ធនាគារកណ្តាលថៃ ព្រមានថា ទស្សនវិស័យសេដ្ឋកិច្ចថៃ សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ នៅតែមានភាពមិនប្រាកដប្រជាខ្ពស់ ទោះបីជារំពឹងថា ត្រីមាសទី៣ នឹងប្រសើរជាងត្រីមាសទី២ ក៏ដោយ។ ធនាគារកណ្តាលថៃ បានសង្កត់ធ្ងន់ថា កំណើននៅត្រីមាសទី៣ មិនមានន័យថា ប្រទេសថៃ បានឆ្លងផុតស្ថានភាពអាក្រក់បំផុតនោះទេ។ ចំណែកឯកំណើននៅត្រីមាសទី៤ ឆ្នាំនេះនឹងពឹងផ្អែកយ៉ាងខ្លាំងលើការងើបឡើងវិញ នៃវិស័យទេសចរណ៍ក្នុងរដូវកាលសម្បូរភ្ញៀវ ។ ពន្ធគយអាម៉េរិក ក៏ជាក្ដីកង្វល់ធំមួយដែរសម្រាប់សេដ្ឋកិច្ចថៃ។ បច្ចុប្បន្នប្រទេសថៃ ប្រឈមនឹងពន្ធគយអាមេរិកបន្ថែម ១២,៥% ធនាគារកណ្តាលថៃ មើលឃើញថា ផលប៉ះពាល់ភ្លាមៗមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ ដោយសារអត្រានេះទាបជាង១៩% ដែលធ្លាប់រំពឹងទុកពីមុន។ ទោះជាយ៉ាងណា អ្នកធុរកិច្ចកំពុងតាមដានយ៉ាងដិតដល់ចំពោះលទ្ធភាព នៃពន្ធគយបន្ថែមរបស់អាម៉េរិក ដាក់លើប្រទេសដែលមានសមត្ថភាពផលិតលើសតម្រូវការដែលអាចជះផលប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ទំនិញថៃ។
មិនតែប៉ុណ្ណោះ ថៃ កំពុងតែមានបញ្ហាកាន់តែជ្រៅនៅក្នុងវិស័យឧស្សាហកម្ម។ ចំនួនរោងចក្របិទទ្វារកំពុងកើនលើសចំនួនរោងចក្របើកថ្មី ខណៈរោងចក្របច្ចេកវិទ្យាជាន់ខ្ពស់កាន់តែពឹងផ្អែកលើម៉ាស៊ីន និងស្វ័យប្រវត្តិកម្ម ដែលត្រូវការកម្មករតិច ប៉ុន្តែត្រូវការបុគ្គលិកជំនាញខ្ពស់កាន់តែច្រើន។
ស្ថានភាពនេះកំពុងដាក់សម្ពាធឱ្យថៃ ពង្រឹងជំនាញកម្លាំងពលកម្ម ដើម្បីឆ្លើយតបការផ្លាស់ប្តូរ នៃ តម្រូវការការងារ។ ធនាគារកណ្តាលថៃ ក៏ព្រមានដែរថា វិស័យកសិកម្មថៃ អាចនឹងគ្មានសមត្ថភាពគ្រប់គ្រាន់ដូចមុនក្នុងការស្រូបយកកម្មករដែលបាត់បង់ការងារពីវិស័យឧស្សាហកម្ម។ ជាមួយគ្នានេះ ប្រាក់បាត នៅតែប្រែប្រួលខ្លាំងដោយសារកត្តាខាងក្រៅ។ ធនាគារកណ្តាលថៃ នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់ការប្រែប្រួលលឿនពេក ដែលអាចបង្កការរំខានដល់អាជីវកម្មនានា៕