 
      ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា មានក្រុមហ៊ុនថ្មីៗជាច្រើន បានបង្ហាញពីចំណាប់អារម្មណ៍ចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា នៅក្នុងឆ្នាំ ២០២០នេះ ហើយផ្សារមូលបត្រ រំពឹងនឹងអាចទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មី យ៉ាងហោចណាស់ ៧ស្ថាប័ន ក្នុងនោះ មាន ៤ស្ថាប័នចាប់អារម្មណ៍លើការបោះផ្សាយមូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន និង ៣ស្ថាប័នទៀត ចាប់អារម្មណ៍លើមូលបត្របំណុល។
បើយើងគិតត្រឹមដំណាច់ឆ្នាំ ២០១៩កន្លងទៅ វិស័យមូលបត្រកម្ពុជា មាន ក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ៨ ដែលរួមមាន ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជីជាភាគហ៊ុន និង ៣ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ហើយក្រុមហ៊ុនទាំង ៨ បានប្រមូលទុនពី ផ្សារមូលបត្រសរុបជាង ១៦០លានដុល្លារអាមេរិក។
ឯកឧត្តម ហុង សុហួរ បន្ថែមថា នៅក្នុងឆ្នាំ ២០១៩ ផ្សារមូលបត្រកម្ពុជា សម្រេចបាននូវ ភាពរីកចម្រើនខ្លាំង គួរឲ្យកត់សម្គាល់ ទាំងសកម្មភាពជួញដូរមានកាន់តែច្រើន ចំនួនវិនិយោគិន ក៏បន្តកើនឡើងដល់ជាង ២,២ម៉ឺននាក់ ជាពិសេសគឺ បានបំបែកកំណត់ត្រាធំៗជាងច្រើន ដូចជា ទំហំមូលធនទីផ្សារ ឬហៅថា មូលធនូបនីយកម្មទីផ្សារ កើនឡើងជាង ៥៨ភាគរយ ពីប្រមាណ ៤៤០លានដុល្លារ ដល់ជាង ៧០០លានដុល្លារអាមេរិក ដោយសារតែវិនិយោគិន បានចាប់ផ្តើមមានសុទិដ្ឋិនិយមមកកាន់ទីផ្សារ។
បើតាមទិន្នន័យចុងក្រោយពី ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា ទំហំនៃការជួញដូរគិតជាមធ្យមក្នុងឆ្នាំ ២០១៩ មានតម្លៃទឹកប្រាក់រហូត ១៥ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ ធៀបនឹងឆ្នាំមុនទំហំទឹកប្រាក់នៃការជួញដូរក្នុងមួយថ្ងៃបានត្រឹមប្រមាណ ២ម៉ឺនដុល្លារអាមេរិក។
លោក ហា ចុង វ៉ុន (HA Jong Weon) អគ្គនាយករងនៃ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងដែរថា បើទោះបីជា វិស័យមូលបត្រនៅកម្ពុជា មានសញ្ញាល្អក្នុងឆ្នាំ ២០១៩ ក៏លោកនៅតែរំពឹងថា នឹងទទួលបានការគាំទ្របន្ថែមពី សំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជួយជំរុញ វិស័យឯកជន ដូចជា ធនាគារ មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រង ព្រមទាំងជំរុញ ក្រុមហ៊ុនស្តង់ដារធំៗ កំពូលៗ ឈានមុខគេនៅកម្ពុជាឲ្យចូលរួមក្នុងផ្សារមូលបត្រកម្ពុជា។
គួរជម្រាបដែរថា សម្រាប់ឆ្នាំ ២០២០នេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ប្តេជ្ញាវិវឌ្ឍន៍ខ្លួនទៅជា ចលករដ៏សំខាន់ ក្នុងចរន្តសេដ្ឋកិច្ចជាតិ តាមរយៈការពាំនាំក្រុមហ៊ុនសក្តានុពល និងមានតម្លាភាព ឲ្យចុះបញ្ជីកាន់តែច្រើន ដែលនឹងបង្កភាពងាយស្រួលដល់ការកៀងគរទុនដែលនៅទំនេរ សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនសហគ្រាស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
 
              
              
             
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              