ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ថា បើទោះបីជាការជួញដូរក្នុងផ្សារមូលបត្រនាពេលកន្លងមកនៅតែបន្ដកំណើនល្អក្ដី ប៉ុន្ដែ បញ្ហាកូវីដ-១៩ នេះ នៅតែជាក្ដីកង្វល់ចំពោះដំណើរការនៃការចុះបញ្ជីក្រុមហ៊ុនថ្មីៗ យ៉ាងហោចណាស់៥ ក្រុមហ៊ុននៅឆ្នាំនេះអាចនឹងអូសបន្លាយដល់ឆ្នាំក្រោយទៀត។
យ៉ាងណាក៏ដោយចុះ តាមការអះអាងរបស់ឯកឧត្តម ហុង សុហួរ ការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បាននិងកំពុងកើតមាននេះ មិនបានធ្វើឲ្យរង្គោះរង្គើរ ដល់ចរន្ដជួញដូរផ្សារមូលបត្រកម្ពុជានោះទេ ប៉ុន្តែបែរជាមានការកើនឡើងគួរឱ្យកត់សម្គាល់ទៅវិញ។ ជាក់ស្តែង នៅត្រីមាសទី១ឆ្នាំនេះ ទំហំជួញដូរភាគហ៊ុនជាមធ្យមក្នុងមួយថ្ងៃបានកើនឡើងជាង៨០០% ដែលមានទឹកប្រាក់ដល់ទៅជាង ១៤ម៉ឺនដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាពីឆ្នាំ២០២០ មានត្រឹមតែ ជាង១ម៉ឺន៥ពាន់ដុល្លារតែប៉ុណ្ណោះ។
ចំណែកឯ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាវិញ ក៏មានការប្រែប្រួលមិនធម្មតាផងដែរ ដោយកាលពីត្រីមាសទី១ឆ្នាំមុន សន្ទស្សន៍បានបិទក្រោម៦០០ពិន្ទុ ដោយឡែកនៅឆ្នាំនេះ តួលេខបានហក់ឡើងដល់ ៦៣៩ពិន្ទុ ហើយការណ៍នេះបានសរបញ្ជាក់អំពីកំណើនថ្លៃភាគហ៊ុននៅលើទីផ្សារ ដែលបណ្តាលមកពីការកើនឡើងនូវតម្រូវការ ក៏ដូចជាចំណាប់អារម្មណ៍របស់វិនិយោគិនមកលើទីផ្សារ។
សូមបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ មានក្រុមហ៊ុនចុះបញ្ជីផ្សារមូលបត្រកម្ពុជាចំនួន៩ហើយ ដែលបានបង្ហាញរបាយការណ៍ប្រាក់ចំណេញរបស់ខ្លួនប្រចាំត្រីមាសទី១នៃឆ្នាំ២០២១ ខណៈដែលក្រុមហ៊ុន៤ផ្សេងទៀត បានស្នើសុំដល់និយ័តករកម្ពុជា ដើម្បីពន្យារពេល ដោយសារតែបញ្ហាកូវីដ-១៩។
ចំពោះការស្នើសុំពន្យារពេលផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុនេះដែរ ត្រូវបានឯកឧត្តម ហុង សុហួរ គូសបញ្ជាក់ថា វាអាចធ្វើឲ្យប៉ះពាល់ដល់ភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនោះខ្លះដែរ ពោលគឺវាអាចធ្វើឲ្យវិនិយោគិនដែលមានបំណងចង់វិនិយោគទៅលើក្រុមហ៊ុននោះ ខ្វះព័ត៌មានហើយអាចងាកទៅវិនិយោគលើក្រុមហ៊ុនផ្សេងវិញ៕