
ជាក់ស្ដែង រយៈពេល៦ខែដើមឆ្នាំនេះ វិស័យសំណង់មានគម្រោងដែលបានអនុញ្ញាតកើនឡើងជាង ២៨ភាគរយ ជាមួយនឹងទុនវិនិយោគប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក កើនជាង ២៧ភាគរយ។
នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១របស់ធនាគារជាតិកម្ពុជាដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។
ការកើនឡើងនូវតម្លៃទុនវិនិយោគនេះបានធ្វើឲ្យការនាំចូលសម្ភារៈសំណង់កើនឡើងប្រមាណ ៣៤ភាគរយ គឺខ្ពស់ជាងកាលពីឆ្នាំទៅមិញ ២២ភាគរយ។
គម្រោងវិនិយោគក្នុងវិស័យសំណង់នៅក្នុងរបាយការណ៍ធនាគារជាតិកម្ពុជា បង្ហាញថា ចំណែកនៃគម្រោងសំណង់លំនៅដ្ឋានមាន ៦៧ភាគរយ សំណង់ឧស្សាហកម្មជាង ១៤ភាគរយ សំណង់ទេសចរណ៍ជាង ១០ភាគរយ សំណង់ពាណិជ្ជកម្ម ៧ភាគរយ និងសំណង់សាធារណៈ ០,៣ភាគរយ ដែលគិតជាគម្រោងសរុបគឺស្មើនឹង ១ពាន់៥២៣គម្រោង។
តាមរយៈកំណើននេះ វិស័យសំណង់រំពឹងថា នឹងបន្តមានកំណើនខ្ពស់ក្នុងអត្រាពីរខ្ទង់ ជាង១៨ភាគរយ ទោះជាមានភាពយឺតយ៉ាវបន្តិច បើធៀបនឹងឆ្នាំ២០១៦ មានជាង ២០ភាគរយ និងរួមចំណែកប្រមាណ ១,២ ភាគរយនៃកំណើនផលទុនជាតិសរុប៕