វិស័យ SME

អ្នកជំនាញជំរុញឱ្យរដ្ឋាភិបាលពន្លឿនការធ្វើកំណែទម្រង់ការស្នើសុំអាជ្ញាបណ្ណអាជីវកម្ម និងស្នើឱ្យបង្រួមក្រសួង ស្ថាប័ន ដើម្បីកាត់បន្ថយភាពស្មុគស្មាញ


ក្រុមអ្នកជំនាញ និងអ្នកធុរកិច្ចក្នុងស្រុកបានលើកឡើងស្របគ្នាថា នីតិវិធីស្មុគស្មាញក្នុងការស្នើសុំអាជ្ញាបណ្ណ និងកង្វះការសម្របសម្រួលរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ កំពុងក្លាយជាឧបសគ្គរាំងស្ទះយ៉ាងខ្លាំងដល់ការវិនិយោគ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា។
វិស័យ SME
ដោយ

ក្រុមអ្នកជំនាញបានជំរុញឱ្យរាជរដ្ឋាភិបាលពន្លឿនការធ្វើកំណែទម្រង់រដ្ឋបាល និងសម្រួលនីតិវិធី ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងលើកកម្ពស់បរិយាកាសធុរកិច្ច ដោយពួកគេបានសំណូមពរយ៉ាងទទូចឱ្យរាជរដ្ឋាភិបាលបង្កើតយន្តការច្រកចេញចូលតែមួយ ដែលមានសិទ្ធិសម្រេចដល់អ្នកស្នើសុំបើកអាជីវកម្ម។ ទន្ទឹមនឹងនេះ អ្នកជំនាញជំរុញឱ្យរដ្ឋាភិបាលពន្លឿនការធ្វើកំណែទម្រង់ការស្នើសុំអាជ្ញាបណ្ណអាជីវកម្ម និងស្នើឱ្យបង្រួមក្រសួងស្ថាប័ន ដើម្បីកាត់បន្ថយភាពស្មុគស្មាញ។

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានលើកឡើងថា ការធ្វើអាជីវកម្មនៅកម្ពុជាហាក់បានជួបឧបសគ្គយ៉ាងច្រើន ជាក់ស្ដែងគ្រាន់តែវិនិយោគិនចង់បើកអាជីវកម្មផលិតសាប៊ូតម្រូវឱ្យឆ្លងកាត់ក្រសួងចំនួន៩ និង១៤នាយកដ្ឋាន ដែលបញ្ហានេះកំពុងបង្អាក់ដល់អ្នកមានធនធានផ្សេងទៀតអាចនឹងដកខ្លួនចេញ។ បើតាមអ្នកជំនាញរូបនេះ សហគ្រាសធុនតូច និងមធ្យមបានដើរតួនាទីសំខាន់ណាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងផ្ដល់ឱកាសការងារក្នុងស្រុក ជាពិសេសការផលិតសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ស្នើដល់រដ្ឋាភិបាលគួរតែធ្វើកំណែទម្រង់បង្រួមក្រសួងឱ្យតូចជាងមុន ពោលគឺពី៣១ក្រសួង និងរដ្ឋាលេខាធិការដ្ឋានមកនៅត្រឹម១៥ក្រសួង ដើម្បីបង្កើនប្រសិទ្ធិភាពការងារ និងពន្លឿននីតិវិធីបម្រើដល់សារធារណៈជន។

ជាមួយគ្នានេះឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស បានលើកឡើងថា ករណីអ្នកផលិតក្នុងស្រុករអ៊ូរទាំពាក់ព័ន្ធនឹងនីតិវិធីស្មុគស្មាញពេលស្នើសុំអាជ្ញាបណ្ណនោះជារឿងដែលបានកើតឡើងពិតប្រាកដមែន ដោយសារប្រព័ន្ធចុះបញ្ជីតម្រូវឱ្យមានលិខិតអនុញ្ញាតពីក្រសួង-ស្ថាប័នជាច្រើន តែយ៉ាងណារាជរដ្ឋាភិបាល ក៏កំពុងខិតខំជួយសម្របសម្រួលលើរឿងនេះផងដែរ។ លោកឧកញ៉ា រំពឹងថា ក្នុងពេលឆាប់ៗនេះនឹងមានការកែសម្រួលវិធានការគាំទ្រដល់វិស័យ SME ហើយលោកបានស្នើឱ្យស្ថាប័នពាក់ព័ន្ធថ្នាក់ក្រោមជាតិបង្ហាញឆន្ទៈចូលរួមឱ្យកាន់តែខ្ពស់បន្ថែមទៀត។ ជាមួយគ្នានេះអ្នកជំនាញរូបនេះលើកទឹកចិត្តឱ្យអ្នកផលិតក្នុងស្រុកត្រូវហ៊ានលើកយកបញ្ហាប្រឈមជាក់ស្តែងមកជម្រាបជូនថ្នាក់ដឹកនាំ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយជំរុញខ្សែច្រវាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែមានភាពល្អប្រសើរ។

ជុំវិញបញ្ហានេះដែរអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស និងជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបនៅកម្ពុជាចង់ឱ្យរាជរដ្ឋាភិបាលបង្កើតយន្តការច្រកចេញចូលតែមួយ ដើម្បីបង្រួមនីតិវិធីស្នើសុំ និងចុះបញ្ជីអាជីវកម្ម ដែលស្មុគស្មាញឱ្យមានបរិយាកាសល្អប្រសើរឡើងវិញសំដៅទាក់ទាញការវិនិយោគក្នុងស្រុកឱ្យកាន់តែច្រើន។ ទោះជាយ៉ាងណា អ្នកឧកញ៉ាបានគូសបញ្ជាក់ថា យន្តការច្រកចេញចូលតែមួយនោះតម្រូវឱ្យមានមន្ត្រីប្រកបដោយឆន្ទៈខ្ពស់ក្នុងការជួយជំរុញវិស័យ SME យ៉ាងពិតប្រាកដ បើពុំនោះទេ វិស័យនេះនៅតែបន្តរងផលប៉ះពាល់ដដែល។ ជាមួយគ្នានោះ អ្នកឧកញ៉ា សំណូមពរឱ្យស្ថាប័នពាក់ព័ន្ធជួយបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកសុវត្ថិភាព និងចំណេះដឹងចំណីអាហារឱ្យបានច្រើន បន្ថែមទៀត។

ឆ្លើយតបនឹងសំណើ និងកង្វល់ខាងលើ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថ្មីៗថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្លាំងលើវិបត្តិលិខិតស្នាម ដែលបង្កភាពស្មុគស្មាញទាំងនេះ ដោយព្យាយាមសម្រួលកាត់បន្ថយការត្រួតពិនិត្យជាន់គ្នារវាងក្រសួង និងក្រសួង បង្រួញរយៈពេល និងកាត់បន្ថយថ្លៃសេវាឱ្យទាបជាងមុន។ ជាចំណាត់ការចំពោះមុខ ក្រសួងបានសាកល្បងដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំអាជ្ញាប័ណ្ណល្បឿនលឿនសម្រាប់អាជីវកម្មផលិតសាប៊ូ ដោយកាត់បន្ថយមកត្រឹមរយៈពេលតែ៦ថ្ងៃប៉ុណ្ណោះ ហើយប្រសិនបើទទួលបានជោគជ័យយន្តការនេះនឹងត្រូវពង្រីកទៅអនុវត្តលើវិស័យអាជីវកម្មផ្សេងៗទៀត។

បើតាមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកផលិតក្នុងស្រុក ស្ថាប័នរដ្ឋ ឬអាជ្ញាធរពាក់ព័ន្ធទាំងឡាយគួរតែផ្លាស់ប្តូរផ្នត់គំនិត ជាជាងចាំតែចាប់កំហុស ចាំផាកពិន័យ និងចាំបិទអាជីវកម្មលើអ្នកផលិតក្នុងស្រុក ត្រូវដើរតួជាអ្នកចង្អុលបង្ហាញផ្លូវ និងជួយសម្រួលការងារឱ្យពួកគេធ្វើត្រូវវិញទើបជាសកម្មភាពគំរូដ៏ល្អក្នុងការជួយជំរុញខ្សែច្រវាក់ផលិតកម្មក្នុងស្រុកឈានទៅកាត់បន្ថយការហូរចូលទំនិញពីក្រៅប្រទេសបានពិតប្រាកដ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


បំណុលរបស់បណ្ដាប្រទេសអភិវឌ្ឍន៍អាចហក់ឡើងដល់កម្រិតកំណត់ត្រា៧៥,៨ទ្រីលានដុល្លារ ដែលជាសញ្ញាព្រមានមួយសម្រាប់សេដ្ឋកិច្ចពិភពលោក

ញ្ហាបំណុល​កំពុងក្លាយជាគ្រាប់បែកសម្រាប់សេដ្ឋកិច្ចពិភពលោក ដែលរង់ចាំតែពេលផ្ទុះឡើងតែប៉ុណ្ណោះ។ ទីភ្នាក់​ងារ​វាយតម្លៃគុណភាពឥណទានអន្តរជាតិ Fit…

នាយក FBI អាម៉េរិក ជួបជាមួយនាយករដ្ឋមន្ត្រី និង មេប៉ូលិសកម្ពុជា ដើម្បីដោះស្រាយ​ប្រតិបត្តិការបង្ក្រាប​ឧក្រិដ្ឋកម្ម​​ឆបោកតាមអនឡាញ

សហរដ្ឋអាម៉េរិក ​បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះការកើនឡើងនៃប្រតិបត្តិការឆបោក​តាមអនឡាញនៅកម្ពុជា ដែលបានបណ្តាលឱ្យ​ជនរងគ្រោះជាជនជាតិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ