គិតត្រឹមព្រឹកថ្ងៃទី ០១ ខែមេសា ចំនួនអ្នកឆ្លងសរុបដែលត្រូវបានរកឃើញមាន ២.៤៧៧នាក់ ដោយក្នុងនោះ អ្នកជាសះស្បើយមាន១.២៤០នាក់។ ជាមួយគ្នានោះ អ្នកកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមាន ១.៩៤៩នាក់។
យ៉ាងណាក៏ដោយចុះ ចំនួនអ្នកស្លាប់បាត់បង់ជីវិតក៏មានការកើនឡើងដែរ ដោយកាលពីថ្ងៃទី ៣១ខែមីនាមានអ្នកស្លាប់ចំនួន៣នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ សរុបនៅកម្ពុជាបានកើនឡើង១៤នាក់ហើយ។
នៅយប់ថ្ងៃទី ៣១ ខែមីនា កម្ពុជាក៏ទើបតែទទួលបានវ៉ាក់សាំងចំនួន៧០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយឥតសំណងពីសំណាក់រដ្ឋាភិបាលចិន។
រដ្ឋបាលសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០១ ខែមេសានេះ ក៏បានចេញចេញវិធានការរដ្ឋបាលបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩នៅក្នុងភូមសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល២សប្ដាហ៍ចាប់ពីថ្ងៃទី ០១ ខែមេសា ដល់ថ្ងៃទី ១៤ខែមេសាឆ្នាំ២០២១។ វិធានការរដ្ឋបាលនេះ ក៏មានការហាមឃាត់ការលក់ដូរ ការធ្វើដំណើរ និងការជួបជុំចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹកផងដែរ ប៉ុន្ដែ ក្នុងនោះ ក៏មានករណីមួយចំនួនត្រូវបានលើកលែងមួយផងដែរ៕