លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូសបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញមានការថយចុះខ្លាំងចាប់ពីខែកញ្ញា ដល់ដើមខែវិច្ឆិកា ដោយចំនួនអតិថិជនមានការថយចុះជាលំដាប់ ពោលគឺក្នុង ១សប្តាហ៍យ៉ាងហោចណាស់មានប្រមាណតែ ១ពាន់នាក់ ឬទាបជាងនេះ បានដាក់ពាក្យស្នើសុំឲ្យមានការរៀបចំឥណទានឡើងវិញ។ លោក បញ្ជាក់ថា ការថមថយនេះ ជាសញ្ញាវិជ្ជមានមួយបង្ហាញថា អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ មានការថយថយ និងក៏ជាសញ្ញាល្អសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូលផងដែរ។
លោក ផល វ៉ាន់ឌី បានអះអាងទៀតថា ចំនួនអតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលបានដាក់ពាក្យស្នើសុំ ស្ថិតនៅចន្លោះក្រោម១ពាន់នាក់ក្នុងមួយសប្តាហ៍ ប៉ុន្តែដោយសារមួយរយៈចុងក្រោយនេះមានអតិថិជនមួយចំនួន បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ក៏ត្រូវបានប្រើយន្តការរៀបចំឥណទានឡើងវិញជាមួយគ្នានឹងយន្តការកូវីដ ១៩ផងដែរ ទើបធ្វើឲ្យចំនួនអ្នកស្នើសុំស្ថិតមកនៅត្រឹម១ពាន់នាក់នេះ។
លោកបន្តថា ក្នុងរយៈពេល២ ទៅ៣ សប្តាហ៍ ចុងក្រោយនេះឃើញថា អតិថិជនបានវិលមករកសភាពដើមខ្លះៗវិញហើយ ជាពិសេសនៅក្នុងវិស័យសហគ្រាសធនតូច និងមធ្យម និងអាជីវកម្មទូទៅ លើកលែងតែវិស័យទេសចរណ៍ប៉ុណ្ណោះ នៅតែបន្តរងផលប៉ះពាល់ខ្លាំងដដែល។
លោក ផល វ៉ាន់ឌី បន្តថា ការវិវត្តរបស់វិស័យហិរញ្ញវត្ថុនេះ រាប់ទាំងចំនួនអតិថិជន ចំនួនឥណទានសរុបក្នុងវិស័យ ដែលជាឧទាហរណ៍ចំនួនអតិថិជនដាក់ប្រាក់សន្សំ និងប្រាក់បញ្ញើគឺមិនមានសញ្ញាប្រែប្រួលខ្លាំងក្លានោះទេ។ ប៉ុន្តែ ចំពោះការស្នើសុំឥណទានថ្មីៗគិតមកដល់ត្រឹមរយៈពេល៩ខែ ឆ្នាំ២០២០ គឺមានកំណើនទាបជាងឆ្នាំ២០១៩ ប្រមាណ១០ ភាគរយ ខណៈដែលអតិថិជនភាគច្រើនបានបង្ហាញពីមានភាពប្រុងប្រយ័ត្នខ្ពស់ក្នុងការពង្រីកអាជីវកម្មបន្ថែម ក្នុងដំណាក់កាលជំងឺកូវីដ ១៩៕