ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់បានដឹងនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០ថា បើទោះបីជាមាន ការផ្ទុះឡើងនូវករណីឆ្លងក្នុងសហគមន៍នាពេលនេះក៏ដោយ ក៏ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ វិស័យមូលបត្រកម្ពុជានោះទេ ព្រោះថា វាស្ថានការណ៍កូវីដ-១៩នេះ វាកើតឡើងរួចទៅហើយ តាំងពីដើមឆ្នាំ ២០២០មកម្ល៉េះ ដែលរាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងបាន ហើយវានឹងវិលមករកស្ថានភាពធូរស្បើយឡើងវិញនាពេលខាងមុខ។
ជាក់ស្តែងនៅក្នុងថ្ងៃទី ០៣ ខែធ្នូ នេះ ក៏មានករណីឆ្លងមេរោគកូវីដ-១៩ លើបុគ្គលិកធនាគារចំនួន២នាក់នៅក្នុងទីក្រុងភ្នំពេញ ដែលឈានដល់ការផ្អាកដំណើរការការិយាល័យសាខាធនាគារចំនួន១ និងអគារពាណិជ្ជកម្មចំនួន១ ជាបណ្តោះអាសន្ន ហើយចំពោះករណីនេះ ឯកឧត្តម ហុង សុហួរ យល់ឃើញថា វាជាការប៉ះពាល់រយៈពេលខ្លី ដោយសារតែការផ្អាកដំណើរការសាខាធនាគារ ហើយវាអាចជះឥទ្ធិពលធ្ងន់ធ្ងរដល់ វិស័យមូលបត្រកម្ពុជា លុះត្រាតែមានបញ្ហាធំរហូតឈានដល់ ការផ្អាកដំណើរការប្រព័ន្ធធនាគារនៅកម្ពុជាតែម្ដង។
ទាក់ទងនឹងករណីនេះដែរ អ្នកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៃ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក៏បានបញ្ជាក់ឲ្យដឹងដែរថា ធនាគារកាណាឌីយ៉ា ក៏ជាភ្នាក់ងារទូទាត់មួយ នៅក្នុងវិស័យមូលបត្រកម្ពុជា តែការផ្អាកដំណើរការសាខាធនាគារនេះ គឺពុំមានផលប៉ះពាល់ដល់ ប្រតិបត្តិការទូទាត់នោះទេ ដោយសារតែប្រតិបត្តិការទូទាត់ អាចធ្វើតាមប្រព័ន្ធអនឡាញ ហើយការងារជាច្រើនក៏អាចបំពេញទៅតាមប្រព័ន្ធអនឡាញដូចគ្នាដែរ។
ដោយឡែក អ្នកស្រីបន្តថា ក្រោយកើតមានព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា សកម្មភាពជួញដូរ នៅលើផ្សារមូលបត្រកម្ពុជា គឺនៅតែដំណើរការជាធម្មតា និងមានការជួញដូររង្វង់ ១០០លាន ទៅ ២០០លានរៀលក្នុងមួយថ្ងៃ ដោយសារតែ វិនិយោគិន អាចបន្តធ្វើប្រតិបត្តិការជួញដូរ តាមប្រព័ន្ធអនឡាញ ដោយពុំចាំបាច់ធ្វើការជួបជុំគ្នាដោយផ្ទាល់នោះទេ។
យ៉ាងណាក៏ដោយចុះ អ្នកស្រី គឹម សុផានីតា ពន្យល់បន្ថែមអំពី ឱកាសនៃការវិនិយោគនៅក្នុងវិស័យមូលបត្រកម្ពុជាថា ទោះបីជាមានភាពអំណោយទានផ្អែកសេដ្ឋកិច្ច ឬបញ្ហាប្រឈមណាមួយ នៅក្នុងសេដ្ឋកិច្ចជាតិ ការជួញដូរក្នុងវិស័យមូលបត្រ គឺនៅតែមានឱកាសក្នុងការផ្តល់ផលចំណេញដល់ វិនិយោគិន ដែលចេះចាប់យកឱកាសនេះ ហើយប្រតិបត្តិការទាំងអស់សុទ្ធតែអាចធ្វើតាមប្រព័ន្ធអនឡាញ ដោយគ្មានការបារម្ភពី ហានិភ័យនៃការឆ្លងមេរោគកូវីដ១៩ នោះឡើយ។
អ្នកជំនាញនៅក្នុងវិស័យមូលបត្រ ក៏បានអំពាវនាវដល់ វិនិយោគិន ក៏ដូចជា សាធារណជនទាំងអស់ កុំឲ្យមានការភ័យព្រួយបារម្ភខ្លាំងពេកចំពោះ វិបត្តិមេរោគកូវីដ-១៩នេះ ដោយត្រូវចូលរួមថែរក្សាអនាម័យ រក្សាគម្លាតសង្គម និងចូលរួមអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងតែខិតខំបន្តការពារ និងទប់ស្កាត់ការឆ្លងនៃមេរោគកូវីដ-១៩ នៅកម្ពុជា៕