ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ បានក្លាយជាដំបូងគេនៅឆ្នាំ២០២២ ដែលទទួលបានការឯកភាពជាគោលការណ៍លើការស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា។ តែយ៉ាងណាក្រុមហ៊ុននេះមិនអាចបោះផ្សាយលក់មូលបត្របំណុលរបស់ខ្លួនជាផ្លូវការនៅឡើយទេ ពោលគឺក្រុមហ៊ុននេះត្រូវធ្វើកិច្ចការជាច្រើនទៀត មុនអាចក្លាយជាសមាជិតពេញសិទ្ធិនៅផ្សារមូលបត្រកម្ពុជា។ បើតាមការគូសបញ្ជាក់របស់ផ្សារមូលបត្រកម្ពុជា ជាគោលការណ៍ដើម្បីអាចចុះបញ្ជី និងបោះផ្សាយលក់មូលបត្របំណុលជាផ្លូវការបាន ទាមទារឲ្យក្រុមហ៊ុននេះ មានការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា និងត្រូវបំពេញលក្ខខណ្ឌមួយចំនួនទៀតពាក់ព័ន្ធការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។
ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបានបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ នឹងក្លាយជាក្រុមហ៊ុនឯកជនទី៨ ដែលបានបោះផ្សាយលក់មូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា ប្រសិនបើក្រុមហ៊ុននេះទទួលបានការចុះបញ្ជីផ្លូវការនៅផ្សារមូលបត្រកម្ពុជាមែននោះ។ ឯកឧត្តមបានបន្ថែមថា មូលហេតុដែលជំរុញឲ្យក្រុមហ៊ុននេះគ្រោងបោះផ្សាយលក់មូលបត្របំណុលនៅលើទីផ្សារមូលបត្រ គឺដោយសារក្រុមហ៊ុននេះត្រូវការទុនបន្ថែម ដើម្បីអភិវឌ្ឍន៍វិស័យដឹកជញ្ជូនទំនិញតាមផ្លូវដែកដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ និងទទួលបានសម្បទានពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។ រ៉ូយ៉ាល់ រេលវេ ជាក្រុមហ៊ុន តែមួយគត់ដែលបម្រើសេវាកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរនៅកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនមានខ្សែរថភ្លើងពីរខ្សែដែលមានប្រវែងសរុប៦៥០គីឡូម៉ែត្រ ដោយខ្សែទី១តភ្ជាប់ពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ និងខ្សែទីពីរតភ្ជាប់ពីទីក្រុងភ្នំពេញទៅក្រុងប៉ោយប៉ែត។
បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន ១៦ក្រុមហ៊ុន។ ក្នុងនោះ ៩ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៧ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ យ៉ាងណាមិញ នៅឆ្នាំ២០២២នេះ ទើបមានក្រុមហ៊ុនថ្មីចំនួន ១ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានមកស្នើសុំចុះបញ្ជី ខណៈកន្លងមក ផ្សារមូលបត្រកម្ពុជា មានក្ដីរំពឹងថា នៅឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនថ្មី ចំនួន៤ បន្ថែមទៀត មកស្នើចុះបញ្ជី។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា៕