ហើយបើទោះបីជា មានព័ត៌មានស្តីពីការប្រកាសស្នើសុំ កញ្ចប់មូលនិធិរហូតដល់ ៥៤ ពាន់លានដុល្លាររបស់ក្រុមហ៊ុនធនាគារ Credit Suisse ពីធនាគារកណ្ដាលដើម្បីយកទប់ទល់នឹងបញ្ហាសាច់ប្រាក់ក៏ដោយ ប៉ុន្ដែក៏នៅតែធ្វើឲ្យទីផ្សារភាគហ៊ុនធនាគារនៅអាស៊ីមិនទាន់វិលត្រឡប់ទៅរកភាពប្រក្រតីនោះទេ។
សេចក្តីរាយការណ៍ពីបណ្តាញព័ត៌មាន CNN បានឲ្យដឹងថា ភាគហ៊ុនធនាគារនៅអាស៊ីបានបន្តធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ទី ១៦មីនានេះ ដោយសារតែពាក្យចចាមរ៉ាមនៅក្នុងក្រុមហ៊ុនធនាគារ Credit Suisse បង្កឱ្យមានការភ័យខ្លាចថា ភាពចលាចលផ្នែកធនាគារកំពុងរីករាលដាលនៅជុំវិញពិភពលោក។
សកម្មភាពជួញដូនៅទីផ្សារហ៊ុនបានបង្ហាញថា សន្ទស្សន៍ភាគហ៊ុនរបស់ក្រុមហ៊ុនធនាគារ Credit Suisse បានធ្លាក់ចុះ ប្រមាណជា ៣០% កាលពីថ្ងៃទី១៥មីនា ហើយអាចនឹងបន្តធ្លាក់ចុះថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ ដោយឡែកសន្ទស្សន៍ភាគហ៊ុនរបស់ធនាគារធំៗនៅអាស៊ី ដែលបានរងសម្ពាធស្រាប់នោះ ក៏កំពុងបន្តរងសំពាធនៃការធ្លាក់ចុះបន្ថែមទៀតដែរ។
សន្ទស្សន៍ភាគហ៊ុនធនាគារ Topix នៅប្រទេសជប៉ុន បានធ្លាក់ចុះដល់ទៅ ៦,៤%នៅពេលបើកទីផ្សារជួញដូរកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៦មីនា ក្រោយពេលសន្ទស្សន៍ភាគហ៊ុននេះបានធ្លាក់ចុះជាង ៨%គិតក្នុងសប្តាហ៍នេះ។
រីឯសន្ទស្សន៍ភាគហ៊ុនរបស់ធនាគារ Standard Chartered នៅទីក្រុងហុងកុងឯណោះវិញ បានធ្លាក់ចុះជិត ៤% ហើយភាគហ៊ុនធនាគារ HSBC Holdings បានធ្លាក់ចុះ ២,៥%។ ដោយឡែកភាគហ៊ុនរបស់ធនាគារក្នុងស្រុកនៅហុងកុង ដែលមានឈ្មោះថា BOC ក៏បានធ្លាក់ចុះ ៣,១% ផងដែរ ។
នៅប្រទេសកូរ៉េខាងត្បូង ធនាគារដែលកំពុងផ្តល់ប្រាក់កម្ចីធំៗ ដូចជា ធនាគារ Shinhan Financial Group ដែលមានតម្លៃភាគហ៊ុនធ្លាក់ចុះ ១,២% និង ធនាគារ KB Financial Group ក៏បានធ្លាក់ចុះ ០,៥% ។
លោក Clifford Bennett ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន ACY Securities ដែលជាឈ្មួញជើងសារមូលបត្រដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលីបាននិយាយថា អ្វីដែលយើងកំពុងមើលឃើញ គឺជាការស្រាយបញ្ជាក់ច្បាស់លាស់នៃទំនុកចិត្តរបស់វិនិយោគិននៅលើវិស័យធនាគារក្នុងតំបន់ និងពិភពលោក ។ ប្រធានសេដ្ឋវិទូនៅប្រធានក្រុមហ៊ុន ACY Securities បានបន្តថា ស្ថានភាពបែបនេះអាចនឹងបន្តអូសបន្លាយបន្ថែមទៀត ដល់អ្នកដែលមានប្រាក់ និងវិនិយោគិនយកទៅផ្ញើរនៅធនាគារ៕