
យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ទាំង ៦៣នាក់នោះ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ស្របពេលដែលអ្នកជាសះស្បើយមានចំនួន៩៤នាក់ ដែលតម្រូវឲ្យចេញពីមន្ទីរពេទ្យ ហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯង។
សម្រាប់អ្នកវិជ្ជមានទាំង ៦៣នាក់ រួមមាន២៣ករណីរកឃើញនៅរាជធានីភ្នំពេញ៣១ករណី,កណ្តាល១ករណី, កំពង់ឆ្នាំង១ករណី,កោះកុង១ករណី, ស្វាយរៀង២២ករណី និងខេត្តព្រះសីហនុ៦ករណី ព្រៃវែង១ករណី។
ដោយឡែកចំពោះករណីស្លាប់វិញ គឺជាបុរសជនជាតិចិន អាយុ៤២ ឆ្នាំ រស់នៅ អាផាតមិន ព្រីនស៍ ធូវើ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបានស្លាប់បាត់បងជីវិតកាលពីថ្ងៃទី០៤មេសា ម្សិលមិញនេះ ហើយក្រសួងសុខាភិបាលបញ្ជាក់ថា ស្លាប់ដោយសារតែជំងឺកូវីដ19។
សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២៧៥២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១៧៤៧នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន៩៧៩នាក់និងស្លាប់បាត់បង់ជីវិតចំនួន២១នាក់៕