ការលើកឡើងពីក្ដីបារម្ភនេះ បានធ្វើឡើង នៅក្នុងជំនួបរវាងនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) លោក Kash Patel ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងអគ្គស្នងការនគរបាលជាតិ ឯកឧត្តម ស ថេត អំឡុងពេលដែល លោកនាយក FBI រូបនេះ បានបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។
ក្នុងជំនួបនោះ នាយក FBI អាម៉េរិក បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាឆបោកតាមអនឡាញ និងបានបញ្ជាក់ថាអាម៉េរិក កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនានា ក្នុងការបំបាត់បណ្តាញឆបោកតាមអនឡាញខុសច្បាប់។
យោងតាមប្រភពព័ត៌ពីបណ្ដាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹងដែរថា សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា ប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក មានកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងវិស័យសន្តិសុខ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចធិបតី ក៏បានគូសរំលេចអំពី ការត្រៀមខ្លួនរបស់កម្ពុជា ក្នុងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខែកញ្ញា ឆ្នាំ២០២៦ ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមតំបន់ និងសកលលោកនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា បានបញ្ជាក់ដែរថា ទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនតាមអនឡាញ។ កិច្ចសហការនេះ រួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការស៊ើបអង្កេត ការផ្តន្ទាទោសក្រុមឧក្រិដ្ឋជនកម្រិតខ្ពស់ និងការចែករំលែកព័ត៌មានពាក់ព័ន្ធនឹង បុគ្គលដែលរួមគំនិត និងទីតាំងប្រតិបត្តិការឆបោក។
ស្ថានទូតសហរដ្ឋអាម៉េរិក ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាម៉េរិក គាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យមានយុត្តិធម៌សម្រាប់ជនរងគ្រោះ និងការទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិបទល្មើសឆបោកតាមអនឡាញ បុគ្គលរួមគំនិត និងអ្នកពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស។
ជាមួយគ្នានេះ សហរដ្ឋអាម៉េរិក បានអះអាងថា នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ ក្នុងគោលបំណងការពារជនរងគ្រោះពីបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដែលបាននិងកំពុងបន្ដតម្រង់គោលដៅ មកលើពលរដ្ឋអាម៉េរិក។
ដោយឡែក បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា អាជ្ញាធរមានសមត្ថកិច្ចបានបណ្ដេញជនបរទេសជាង ៤ម៉ឺន៥ពាន់នាក់ចេញពីប្រទេសកម្ពុជា នៅត្រឹមឆមាសទី១ ឆ្នាំ២០២៦។ ក្នុងចំណោមនោះ មានជាង ១ម៉ឺន៦ពាន់នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕