គួររំឭកថា រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពីថ្ងៃទី២៨ ខែសីហា បានចេញសេចក្តីប្រកាសហាមជនបរទេស មិនឲ្យរកស៊ីមុខរបរកំប៉ិកកំប៉ុក ដូចជា អ្នកបើកទោចក្រយានយន្ត, ត្រីចក្រយានយន្ត, ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក, បើកម៉ូតូកង់បួន, បើករថយន្តដឹកអ្នកដំណើរ និងដឹកទំនិញ។
មុខរបរផ្សេងទៀតដែលត្រូវបានហាម មានដូចជា អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទនៅទីសារធារណៈ, អ្នកម៉ាស្សា ចាប់សរសៃ, អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស, អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង, អ្នកកាត់ដេរ, អ្នកប៉ះកង់, ជាងជួសជុលយានយន្ត, អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ, អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប, ជាងទង, ជាងច្នៃត្បូងពេជ្រ។
ទស្សនាវីដេអូ ៖ កំណើនជនជាតិចិន ជំរុញឲ្យមានហាងចិនព្រោងព្រាតនៅក្បែរទីក្រុងកោះពេជ្រ
ក៏ប៉ុន្តែ នៅថ្ងៃទី៥ ខែតុលា លោក អ៊ិត សំហេង បានចេញសេចក្តីជូនដំណឹងអនុញ្ញាតឲ្យសហគ្រាស គ្រឹះស្ថាន និងជនបរទេស ធ្វើសកម្មភាពស្វ័យនិយោជន៍ឡើងវិញ ដោយអះអាងថា «យោងតាមតម្រូវការកំម្លាំងពលកម្មជំនាញនៃជនបរទេសក្នុងវិស័យសេវាកម្មនិងដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។»
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននិយាយថា ការសម្រេចនេះហាក់ដូចជាបើកឲ្យជនបរទេសក្លាយជាអ្នកដណ្តើមមុខរបរប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ។
លោក វ៉ន ពៅ បាននិយាយដូច្នេះថា ៖ «ចំណុចមួយ ធ្វើឲ្យគាត់បាត់បង់ប្រាក់ចំណូល បាត់បង់អតិថិជន ហើយគាត់ប្រឈមមុខនឹងការប្រកួតប្រជែងរបស់ជនជាតិបរទេស ដែលពួកគេមានជំនាញជាងគាត់ គេមានថវិកាច្រើនជាងគាត់ អ៊ីចឹងអាចបាត់បង់ប្រាក់ចំណូល គាត់អាចបង្ខំចិត្តទៅក្រៅប្រទេសដោយខុសច្បាប់ទៀតផង។»
លោក វ៉ន ពៅ បាននិយាយបន្តថា ធម្មតា យើងជាម្ចាស់ស្រុកនៅប្រទេសណាក៏ដោយ គឺគេតែងតែទុកមុខរបរស្វ័យនិយោជន៍ ឲ្យម្ចាស់ស្រុករកស៊ី គេមិនអនុញ្ញាតឲ្យបរទេសមកដណ្តើមមុខរបរអ៊ីចឹងទេ។
លោក វ៉ន ពៅ បានអះអាងបន្តថា «ខាងខេត្តព្រះសីហនុ គាត់បារម្ភ ជាពិសេស អ្នករត់តាក់ស៊ី គាត់ឃើញជនជាតិចិនមករត់តាក់ស៊ីជាមួយគាត់វិញដែរ អ៊ីចឹងគាត់ព្រួយបារម្ភ គាត់អាចបាត់អតិថិជន បាត់បង់ប្រាក់ចំណូល ហើយគាត់អាចបាត់មុខរបរតែម្តង។»
លោក ម៉ន ធូ អាយុ ៣៦ មកពីស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ហើយប្រកបមុខរបរជាអ្នករត់កង់បីនិងជាសន្តិសុខពេលចុងសប្តាហ៍ផង បាននិយាយថា គាត់ព្រួយបារម្ភពីចំណូលនិងការងាររបស់គាត់។
លោក ម៉ន ធូ បាននិយាយដូច្នេះថា «បើសិនជាបរទេស វារកដែរ ចុះខ្មែរទៅរកស៊ីអីឥឡូវ? ចិនវាមកស្រុកខ្មែរ វាធ្វើការដ្ឋានសាងសង់ ឯយើងអត់អ្នកម៉ៅការទេ ជាកម្មកររបស់ចិនទាំងអស់ ហើយដល់មកស្រុកខ្មែរ វាទិញកង់បី រត់ខ្លួនឯង ឬមួយក៏បើកដឹកកម្មករខ្លួនឯង ខ្មែរដឹកអីឥឡូវ?»
លោក ម៉ន ធូ បានសំណូមពរឲ្យរដ្ឋាភិបាល ជួយថាធ្វើយ៉ាងណា លុបបំបាត់ជនបរទេសកុំឲ្យបើកបរដោយខ្លួនឯង ហើយកុំឲ្យរត់តាក់ស៊ីឬក៏កង់បី។
អ្នកលក់ផ្លែឈើនៅផ្សារបឹងត្របែក ក្នុងក្រុងភ្នំពេញ លោក ខែម លីណា អាយុ៣៥ឆ្នាំ ហើយដែលមានស្រុកកំណើតនៅខេត្តព្រៃវែង បាននិយាយថា លោកគ្មានជម្រើសទេ ហើយមានតែស៊ូទ្រាំរកមុខរបរនេះ បើទោះជាមិនសូវរកបានច្រើនក្តី។
លោក ខែម លីណា បាននិយាយដូច្នេះថា «ប្រជាជនខ្មែររកស៊ីកំប៉ិកកំប៉ុកអ៊ីចឹង ដល់ពេលឲ្យបរទេសមកប្រឡូកប្រឡាក់ជាមួយប្រជាជនខ្មែរ កំប៉ិកកំប៉ុកហើយកំពុង់តែក្រ ហើយឲ្យគ្នារកស៊ីរបៀបម៉េច?»
លោក ខែម លីណា បានបន្តថា «ដូចរាល់ដង វាអត់ដែលមករកស៊ីកំប៉ិកកំប៉ុកទេ វារករបៀបថា គេមកវិនិយោគទុនធំៗ តែឥឡូវមកកំប៉ិកកំប៉ុកលក់ដូចអង្ករកំប៉ុង ដូចឯងដែរ ហើយធ្វើម៉េចទៅ? អ៊ីចឹងប្រជាជនខ្មែរ នឹងចំណាកស្រុកគ្រប់រូបអស់ហើយ។ សេដ្ឋកិច្ចឥឡូវ វាពិបាកជាងមុន ហើយចេះតែរកៗទៅ បើយើងមិនរក បានអីស៊ី ចិញ្ចឹមប្រពន្ធកូន។ បើចំណាកស្រុកទៅ វាទៅចោលកូន»៕