តើកម្ពុជាអាចប្រឈមនឹងបញ្ហាខ្វះខាតប្រេងដែរទេ?

តើកម្ពុជាអាចប្រឈមនឹងបញ្ហាខ្វះខាតប្រេងដែរទេ ខណៈដែលស្ថានការណ៍តានតឹងពិភពលោក កំពុងធ្វើឲ្យប្រទេសមួយចំនួនជួបវិបត្តិប្រេង?


ថ្មីៗនេះ គេសង្កេតឃើញថា វិបត្តិខ្វះខាតប្រេងប្រើប្រាស់កំពុងកើតមានខ្លាំងនៅប្រទេសមួយចំនួន ដូចជាស្រីលង្កា ហើយថ្មីៗនេះ បានចាប់ផ្ដើមកើតមាននៅប្រទេសឡាវក្បែរខាងកម្ពុជាផងដែរ។ ស្របពេលដែលកម្ពុជា ជាប្រទេសពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈពីក្រៅប្រទេសដែរនោះ តើកម្ពុជាអាចប្រឈមនឹងបញ្ហាខ្វះខាតប្រេងដែរឬទេ ស្របពេលដែលស្ថានភាពពិភពលោកកាន់តែអាប់អួយ៉ាងដូច្នេះ?
តម្លៃប្រេងឆៅពិភពលោកកើនឡើងខ្ពស់ ដល់១៣០ដុល្លារក្នុងមួយធុងបារ៉ែល

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​អះអាង​ថា គិត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា កម្ពុជា​អាច​ប្រឈម​នឹង​បញ្ហា​ខ្វះ​ប្រេងឥន្ធនៈ​សម្រាប់​ប្រើប្រាស់​នោះ​ទេ​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​គោលនយោបាយ​ច្បាស់លាស់​ក្នុង​ការ​រក្សា​សន្និធិ​ប្រេង សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ជាមួយ​តម្លៃ​សមរម្យ​តាម​ទីផ្សារ​អន្តរជាតិ​។ កត្តា​នេះ​ធ្វើ​ឲ្យ​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​មាន​ទំនុកចិត្ត​ថា កម្ពុជា​នឹង​មិន​អាច​ខ្វះ​ប្រេងឥន្ធនៈ​សម្រាប់​ប្រើប្រាស់​នោះ​ទេ បើ​ទោះបី​បច្ចុប្បន្ន​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​មានការ​ឡើងថ្លៃ​ខ្ពស់​នៅ​មួយ​រយៈ​ចុង​ក្រោយ​ក៏​ដោយ​។

ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​គូសបញ្ជាក់​ថា ទោះបី​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បាន​ហក់​ឡើងថ្លៃ​ជា​បន្តបន្ទាប់​នៅ​មួយ​រយៈ​ចុង​ក្រោយ​ក៏​ដោយ ប៉ុន្តែ​កម្ពុជា​បច្ចុប្បន្ន មិន​មាន​ជួប​បញ្ហា​ខ្វះ​ប្រេងឥន្ធនៈ​ប្រើប្រាស់​ដូច​កំពុង​កើត​មាន​ឡើង​នៅ​ប្រទេស​ឡាវ និង​ស្រី​លង្កា​នោះ​ទេ​។ ឯកឧត្តម ជឿជាក់​ថា បញ្ហា​នេះ​ក៏​ទំនងជា​មិន​អាច​កើត​មាន​ឡើង​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​នោះ​ដែរ ព្រោះ​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ច្បាស់លាស់ និង​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​នេះ​។

បើ​តាម​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រូប​នេះ គោលនយោបាយ​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ធ្វើ​យ៉ាងណា​រក្សា និង​គ្រប់គ្រង​សន្និធិ​ប្រេង សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ឲ្យ​គ្រប់គ្រាន់ ជាមួយ​ការ​ធានា​តម្លៃ​សមរម្យ​ស្រប​តាម​ទីផ្សារ​អន្តរជាតិ​។ ពាក់ព័ន្ធ​បញ្ហា​ប្រេងឥន្ធនៈ​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​បាន​ជំរុញ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​គិតគូរ​រៀបចំ​ឲ្យ​មានការ​ទិញ​ប្រេង​មក​ស្តុក​ទុក​សម្រាប់​ផ្ត​ត់​ផ្គង់​តម្រូវការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​បម្រើ​ឲ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​។

គួរ​បញ្ជាក់​ថា ក្រោយ​រុ​ស្ស៊ី​វាយ​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​២៤ កុម្ភៈ ប្រទេស​ជា​ច្រើន​នៅ​លោក​ខាងលិច​បាន​ទម្លាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​មក​លើ​រុ​ស្ស៊ី ដូច​ជា​ដក​រុ​ស្ស៊ី​ចេញ​ប្រព័ន្ធ​ទូទាត់​ប្រាក់​សកល Swift បង្កក​ទ្រព្យសម្បត្តិ​ឥស្សរជន​ជាន់ខ្ពស់ មហាសេដ្ឋី និង​ផ្អាក​ទិញ​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ពី​រុ​ស្ស៊ី​ជាដើម​។ ផែនការ​ផ្តាច់​ការ​ទិញ​ប្រេងឥន្ធនៈ​ពី​រុ​ស្ស៊ី​នេះ​បាន​ជំរុញ​ឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​មានការ​ប្រែប្រួល​យ៉ាង​ខ្លាំង និង​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​លើ​កំពុង​ទទួល​រង​ឥទ្ធិពល​អាក្រក់​ពី​បញ្ហា​ទាំង​អស់នេះ​ផង​ដែរ​។

ជាក់ស្តែង ប្រទេស​ឡាវ​ក្បែរ​ខាង​កម្ពុជា ក៏​កំពុង​ជួប​បញ្ហា​ខ្វះ​ប្រេងឥន្ធនៈ​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​បម្រើ​ឲ្យ​ផលិតកម្ម និង​ខ្សែ​ច្រវាក់​ផលិតកម្ម​ផង​ដែរ​។ ស្រប​ពេល​តម្រូវការ​កំពុង​កើនឡើង​ខ្ពស់ ប្រេងឥន្ធនៈ​នៅ​ប្រទេស​ឡាវ​បាន​ហក់​ឡើងថ្លៃ​ជិត​២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​លី​ត្រ ខណៈ​រដ្ឋាភិបាល​ឡាវ​កំពុង​ញាប់ដៃ​ញាប់​ជើង​រិះរក​វិធី ដើម្បី​ដោះស្រាយ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ​។

សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ ប្រទេស​ឡាវ​ក៏​បាន​បង្ហាញ​ពី​គម្រោង​ទិញ​ប្រេង​តម្លៃ​ថោក​ពី​រុ​ស្ស៊ី​ដែរ ប៉ុន្ដែ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ប្រទេស​នេះ អះអាង​ថា វា​គ្រាន់តែ​ជា​គំនិត​មួយ​ប៉ុណ្ណោះ ប៉ុន្ដែ ដំណើរការ​នៃ​ការ​ទិញ​ប្រេង​ពី​ប្រទេស​រុ​ស្ស៊ី គឺ​មាន​រយៈពេល​វែង ហើយ​មធ្យោបាយ​នេះ មិន​អាចយ​កមក​ប្រើប្រាស់​ដោះស្រាយ​បន្ទាន់​សម្រាប់​រយៈពេល​ខ្លី​នោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យពន្លឿនការងារបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈភាគីចិនរង់ចាំចម្លើយពីកម្ពុជា

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ជំរុញណែនាំឲ្យក្រសួងក៏ដូចជាមន្ត្រីពាក់ព័ន្ធ ពន្លឿនការងារបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដ្បិតថាភាគីចិនកំ…

ពូទីនថាមិនបារម្ភពីការបង្កើនសមាជិកណាតូឡើយ ប៉ុន្ដែអ្វីដែលខ្លួនប្រឆាំង និងបារម្ភគឺការបង្កើនវត្តមាននិងកម្លាំងយោធាក្នុងតំបន់

ព័ត៌មាន
ប្រធានាធិបតីពូទីន បាននិយាយថា បើទោះបីជាប្រទេសហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិករបស់ណាតូ ក៏ដោយចុះ ប៉ុន្ដែ លោកមិនបារម្ភពីរឿងនេះទេ ហើយវា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ