លោក អ៊ុង វិសាល ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ នៅក្នុងខេត្តសៀមរាប បានប្រាប់ ខេមបូណូមីស ឱ្យដឹងថា ក្នុងរយៈពេល៤ឆ្នាំមកនេះ កសិដ្ឋានរបស់លោកប្រឈមនឹងការខាតបង់ថវិកាអស់ជាច្រើន ដោយសារតែក្រពើដែលចិញ្ចឹមបាន ត្រូវបានឈ្មួញទិញក្នុងតម្លៃទាប និងពុំមានទីផ្សារបញ្ជាទិញពីបរទេសដូចពីមុន។ ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងដែរថា ដោយសារតែគ្មានទីផ្សារបែបនេះ ទើបធ្វើឱ្យម្ចាស់កសិដ្ឋានមួយចំនួនបានបង្ខំចិត្តកាប់សាច់លក់ និងមាននាំចេញទៅកាន់ប្រទេសជិតខាងក្នុងចំនួនតិចតួចដែលមានតម្លៃថោក ដើម្បីបានថវិកាខ្លះមកប្រើប្រាស់សម្រាប់ទិញចំណីឱ្យក្រពើបន្តទៀត។
បើតាមលោក អ៊ុង វិសាល ក្រពើមេពីមុនធ្លាប់លក់បាន ក្នុងតម្លៃចន្លោះពី ៥០០-៦០០ដុល្លារ តែបច្ចុប្បន្នលក់បានចន្លោះតែ ៤០-៥០ដុល្លារប៉ុណ្ណោះ ក្នុង១ក្បាល ហើយប្រសិនបើទីផ្សារនៅតែបន្ដដូច្នេះ នោះកសិដ្ឋានរបស់លោក ដែលមានចិញ្ចឹមក្រពើទាំងមេនិងឈ្មួល ប្រមាណ៥ពាន់ក្បាល នឹងត្រូវក្ស័យធននៅក្នុងរយៈពេល១ឆ្នាំខាងមុខ។ ទោះយ៉ាងណា ម្ចាស់កសិដ្ឋាន ដែលមានបទពិសោធន៍ចិញ្ចឹមក្រពើ ជិត៣០ឆ្នាំរូបនេះ រំពឹងថា រដ្ឋាភិបាលនឹងគិតគូររកទីផ្សារដល់អ្នកចិញ្ចឹមក្រពើក្នុងស្រុកឲ្យបានឆាប់ ដូចជាការនាំចេញស្បែកក្រពើដោយត្រង់ទៅកាន់ទីផ្សារចិនជាដើម ដ្បិតវា អាចលក់បានតម្លៃខ្ពស់ ជាជាងការនាំចេញទៅកាន់ប្រទេសជិតខាង។
ពាក់ព័ន្ធនឹងស្ថានភាពការចិញ្ចឹមក្រពើនេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ការចិញ្ចឹមក្រពើក្នុងឆ្នាំ២០២៣ មានការថយចុះចាប់តាំងពីមានការរាលដាលជំងឺកូវីដ-១៩ និងម្យ៉ាងទីផ្សារក្រពើនៅអន្តរជាតិ ក៏មិនទាន់មានតម្រូវការដែរ។ ទោះយ៉ាងណា អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះ បានអះអាងថា ក្រសួងកំពុងខិតខំបន្ដការចរចារៀបចំពិធីសារ ជាមួយអគ្គរដ្ឋបាលគយចិន ដើម្បីនាំចេញស្បែកក្រពើទៅចិននៅពេលខាងមុខ។
អ្នកជំនាញធ្លាប់បានលើកឡើងដែរថា ការនាំចេញស្បែកក្រពើទៅកាន់ទីផ្សារចិនបាន គឺទាមទារឲ្យការចិញ្ចឹមមានលក្ខណៈបច្ចេកទេសត្រឹមត្រូវទើបស្បែកក្រពើអាចមានគុណភាពខ្ពស់ គួបផ្សំនឹងការវិនិយោគលើការកែច្នៃស្បែកក្រពើផងដែរ។ បច្ចុប្បន្ន ការចិញ្ចឹមក្រពើនៅកម្ពុជាភាគច្រើន គឺជាការចិញ្ចឹមលក់កូនតែប៉ុណ្ណោះ។
យោងតាមទិន្នន័យពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កសិដ្ឋាននានានៅកម្ពុជា ចិញ្ចឹមក្រពើបានចំនួនជាង ៣៣ម៉ឺនក្បាល មានការថយចុះជាង ៥ម៉ឺន៨ពាន់ក្បាល ស្មើ១៥%។ តាមទិន្នន័យដដែលនេះ បង្ហាញទៀតថា បច្ចុប្បន្ននៅកម្ពុជា មានកសិដ្ឋានចិញ្ចឹមក្រពើ ចំនួន ២៦៨ កសិដ្ឋាន ស្ថិតនៅខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កណ្តាល និងខេត្តព្រៃវែង៕
អត្ថបទ៖ បូ ដូឡា