សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងភាពច្របូកច្របល់ជាច្រើន ក្រោយពីការងើបឡើងវិញពីជំងឺរាតត្បាត និងភាពវឹកវរនៃសង្គ្រាមនៅអ៊ុយក្រែន ជាពិសេស គឺការប្រែប្រួលអាកាសធាតុ។ ដូចនេះ កិច្ចសហប្រតិបត្តិការជាសកល ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ហើយពាណិជ្ជកម្មអន្តរជាតិទៀតសោត គឺមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវស្ថិរភាព នៃកំណើនសេដ្ឋកិច្ចពិភពលោក។ ក្នុងនោះ គោលដៅរបស់អង់គ្លេសក្នុងការចូលជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) គឺរឹតតែសំខាន់សម្រាប់ប្រទេសនេះខ្លួនឯងផង ហើយក៏សំខាន់សម្រាប់ប្រទេសសមាជិកផ្សេងទៀតដែរ។
យ៉ាងណាមិញ នៅឆ្នាំ២០២៣នេះ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានឱកាសពង្រឹងទំនាក់ទំនងពហុភាគីកាន់តែស៊ីជម្រៅ ខណៈដែលចក្រភពអង់គ្លេសមានគោលបំណងបញ្ចប់ការចរចា ដើម្បីឈានទៅទទួលបានការអនុម័ត ឲ្យចូលជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP នៅក្នុងឆ្នាំនេះផងដែរ។
គួរជម្រាបថា ចក្រភពអង់គ្លេស គឺជាអ្នកវិនិយោគដ៏សំខាន់សម្រាប់សេដ្ឋកិច្ចនៅទូទាំងតំបន់ ហើយការចូលជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP នឹងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធសម្រាប់ឆ្នាំខាងមុខជាបន្តបន្ទាប់។ ជាក់ស្ដែង ការវិនិយោគភាគហ៊ុនពីសំណាក់ប្រទេសអង់គ្លេសនៅក្នុងប្រទេសសមាជិកនៃកិច្ចព្រមព្រៀង CPTPP គិតនៅត្រឹមឆ្នាំ២០២១ បានកើនឡើងដល់ជាង ១៦០ ពាន់លានដុល្លារ។
គេរំពឹងថា ផលិតផលក្នុងស្រុកសរុបនៃ CPTPP នឹងកើនឡើងពីជាង ១០ ទ្រីលានដិល្លារ ដល់ជាង ១៤ ទ្រីលានដុល្លារ ឬពី ១២,២% ទៅ ១៥,៤% នៃផលិតផលក្នុងស្រុកសរុបនៃពិភពលោក នៅពេលដែលអង់គ្លេសបានចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ។
ជាមួយនឹងទីផ្សារដែលមានអ្នកប្រើប្រាស់ ៦៧លាននាក់ និងជាសេដ្ឋកិច្ចធំជាងគេបំផុតទី៦ក្នុងពិភពលោក ចក្រភពអង់គ្លេស នឹងក្លាយជាសមាជិកធំបំផុតទី២ របស់កិច្ចព្រមព្រៀង CPTPP ហើយក៏ជាទីផ្សារដ៏ទាក់ទាញមួយសម្រាប់ប្រទេសសមាជិកផ្សេងទៀតផងដែរ។
ចក្រភពអង់គ្លេស ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានឆន្ទះក្នុងការសហការជាមួយក្រុមប្រទេសទាំង៧ និងក្រុមប្រទេសទាំង២០(G20) ដើម្បីដណ្តើមយកតម្លៃរួមដ៏ទូលំទូលាយមួយនៃ CPTPP ដូចជាការដោះស្រាយការប្រែប្រួលអាកាសធាតុ ការពង្រឹងសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍន៍ស្តង់ដារឌីជីថលជាដើម។
សូមជម្រាបថា ចក្រភពអង់គ្លេស គឺជាកន្លែងសម្រាប់វិស័យបច្ចេកវិទ្យាដែលមានតម្លៃតម្លៃទីផ្សារជាង ១ទ្រីលានដុល្លារ ហើយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៣ នៅលើពិភពលោកដែលឈានដល់ការវាយតម្លៃដ៏ខ្ពស់បែបនេះ។ អង់គ្លេសក៏ប្រទេស ដែលពូកែខាងរក្សាសុវត្ថិភាពលំហអ៊ីនធើណែត (Cyber) ដែលអាចអនុញ្ញាតឲ្យសហគ្រិនជំនាន់ក្រោយងាយស្រួលក្នុងការភ្ជាប់អាជីវកម្មទៅនឹងប្រព័ន្ធឌីជីថលផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ២០២២ ការវិនិយោគក្នុងវិស័យបច្ចេកវិទ្យារបស់ចក្រភពអង់គ្លេសបានវ៉ាដាច់ប្រទេសចិនទៅទៀត៕