កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិន

កិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងរវាងអាមេរិក និងចិន ត្រូវបានសម្រេច តែសង្គ្រាមមិនទាន់បញ្ចប់


ក្រោយពីជម្លោះពាណិជ្ជកម្មរវាង អាមេរិក និងចិន អូសបន្លាយជិត ២ឆ្នាំមកហើយនោះ នៅចុងក្រោយនេះ កិច្ចព្រមព្រៀងដំណាក់កាលទី ១ ត្រូវបានសម្រេច និងចុះហត្ថលេខាហើយនៅថ្ងៃនេះ ដែលអនុញ្ញាតឲ្យ អាជីវករ និងពាណិជ្ជករ ក៏ដូចជាវិនិយោគិន មានអារម្មណ៍ធូរស្បើយបានមួយកម្រិត។ ទោះយ៉ាងណា សេដ្ឋកិច្ចវិទូជាច្រើនរូប អះអាងថា សង្គ្រាមពាណិជ្ជកម្ម ក៏មិនអាចរលត់ទៅវិញភ្លាមៗនោះទេ ព្រោះសង្គ្រាមដំឡើងពន្ធដាក់គ្នា នៅមានបញ្ហាជាច្រើនទៀត ហើយសូម្បីតែកិច្ចព្រមព្រៀងដំណាក់កាលទី ២ នឹងកាន់តែពិបាកជាងនេះទៅទៀត។
កិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងរវាងអាមេរិក និងចិន ត្រូវបានសម្រេច តែសង្គ្រាមមិនទាន់បញ្ចប់ (រូបភាព៖ AP)

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុក​កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀង​ដ៏សំខាន់ ដែលមិនធ្លាប់មាន​ជាប្រវត្តិសាស្រ្ត​ជាមួយ ចិន ហើយក៏ជា​កិច្ចព្រមព្រៀង​ដែលនឹងធានា​បាននូវ ការធ្វើពាណិជ្ជកម្ម​ដោយយុត្តិធម៌​និងយោគយល់​ទៅវិញទៅមក។

លើសពីនេះ ចិន យល់ព្រមទិញ​ផលិតផលកសិកម្ម និងទំនិញជា​ច្រើន​ប្រភេទទៀតពី អាមេរិក ក្នុងរយៈពេល ២ឆ្នាំ ហើយចិន​ក៏ការពារដល់​បច្ចេកវិទ្យា​របស់អាមេរិក និងចុងក្រោយក៏មាន​យន្តការពង្រឹង​ច្បាប់ថ្មី​ទាក់ទងនឹង​កម្មសិទ្ធិបញ្ញា ដែលមានការពិន័យ​កាន់តែធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ ពន្ធលើទំនិញនាំចូលពី ចិន ដែលមានតម្លៃ​រាប់ពាន់​លាន​ដុល្លារនោះ គឺអាមេរិក នៅតែដាក់​គំនាបនេះដដែល តែក៏មិនមាន​ការគំរាមដំឡើង​ពន្ធថ្មីដែរ ដែលធ្វើឲ្យ បរិយាកាស​សេដ្ឋកិច្ច​សកល មានភាពធូរស្បើយ​បន្តិច ហើយទីផ្សារហ៊ុន​ទូទាំង​សកលលោក ក៏មានកំណើន​មកវិញផងដែរ។

លោក ដូណាល់ ត្រាំ បញ្ជាក់ថា អាមេរិក និងចិន​អាចជជែកគ្នាពី ការលុបចោលពន្ធ​ដែលនៅ​សល់នេះ នៅក្នុងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាលទី ២ ហើយបើសិនជា លោក យល់ព្រមលើក​លែងពន្ធភ្លាមៗនោះ លោក ត្រាំ ប្រហែល​ជាគ្មាន​ទឹកមាត់ប្រៃ អាចចរចា​ជាមួយ​ចិនបានទេ។

ឧបនាយករដ្ឋមន្រ្តីចិន លោក លូ ហេ ដែលដឹកនាំ​គណៈប្រតិភូចិន ក្នុងពិធីចុះហត្ថលេខា​នេះ បានអាន​សារលិខិតរបស់​ប្រធានាធិបតីចិន​លោក ស៊ី ជីនពីង ដែលមាន​អត្ថន័យថា កិច្ចព្រមព្រៀង​ដំណាក់កាលទី ១នេះ គឺជារឿងល្អ​សម្រាប់​ប្រទេសចិន អាមេរិក និងសកលលោក ហើយជំហាន​បន្ទាប់ ភាគីទាំងពីរ គួរតែអនុវត្ត​កិច្ចព្រមព្រៀងនេះ​ឲ្យបានល្អ និងចាត់ទុកជា គំរូ សម្រាប់​ជំរុញ​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងទំនាក់ទំនង​ទ្វេភាគី​ឲ្យកាន់តែល្អប្រសើរ។

យ៉ាងណាក៏ដោយចុះ សេដ្ឋកិច្ចវិទូជាច្រើនរូប អះអាងថា នៅក្នុងដំណាក់កាលទី ២ គឺកាន់តែលំបាក​សម្រាប់​ការចរចា ជាពិសេស​ទាក់ទងនឹង​ការឧបត្ថម្ភធន​ដល់ឧស្សាហកម្ម​របស់​រដ្ឋាភិបាល និងការផ្ទេរ​បច្ចេកវិទ្យា​ដោយបង្ខំ។

ជាមួយគ្នានេះ មន្រ្តីចិនពាក់ព័ន្ធ​នឹងកិច្ចព្រមព្រៀងនេះ​ បង្ហាញថា ចិន មិនបានបង្ហាញ​ឆន្ទៈណាមួយ ក្នុងការ​កាត់បន្ថយពន្ធ ដែលចិន​បានដំឡើង​លើទំនិញ​អាមេរិកនោះទេ ដោយគ្រាន់តែយល់​ព្រមបន្ថែម​ការបញ្ជាទិញ​ទំនិញពី​អាមេរិក​ថែមប៉ុណ្ណោះ។

គួរជម្រាបដែរថា កិច្ចព្រមព្រៀងដំណាក់កាលទី ១នេះ ចង់បង្ហាញថា អាមេរិក និងចិន ទើបតែចាប់ផ្តើម​ជំហានទីមួយប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហា ដែលមានរយៈពេលវែង ស្មុគស្មាញ និងពិបាកបំផុត ជាពិសេសគឺ​ការចាប់ផ្តើម​បន្ស៊ីគ្នា នូវភាពខុសគ្នា​រវាង អាមេរិក និងចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារមូលបត្រកម្ពុជា រំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មី យ៉ាងតិចណាស់ ៧ស្ថាប័ន ក្នុងឆ្នាំ ២០២០

ព័ត៌មាន
ស្របពេលដែលឆ្នាំ ២០១៩ ជាឆ្នាំដ៏អស្ចារ្យសម្រាប់ វិស័យមូលបត្រកម្ពុជា ដែលបានបំបែកកំណត់ត្រាជាច្រើននោះ នៅក្នុងឆ្នាំ ២០២០នេះ អ្នកជំនាញនៅក្នុងវិស័…

គ្រោះរាំងស្ងួតធ្ងន់ធ្ងរ បណ្តាលឲ្យតម្លៃផលិតផលកសិកម្មទូទាំងប្រទេសថៃ កើនឡើងខ្ពស់

ព័ត៌មាន
នៅក្នុងឆ្នាំ ២០២០នេះ ប្រទេសថៃ អាចជួបនឹងវិបត្តិគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលនឹងប៉ះពាល់ដល់ ផលិតផលកសិកម្មជាច្រើនមុខ ដូចជា អង្ករ បន្លែ ផ្លែឈើ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ