
អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន CP All លោក ក្រៀងឆៃ ប៊ូនប៉ៅ ពិឆាត បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្ដគម្រោងពង្រីកសាខានៅក្រៅប្រទេសថៃនេះ នៅពេលណាដែលស្ថានការណ៍នៃមេរោគរាតត្បាតប្រសើរឡើងវិញ។
ក្រុមហ៊ុន CP All (Cambodia) និង CP All (Laos) បានទទួលសិទ្ធិអាជីវកម្ម Franchise លើយីហោហាងលក់ទំនិញ 7-Eleven សម្រាប់ការបើកដំណើរការ និងប្រតិបត្តិការ រយៈពេល ៣០ឆ្នាំ។
ដោយឡែក សម្រាប់ប្រតិបត្តិការហាង 7-Eleven នៅក្នុងប្រទេស របស់ក្រុមហ៊ុន CP Allវិញ កំពុងបន្ដអនុវត្តផែនការបើកសាខាបន្ថែម ៧០០ សាខានៅឆ្នាំ២០២០ ដោយក្នុងនោះ មាន៥១៣ សាខាហើយ បានបើកកាលពីខែកញ្ញា។ គិតមកទល់បច្ចុប្បន្ន ហាង 7-Eleven នៅក្នុងប្រទេសថៃ ដែលកំពុងមានប្រតិបត្តិការសរុបចំនួន ជាង១ម៉ឺន២ពាន់សាខា។
ក្រុមហ៊ុន CP All បានបញ្ជាក់ថា ខ្លួននឹងវិនិយោគប្រមាណជិត ៣៨០លាន ទៅ៣៩៥ លានដុល្លារអាមេរិក នៅឆ្នាំនេះ ដើម្បីបើកសាខាថ្មីៗ ការកែលម្អ សាខាដែលកំពុងមានសម្រាប់ និងការដាក់ចេញនូវគម្រោងថ្មីៗ។
សូមបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុន CP All ថៃ ធ្លាប់បានប្រកាសពីផែនការពង្រីកសាខា 7-Eeven នៅកម្ពុជានៅឆ្នាំ២០២១ខាងមុខ និងរំពឹងថា អាចពង្រីកសាខានៅកម្ពុជាដល់ទៅ ៧០០ ទៅ ១.០០០ សាខាក្នុងរយៈពេល៥ឆ្នាំ ហើយសាខាដំបូងរបស់ក្រុមហ៊ុនគ្រោងបើកដំណើរនៅកម្ពុជា គឺនៅរាជធានីភ្នំពេញ៕