ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បាន ប្រាប់ឲ្យដឹងថា បើទោះជា មួយរយៈពេលចុងក្រោយនេះ មានបញ្ហាមួយចំនួនកើតមានឡើងក្នុងសង្គមដូចជា ការចាកចេញរបស់ជនជាតិចិន ក៏ដោយ គឺមិនឃើញមាន សញ្ញាអវិជ្ជមានណាមួយ ប៉ះពាល់ដល់ វិស័យមូលបត្រកម្ពុជា នោះឡើយ ពោលគឺ ការជួញដូរភាគហ៊ុន នៅតែមានសកម្មភាពជាធម្មតា ហើយថ្លៃភាគហ៊ុន ក៏គ្មានការធ្លាក់ចុះខ្លាំងណាមួយ គួរឲ្យកត់សម្គាល់នោះដែរ។
ផ្ទុយទៅវិញ ឯកឧត្តម ហុង សុហួរ បង្ហើបថា មានក្រុមហ៊ុនថ្មីៗចំនួន ៥ បានបង្ហាញពី ចំណាប់អារម្មណ៍ចុះបញ្ជីទៅលើ ផ្សារមូលបត្រកម្ពុជា ដែលរំពឹងនឹងអាចចុះបញ្ជីនៅដើមឆ្នាំ ២០២០ខាងមុខ តែយ៉ាងណាមិញ ក្រុមហ៊ុនទាំង ៥នេះ ស្នើសុំរក្សាសិទ្ធិមិនទាន់បញ្ចេញឈ្មោះឲ្យដឹងនោះទេ។
បច្ចុប្បន្នក្រុមហ៊ុនផ្សារភាគហ៊ុនកម្ពុជា ក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ៨ ដែលរួមមាន ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជីជាភាគហ៊ុន និង ៣ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ហើយក្រុមហ៊ុនទាំង ៨ បានប្រមូលទុនពី ផ្សារមូលបត្រសរុបជាង ១៦០លានដុល្លារអាមេរិក។
ទិន្នន័យចុងក្រោយពី ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០១៩នេះ ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ បានកើនឡើងរហូតដល់ទៅ ២០ម៉ឺនដុល្លារអាមេរិក មានប្រមាណជាង ៨ម៉ឺនហ៊ុន ក្នុងនោះ ការជួញដូរ ៦៣% ធ្វើឡើងដោយវិនិយោគិនខ្មែរ និងសល់ ៣៧% ទៀត ដោយវិនិយោគិនបរទេស។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៩ខែនេះ ចំនួនគណនីជួញដូរក្នុងទីផ្សារមូលបត្រកម្ពុជា បានកើនឡើងដល់ជាង ២,២ ម៉ឺននាក់ ដោយក្នុងនោះ គណនីវិនិយោគិនខ្មែរ មានជាង ១,៨ ម៉ឺនគណនី ខណៈដែរ វិនិយោគិនបរទេស មានជាង ៣ពាន់គណនី៕