគិតគូបន្ថែមទៀតលើការបង្កើនកម្រិតប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅឆ្នាំ២០២៥ ដ្បិតលោកយល់ថា បច្ចុប្បន្នកម្រិតប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរចំនួន២០៤ដុល្លារ ក្នុងឆ្នាំ២០២៤ ហាក់នៅមានកម្រិតនៅឡើយ ស្របពេលតម្លៃទំនិញនៅលើទីផ្សារស្ថិតក្នុងកម្រិតខ្ពស់។
ស្រដៀងគ្នានេះដែរលោក អាត់ ធន់ ប្រធានសហជីពកម្មករកាត់ដេរ យល់ឃើញថា គោលនយោបាយបង្កើតទារកដ្ឋាននៅតំបន់រោងចក្រសហគ្រាស ពិតជាសំខាន់សម្រាប់កម្មករនិយោជិត ថែមទាំងស្របទៅតាមលក្ខខណ្ឌច្បាប់ការងារផងដែរ។ សម្រាប់លោក អាត់ ធន់ ទាំងការបង្កើតទារកដ្ឋាន និងការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិត សុទ្ធតែផ្ដល់សារសំខាន់សម្រាប់អ្នកប្រកបរបរនេះ ក៏ប៉ុន្តែលោកយល់ឃើញថា ដើម្បីបងប្អូននិយោជិតអាចទទួលបានអត្ថប្រយោជន៍ចំគោលដៅពីគោលនយោបាយនេះ រាជរដ្ឋាភិបាលគួរសិក្សាឲ្យបានលម្អិតមុននឹងបង្កើតនូវទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍នៅតាមតំបន់រោងច្រសហគ្រាស ចៀសវាងជួបបញ្ហាប្រឈមមួយចំនួនពីគោលនយោបាយនេះ។
ដោយឡែក លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតំបន់រោងចក្រ គឺជាការរួមចំណែកជួយសម្រួលបន្ទុកមួយកម្រិតរបស់កម្មករនិយោជិត ក៏ដូចជាបង្កភាពងាយស្រួលដល់កម្មការិនីកាត់ដេរ ដែលគ្មានលទ្ធភាពក្នុងការជួលអ្នកមើលថែទាំកូនរបស់ពួកគេ។ ប៉ុន្តែបើទោះជាបែបនេះក្ដី លោកបណ្ឌិតយល់ឃើញថា រាជរដ្ឋាភិបាលគួរតែសិក្សាឲ្យបានលម្អិតជាមុន ដើម្បីអាចឲ្យកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍យ៉ាងពិតប្រាកដពីគោលនយោបាយនេះ។ បើតាមអ្នកជំនាញរូបនេះ ទោះបីកម្មករ-កម្មការិនីរោងចក្រកាត់ដេរទទួលបានការលើកទឹក និងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់២០៤ដុល្លារនៅក្នុងឆ្នាំ២០២៤ នេះក្ដី ប៉ុន្តែការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក ដែលបណ្ដាលឲ្យមានការកើនឡើងអតិផរណា អាចធ្វើឱ្យកម្មករជួបបញ្ហាការចំណាយ។ យ៉ាងណាក៏ដោយ សម្រាប់លោកបណ្ឌិត គិន ភា ទាំងការបង្កើតទារកដ្ឋាន និងការដំឡើងប្រាក់ឈ្នួលអប្បបរមាសុទ្ធតែសំខាន់សម្រាប់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មកាត់ដេរ ប៉ុន្តែក៏ត្រូវគិតគូផងដែរថាការដំឡើងប្រាក់ឈ្នួលអប្បបរកម្រិតណាទើបមិនផលប៉ះពាល់ដល់វិនិយោគិន។
គួរបញ្ជាក់ថា កន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករ និយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតាមតំបន់ដែលមានរោងចក្រក្នុងគោលបំណងជួយសម្រួលដល់កម្មករ-កម្មការិនី ដែលមកធ្វើការជួបការលំបាកក្នុងការថែទាំកូន ក៏ដូចជាគិតគូរពីអត្ថប្រយោជន៍ការងារក្នុងរយៈពេលវែង និងថែមទាំងសម្រួលបន្ទុកអាណាព្យាបាលក្នុងការមើលថែកូនៗបានមួយកម្រិត។ ការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្បែរតំបន់រោងចក្រគឺជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពទាំង៤ចំណុច នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលត្រូវអនុវត្តក្នុងរយៈពេល២ឆ្នាំ៕