នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ បានរិះគន់ស្ថាប័នរដ្ឋអំណាចមូលដ្ឋាន ដែលមានការបែងចែកថវិកាក្នុងកម្រិតទាបត្រឹម ៤០ ភាគរយ ខណៈគោលដៅនាពេលបច្ចុប្បន្ននេះ រដ្ឋត្រូវចំណាយយ៉ាងហោចណាស់ ៩៥ ភាគរយនៃកញ្ចប់ថវិកា ហើយដើម្បីអាចឈានទៅសម្រេចតាមផែនការចំណាយនេះបាន គឺទាមទារឱ្យមានការខិតខំបន្ថែមទៀតពីអាជ្ញាធរពាក់ព័ន្ធទាំងអស់។
ក្រសួងផែនការ និងវិនិយោគវៀតណាម បានឲ្យដឹងថា នៅក្នុងចំណោមស្ថាប័នរដ្ឋាភិបាលចំនួន១១៤ស្ថាប័ន គឺំមានស្ថាប័នចំនួន ៧៦ប៉ុណ្ណោះ នៅវៀតណាម ដែលមានការចំណាយតិចជាង ៤៧។
ក្នុងនោះដែរ តាមការវាយតម្លៃ នៅក្នុងចំណោមបញ្ហាប្រឈមចំនួន ៨០ ដែលមន្ត្រីជួបប្រទះក្នុងការបែងចែកថវិកា គឺមានប្រហែលពាក់កណ្ដាលនៃមន្ត្រីទាំងនោះ ឆ្លើយថា គឺដោយសារតែពួកគេយល់ច្រឡំចំពោះកិច្ចការដែលត្រូវធ្វើថា វាត្រូវមានការពន្យារពេល ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងនោះគម្រោងដែលត្រូវអនុវត្តដោយប្រើជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដោយគម្រោងទាំងនោះ ពឹងផ្អែកខ្លាំងលើអ្នកជំនាញ និងឧបករណ៍ពីបរទេស ដែលត្រូវបានផ្ដល់ឱ្យ។
គួរជ្រាបថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមបានធ្លាក់ចុះជាង ៦% ក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញាកន្លងមកនេះ ដោយសារការបិទខ្ទប់ប្រទេស យ៉ាងតឹងរឹង ដែលបានបណ្ដាលឲ្យប៉ះពាល់ដល់សកម្មភាពអាជីវកម្មនៅក្នុងវិស័យសំខាន់ៗជាច្រើន។ យ៉ាងណាមិញ ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងខែកញ្ញានេះ ក៏បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២១ ពីអត្រាកំណើន ៦,៧% មកនូវត្រឹម ៣,៨% ក្រោយមើលឃើញពីផលប៉ះពាល់ដោយសារតែជំងឺរាតត្បាតកូវីដ១៩ ដែលកំពុងបន្ដលុកលុយខ្លាំងនៅក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះ៕