សាជីវកម្មធានាឥណទាន

សាជីវកម្មធានាឥណទានបានផ្ដល់ការធានាប្រាក់កម្ចី ១៨ករណី ក្រោយបើកដំណើរការបាន៣ខែ


ក្រោយពីបានដាក់ឲ្យដំណើរការកាលពីចុងខែមីនា ឆ្នាំ២០២១ មកទល់ពេលនេះ មានឥណទានចំនួន១៨ករណីប៉ុណ្ណោះ ដែលទទួលបានកម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្រោមការធានាដោយសាជីវកម្មធានាឥណទាន ដើម្បីស្តារអាជីវកម្ម(BRGS) ដែលមានទុនប្រមាណ ២០០លានដុល្លាររបស់រាជរដ្ឋាភិបាលកម្ពុជា។ ទោះបីជាចំនួនការធានាប្រាក់កម្ចីនេះ មានត្រឹមតែ ១៨ករណីក៏ពិតមែន ប៉ុន្តែអ្នកជំនាញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុយល់ឃើញថា វាជាចំនួនច្រើនគួរសម នៅក្នុងដំណាក់កាលដំបូងនេះ។
កម្ចីធនាគារ
ដោយ

បើតាមអ្នកជំនាញធនាគារ និង ហរិញ្ញវត្ថុបញ្ជាក់ថា សាជីវកម្មធានាប្រាក់កម្ចីរបស់រដ្ឋមួយនេះ គាំទ្រគ្រប់វិស័យ ដោយផ្ដោតជាសំខាន់លើវិស័យកសិកម្ម ឧស្សាហកម្ម និង សេវាកម្ម។

សាជីវកម្មធានាឥណទាន គឺជាស្ថាប័នរដ្ឋមួយ ដែលផ្តល់ការគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម ដើម្បីផ្តល់ហិរញ្ញប្បទានជូនដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំ ដោយផ្តល់ការធានា ដែលដើរតួនាទីជាទ្រព្យបញ្ចាំ ចន្លោះពី ៧០% ទៅ ៨០% នៃប្រាក់កម្ចីរបស់ក្រុមហ៊ុនទាំងនោះ។

យ៉ាងណាមិញ តាំងពីបានចាប់ផ្ដើមបើកដំណើរការតាំងពីចុងខែមីនា ឆ្នាំ ២០២១ មក កម្ចីដែលទទួលបានការធានាពីសាជីវកម្មធានាឥណទាននេះ ទើបតែមាន១៨ករណីប៉ុណ្ណោះ។

លោកបណ្ឌិត អុិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា និង ជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបញ្ជាក់ប្រាប់ខេមបូណូមីស ថា ទោះបីក្នុងរយៈពេល៣ខែមានឥណទានតែចំនួន១៨ករណីទទួលបានការធានាក្រោមគម្រោងសាជីវកម្មធានាឥណទានរបស់រដ្ឋក៏ពិតមែន ប៉ុន្តែសម្រាប់លោក បណ្ឌិត អ៊ិន ចាន់នី យល់ឃើញថា បរិមាណប៉ុណ្ណឹង វាជាចំនួនមួយច្រើនគួរសមដែរហើយ នៅក្នុងជំហានចាប់ផ្ដើមដំបូងនេះ។

លោកបណ្ឌិត អុិន ចាន់នី បានគូសបញ្ជាក់បន្ថែមថា គម្រោងសាជីវកម្មនាធាឥណទាននេះ ផ្តល់ជូនសហគ្រាស និងអាជីវកម្មលើគ្រប់វិស័យ ដែលរងផលប៉ះដោយសារកូវីដ-១៩ ហើយជួបបញ្ហាខ្វះទ្រព្យបញ្ចាំក្នុងការទទួលឥណទាន។ លោកបណ្ឌិតសង្កត់ធ្ងន់ថា សហគ្រាស ក្រុមហ៊ុន និងអាជីវកម្មដែលអាចទទួលបាននូវសេវានេះ លុះត្រាតែសហគ្រាស ក្រុមហ៊ុន និងអាជីវកម្មទាំងនោះមានម្ចាស់ជាជនជាតិខ្មែរ ឬភាគហ៊ុនភាគច្រើនកាន់កាប់ដោយជនជាតិខ្មែរ។

សូមបញ្ជាក់ថា សាជីវកម្មធានាឥណទាន បានដាក់ចេញគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លារអាមេរិក នៅខែមីនាឆ្នាំ ២០២១ ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូចនិងមធ្យម និងសហគ្រាស  ខ្នាតធំ ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុចូលរួម សម្រាប់ទុនបង្វិល, ការវិនិយោគ និងពង្រីកអាជីវកម្ម។ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មនេះ មានសុពលភាពរហូតដល់ចុងឆ្នាំ២០២២។

បច្ចុប្បន្ន ស្ថាប័នហិរញ្ញវត្ថុ ដែលបានចូលរួមជាមួយសាជីវកម្មធានាឥណទានកម្ពុជាសរុបមាន១៥ស្ថាប័នហើយ។ ការកើនឡើងនៃចំនួនស្ថាប័នហិរញ្ញវត្ថុចូលរួម នឹងធ្វើឱ្យការផ្តល់ហិរញ្ញប្បទានដែលមានការធានាកាន់តែមានភាពទូលំទូលាយ, ប្រកួតប្រជែង, ព្រមទាំងផ្តល់ជម្រើស និងលទ្ធភាពកាន់តែច្រើន ជូនដល់ក្រុមហ៊ុនអាជីវកម្ម ក្នុងការទទួលបានហិរញ្ញប្បទាន នៅទូទាំងប្រទេស ៕

None



អត្ថបទបន្ទាប់


តម្លៃប្រេងសាំងនៅកម្ពុជាបន្ដហក់ឡើងខ្ពស់ដល់ ៤.០០០រៀលហើយក្នុងមួយលីត្រ

តម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ មានការប្រែប្រួលតម្លៃកើនកាន់តែខ្ពស់ជាងមុនដល់ ពោលគឺតម្លៃប្រេងសាំងធម្មតាដែលត្រូវលក់ចាប់ពីថ្ង…

អាមេរិកត្រៀមខ្លួនរួចហើយ ដើម្បីប្រយុទ្ធនឹងមេរោគបំប្លែងថ្មី «ឌែលតា» ដែលកំពុងរាតត្បាតកាន់តែខ្លាំង

សេតវិមានអាមេរិកបានឱ្យដឹងថា ខ្លួននឹងបញ្ជូនក្រុមការងារពិសេសទៅកាន់តំបន់ដែលមានកម្រិតហានិភ័យឆ្លងខ្ពស់នៅក្នុងសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ