ខេមបូណូមីស បានសម្ភាសន៍ជាមួយនឹងអ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញជាច្រើន ដោយពួកគាត់បានបង្ហាញពីក្ដីបារម្ភ ចំពោះដំណើរការវិវត្តចុងក្រោយនៃព្រឹត្តិការណ៍ឆ្លងចូលសហគមន៍នេះ ថាវាពិតជាធ្វើឲ្យមានកត្តាប្រឈមសម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយកត្តាប្រឈមនោះអាចបង្កផលប៉ះពាល់តិច ឬក៏ច្រើន អាស្រ័យលើថា តើព្រឹត្តិការណ៍ឆ្លងសហគមន៍នេះ នឹងបន្ដរាលដាលខ្លាំងបន្ដទៀត ឬក៏ត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម ហុង សុខហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រាប់ក្រុមការងារខេមបូណូមីសថា ការផ្ទុះឡើងនៃព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ ពិតជាបានជះឥទ្ធិពលមិនល្អខ្លះសម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយវាក៏បានជះឥទ្ធិពលតិចតួចមកលើកិច្ចដំណើរការនៃផ្សារមូលបត្រកម្ពុជាផងដែរ ហើយបើសិនជាវិបត្តិនេះនៅតែបន្តអូសបន្លាយទៀតនោះ ផែនការរចូលផ្សារហ៊ុនរបស់ក្រុមហ៊ុនមួយចំនួន ក៏នឹងត្រូវមានបញ្ហាដូចគ្នាដែរ។
ទោះជាយ៉ាងក្តី ឯកឧត្តម ហុង សុខហួរ អះអាងថា ទំហំនៃការជួញដូរ ដូចជាមិនមានការប៉ះពាល់ខ្លាំងទេ ព្រោះ ពេលថ្លៃមានធ្លាក់ចុះ ការមានវិនិយោគិនខ្លះ គាត់បន្តទិញចូល ដោយសារតម្លៃភាគហ៊ុនធូរថ្លៃ។
ជាមួយគ្នាដែរ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគៅលនយោបាយ និងជាអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា លោកមានក្ដីបារម្ភ ចំពោះ ការអូសបន្លាយនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ប៉ុន្តែចំពោះផលវិបាកកម្រិតណា គឺលោកមិនទាន់អាចដឹងបានទេ ទាល់តែគេអាចសន្មតបានថា មានការបិទ អាជីវកម្មដល់ពេលណាសិន ទើបអាចសន្និដ្ឋានបានថាផលប៉ះពាល់មានកម្រិតណានោះ។
ទោះយ៉ាងណា បើតាមការយល់ឃើញរបស់អ្នកជំនាញ សេដ្ឋកិច្ចរូបនេះ កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២១នេះ ទំនងជាអាចនឹងទាបជាងការព្យាករថា នឹងមាន៤% ដោយសារតែការផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
ជុំវិញទៅនឹងការវិវត្តចុងក្រោយនៃការឆ្លងសហគមន៍នេះដែរ ឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនម៉េលី ជេគួច អេឌ្យូសិន ដែលជាអ្នកជំនួញលេចធ្លោមួយរូបនៅក្នុងវិស័យអប់រំ បានឲ្យដឹងដែរថា តាមការសង្កេតរបស់លោក នៅអំឡុងពេលនេះ គឺវិស័យឯកជនមានការប៉ះពាល់ខ្លាំង រួមទាំង វិស័យទេសចរណ៍ និងវិស័យអប់រំ ពិសេសគឺអាជីវកម្មខ្នាតតូច។ ទោះយ៉ាងណា លោកថាក្រុមហ៊ុនធំៗក៏រងផលប៉ះពាល់ដែរ ប៉ុន្ដែ ពួកគេមានប្រភពទុនរឹងមាំ និងមានយុទ្ធសាស្ត្រគ្រប់គ្រងដើម្បីទប់ទល់នឹងវិបត្តិនេះ ប៉ុន្ដែ សម្រាប់ អាជីវកម្មខ្នាតតូច ពិសេសសាលាឯកជន អាចនឹងត្រូវប្រឈមនឹងការបិទទ្វារកាន់តែច្រើនទៀត បើសិនជាបញ្ហាឆ្លងរីករាលដាលនេះ នៅតែអូសបន្លាយយូរ។
អ្នកជំនាញនៅផ្នែកវិស័យដឹកជញ្ជូនឯណេះវិញ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមដឹកជញ្ជូន និងភ័ស្តុភារកម្មកម្ពុជា បានបង្ហាញពីការព្រួយបារម្ភខ្លាំងដែរចំពោះវិស័យដឹកជញ្ជូន ដោយសារតែការបន្តអូសបន្លាយ នៃការរីករាលព្រឹត្តិការណ៍សហគមន៍នេះ នៅចំពេលដែលការដឹកជញ្ជូនតាមកប៉ាល់កំពុងតែមានបញ្ហាឡើងថ្លៃខ្ពស់ស្រាប់ទៅហើយនោះ។
ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញកសិកម្មឈានមុខមួយរូបផងដែរនោះ បាននិយាយថា ចំពោះវិស័យកសិកម្មនាពេលនេះ គឺនៅមានដំណើរការល្អប្រសើរ បើទោះបីជាការនាំចេញអង្ករនៅពីខែមកនេះ មានការថយចុះបន្តិចក្ដី តែនៅខែ៣នេះចាប់ផ្ដើមមានការកើនឡើងវិញហើយ។ ទោះយ៉ាងណា លោកទទួលស្គាល់ថា បញ្ហាព្រឹត្តិការណ៍ឆ្លងសហគមន៍លើកនេះ គឺពិតជាមានធ្ងន់ធ្ងរជាង២លើកមុនៗ ហើយវាបានប៉ះពាល់ទាំងអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ។
ជុំវិញបញ្ហានេះដែរ ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានប្រាប់ក្រុមការងារខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា នៅក្នុងដំណាក់កាល គឺជាស្ថានភាពដ៏លំបាកមួយ ដែលធ្វើឲ្យកំលាំងសេដ្ឋកិច្ចរបស់កាន់តែថមថយទៅៗ។ តែយ៉ាងណាមិញឯកឧត្តមបណ្ឌិត បានផ្តល់យោបល់ថា យន្តការបន្ទាន់នាពេលនេះ គឺគ្មានអ្វីក្រៅពីជួយប្រជាពលរដ្ឋ ដែលកំពុងរងវិបត្តិធ្ងន់ធ្ងរដោយសារជំងឺនេះនោះទេ។
សូមបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានចេញនូវវិធានការចំនួន៧ជុំរួចមកហើយក្នុងការជួយពលរដ្ឋក្រីក្រងាយរងគ្រោះ កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ក៏ដូចជាការបន្ធូរបន្ថយពន្ធមួយចំនួនសម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ដោយសារតែកូវីដ-១៩។
ថ្មីៗនេះដែរ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបញ្ជាក់ដែរ កញ្ចប់ថវិកាជាង១ពាន់លានដុល្លារ ដែលបានដាក់ចេញសម្រាប់ដោះស្រាយបញ្ហាកូវីដតាំងពីឆ្នាំ២០២០នោះ មកទល់ពេលនេះ ប្រើប្រាស់ជិតអស់ហើយ ហើយរដ្ឋក៏បានត្រៀមថវិកាបន្ថែម៨០០លានដុល្លារទៀតនៅឆ្នាំ២០២១នេះ ដើម្បីបន្ដដោះស្រាយកូវីដ-១៩ ដែលកំពុងបន្ដរាតត្បាតខ្លាំងនេះ៕