លោក កឹម សុខា ដែលត្រូវបានតុលាការបន្ធូរបន្ថយលក្ខខណ្ឌឱ្យចាកចេញពីផ្ទះបាន កាលពីខែវិច្ឆិកា ឆ្នាំមុននោះ នឹងត្រូវយកមកបើកសវនាការ រយ:ពេល០២ថ្ងៃ ឬអាច ៣ខែ បើសិនជាកាត់មិនចប់។ នេះបើយោងតាមមេធាវីរបស់លោក កឹម សុខា គឺ លោក ចាន់ ចេន។
កាលពីថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ មានអ្នកសារព័ត៌មានជាច្រើន បានទៅចុះឈ្មោះនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលយកព័ត៌មានក្នុងពេលសវនាការលោក កឹម សុខា ក៏ប៉ុន្តែ មន្រ្តីតុលាការបានប្រាប់ថា ទោះបីចុះឈ្មោះហើយក្តី ក៏មេរបស់ពួកគាត់ នឹងធ្វើការជ្រើសរើសបន្ថែមទៀត ថា នរណាអាចចូលបាន ព្រោះបន្ទប់អាចដាក់បានតែចំនួន ៣០នាក់ប៉ុណ្ណោះ។
ការលើកឡើងបែបនេះបានធ្វើឲ្យអ្នកសារព័ត៌មានជាច្រើន ព្រួយបារម្ភថា ខ្លួននឹងមិនអាចទទួលកៅអីសម្រាប់យកព័ត៌មាននៅថ្ងៃទី១៥ និងថ្ងៃ១៦ ខែមករា នោះទេ ព្រោះភាគច្រើននៃកៅអីត្រូវបានទុកឱ្យមន្រ្តីស្ថានទូតបរទេស។
លោកស្រី ណាលី ពីលក នៃអង្គការ លីការដូ បាននិយាយដូច្នេះថា ”តាមដែលយើងដឹង មិនមានអង្គការក្រៅរដ្ឋាភិបាល ឬប្រព័ន្ធផ្សព្វផ្សាយឯករាជ្យណាមួយបានទទួលលិខិតអនុញ្ញាតឲ្យចូលរួមសង្កេតមើលដំណើរការកាត់ក្តីរបស់លោក កឹម សុខា នៅថ្ងៃស្អែកនេះទេ ទោះបីជាមានការចុះឈ្មោះនៅព្រឹកព្រលឹមម្សិលមិញ តាមតម្រូវការក៏ដោយ។”
លោកស្រី ណាលី ពីលក បានបន្តថា ”ដោយសារការកាត់ក្តីនេះ មានការចាប់អារម្មណ៍ខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស តុលាការក្រុងភ្នំពេញគួរតែថតនូវដំណើរការនីតិវិធីជំនុំជម្រះក្តី និងធ្វើការចាក់ផ្សាយនៅខាងក្រៅបន្ទប់សវនាការ ដូចដែលពួកគេបានធ្វើកន្លងមក។”
បើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស ក្នុងចំណោមកៅអីចំនួន ៣០នៅក្នុងបន្ទប់សវនាការ កៅចំនួន ២៣ នឹងត្រូវបានបម្រុងទុកសម្រាប់មន្រ្តីការទូត ហើយដែលនេះធ្វើឱ្យមានដែនកំណត់ដល់ការរាយការណ៍ព័ត៌មានឯករាជ្យនិងពីអង្គការក្រៅរដ្ឋាភិបាល។
មេធាវីរបស់លោក កឹម សុខា គឺលោក ចាន់ ចេន បាននិយាយថា សវនាការនេះអាចនឹងមានរយ:ពេល ៣ខែ ក៏ប៉ុន្តែ ព័ត៌មាននេះមិនទាន់ផ្លូវការនៅឡើយទេ។ លោក ចាន់ ចេន បាននិយាយដូច្នេះថា “មិនទាន់ផ្លូវការទេ លោកប្អូន គ្រាន់តែព័ត៌មាន គ្រោងរយ:ពេល ៣ខែ។”
ការហៅទូរស័ព្ទជាច្រើនលើកដើម្បីសុំបំភ្លឺ ទៅលោក អ៊ី រីន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនមានអ្នកទទួលទេ៕