ទោះបីជា មិនទាន់មានប្រតិកម្មធ្ងន់ធ្ងរពីសំណាក់ក្រុងប៉េកាំង ប្រឆាំងនឹងការប្រកាសរបស់សហភាពអឺរ៉ុបទាក់ទងនឹងការស៊ើបអង្កេតលើបញ្ហាឧបត្ថម្ភធនដល់ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីចិនក៏ដោយ ប៉ុន្តែពេលនេះ សមរភូមិពាក្យសំដីកំពុងតែកើតមានឡើងហើយរវាងអឺរ៉ុប និងចិន ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗបានឲ្យដឹងថា ក្រោយពេលដែលសហភាពអឺរ៉ុប បានប្រកាសអំពីសកម្មភាពនេះ ទីក្រុងប៉េកាំងបានធ្វើការរិះគន់ការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប ហើយបានហៅសកម្មភាពនេះថា ជាអ្នកការពារផលប្រយោជន៍ជ្រុលនិយម ខណៈដែលភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តអគ្គីសនីរបស់ចិនបានធ្លាក់ចុះ។
ប្រទេសចិនបានរិះគន់ការចាប់ផ្តើមស៊ើបអង្កេត ដោយគណៈកម្មការអឺរ៉ុបចំពោះការចោទប្រកាន់ថា រដ្ឋចិនបានឧបត្ថម្ភធនដល់ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ប្រទេសចិន ហើយបានព្រមានថា វានឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វុន ឌ័ ឡេយ៉េន ( Ursula von der Leyen) បានប្រកាសពីការស៊ើបអង្កេតកាលពីសប្ដាហ៍មុន ដោយចោទប្រកាន់ប្រទេសចិនពីការជន់ជោរទីផ្សារពិភពលោក ជាមួយនឹងរថយន្តអគ្គិសនី ដែលមានតម្លៃទាប ដោយសារតែផលិតកម្មនៃឧស្សាហកម្មចិន ទទួលបានការឧបត្ថម្ភធនរបស់រដ្ឋយ៉ាងច្រើន។
ការស៊ើបអង្កេត ដែលអាចបណ្តាលឱ្យមានការកំណត់ពន្ធដាក់ទណ្ឌកម្មលើផលិតផលរថយន្តអគីសនីចិនបានជំរុញឱ្យមានការព្រមានពីអ្នកវិភាគអំពីសកម្មភាពសងសឹករបស់ទីក្រុងប៉េកាំងផងដែរ។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការស៊ើបអង្កេតនេះ គឺជាទង្វើការពារនិយម ដែលនឹងរំខានយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបង្ខូចតម្លៃឧស្សាហកម្មរថយន្ត និងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក រួមទាំងសហភាពអឺរ៉ុបផងដែរ ហើយវានឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងសេដ្ឋកិច្ច និង ពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប"។ .
ប្រភពដដែលបានបន្ថែមថា "ប្រទេសចិននឹងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះនិន្នាការគាំពារនិយមរបស់សហភាពអឺរ៉ុប និងសកម្មភាពតាមដាន ហើយការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន"។
ជុំវិញបញ្ហានេះក្រុមអ្នកវិភាគ Eurasian Group បានព្រមានថា ប្រសិនបើទីក្រុងព្រុចសែលនៅទីបំផុត យកពន្ធលើរថយន្តអគ្គីសនីរបស់ចិនដែលបានឧបត្ថម្ភធននោះ ទីក្រុងប៉េកាំងទំនងជានឹងដាក់វិធានការតបត ដើម្បីធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មអឺរ៉ុប។
អ្នកវិភាគផ្សេងទៀតបាននិយាយថា ការស៊ើបអង្កេតអាចពន្យឺតការពង្រីកសមត្ថភាព ដោយអ្នកផ្គត់ផ្គង់អាគុយរបស់ប្រទេសចិន បើទោះបីជាការផ្លាស់ប្តូរនេះមិនគួរបង្កឱ្យមានហានិភ័យធ្លាក់ចុះដ៏ធំសម្រាប់អ្នកផលិតរថយន្តអគ្គីសនីរបស់ចិន ដោយសារតែពួកគេអាចងាកទៅរកទីផ្សារ ដែលកំពុងរីកចម្រើនផ្សេងទៀតដូចជាអាស៊ីអាគ្នេយ៍ក៏ដោយ។
អ្នកវិភាគនៅក្រុមហ៊ុន Bernstein បាននិយាយនៅក្នុងកំណត់ត្រារបស់អតិថិជនថា ទោះបីជាយ៉ាងណាក៏ដោយ វាអាចប៉ះពាល់ដល់ការយល់ឃើញរបស់អ្នកផលិតរថយន្ត របស់ចិន នៅពេលដែលពួកគេពង្រីកនៅក្រៅប្រទេស។
នៅឆមាសទីមួយនៃឆ្នាំ២០២៣ នេះ ដោយសារតែរថយន្តអគ្គីសនី ឧស្សាហកម្មរថយន្តចិនដែលសឹងតែគ្មានឈ្មោះនៅលើពិភពលោក បានផ្តួលរថយន្តធំៗមួយចំនួនរបស់អាមេរិក អាល្លឺម៉ង់ និងអង់គ្លេស ដោយ ក្រុមហ៊ុន BYD របស់ចិន ឈរនៅលំដាប់លេខ១០ ជាមួយនឹងការនាំចេញរថយន្តសរុបប្រមាណជា ១,២ លានគ្រឿង ។
ដោយៈ សរ សុជាតិ