
បើគិតមកទល់នឹងពេល គឺមានរយៈពេលជិត១ឆ្នាំ ដែលក្រុមការងារខេមបូណូមីស ធ្លាប់បានចុះទៅកសិដ្ឋានចិញ្ចឹមក្រពើ Cambo Crocodile Farm ដែលជាកសិដ្ឋានចិញ្ចឹមក្រពើដ៏ធំនិងមានអាយុកាលយូរជាងគេបង្អស់ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មកដល់ពេលនេះ កសិដ្ឋានមានចិញ្ចឹមក្រពើ ប្រមាណជា ៥ពាន់ក្បាល រាប់ចាប់តាំងពីក្រពើទើបញាស់ រហូតដល់ក្រពើធំ។
កាលពីឆ្នាំមុន លោក កាំង សារិន ម្ចាស់កសិដ្ឋាន Cambo Crocodile Farm បានត្អូញត្អែរពីការចុះថ្លៃនៃតម្លៃកូនក្រពើ និងបានលើកឡើងថា លោកបានលក់ដីជាបណ្តើរៗ ហើយដើម្បីទិញចំណីឲ្យក្រពើស៊ីវិញ។ នៅឆ្នាំនេះ ស្ថានភាពតម្លៃកូនក្រពើ កាន់តែយ៉ាប់យឺនខ្លាំងជាងឆ្នាំមុនទៀត ព្រោះថា ឆ្នាំនេះតម្លៃកូនចុះនៅសល់តែ ២,៥ដុល្លារ ទៅ៣ដុល្លារតែប៉ុណ្ណោះ ខណៈដែលឆ្នាំមុនតម្លៃកូនក្រពើមួយក្បាលតម្លៃ ៥ដុល្លារ។
ស្ថានភាពទីផ្សារនេះ ត្រូវបានលោក កាំង សារិន អះអាងថា លោកមិនទាន់លក់ចេញទេនៅអំឡុងពេលនេះ ព្រោះ បានតម្លៃទាបពេក។ លោកបន្ថែមថា «ឆ្នាំនេះថៃអត់ទិញកូនក្រពើ វៀតណាមសង្កត់តម្លៃជាប់ នាំឲ្យកូនក្រពើតម្លៃទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត»។ លោកបានបន្តថា «នៅខេត្តសៀមរាប មានកសិដ្ឋានខ្លះបានបិទទ្វារទៅហើយ ដោយសារតែមានមុខរបរចិញ្ចឹមក្រពើតែមួយមុខ ហើយខ្លះទៀតទើបតែចិញ្ចឹមថ្មីថ្មោង បានប្រមែប្រមូលក្រពើលក់អស់ហើយ លក់ក៏លក់ដែរ ព្រោះទ្រាំទ្រទៀតលែងបាន»។
លោកបានបន្ថែមថា« ដោយសារតែក្រពើគ្មានហាងឆេងសោះ នៅក្នុងរយៈពេល៤ឆ្នាំជាប់គ្នានេះ បានធ្វើឲ្យលោកខាតអស់ជាង១០ម៉ឺនដុល្លារហើយ តែមួយរយៈនេះ ខ្ញុំឈរបានដោយសារមានដីលក់ខ្លះមកឲ្យក្រពើស៊ី ព្រោះដីនេះខ្ញុំទិញបានដោយសារលក់ក្រពើ ឥឡូវលក់ដីឲ្យក្រពើស៊ីវិញហើយ»។

បើទោះជា មុខរបរចិញ្ចឹមក្រពើ ធ្វើឲ្យខាតថវិកាច្រើនក្នុងរយៈពេល៤ឆ្នាំ ជាប់ៗគ្នានេះមែន តែម្ចាស់ Cambo Crocodile Farm វ័យ៦០ឆ្នាំផ្លាយរូបនេះ មិនធ្លាប់គិតចង់បោះបង់របរនេះចោលនោះទេ គឺនៅតែតស៊ូ ក្រាញននៀលបន្តទៀត ព្រោះលោកយល់ថា គាត់មានបានដល់សព្វថ្ងៃនេះក៏ដោយសារការចិញ្ចឹមក្រពើនេះដែរ៕