ក្រុមហ៊ុនបម្រើសេវាកម្មទូរគមនាគមន៍ សែលកាត គឺជាក្រុមហ៊ុនទីពីរដែលមានតម្លៃវិនិយោគខ្ទង់ពាន់លានដុល្លារ ដែលបានបោះផ្សាយលក់មូលបត្រនៅក្នុងផ្សារមូលបត្រកម្ពុជា បន្ទាប់ពីធនាគារ អេស៊ីលីដា។ តាមរយៈវត្តមានក្រុមហ៊ុនទាំងពីរនេះ អគ្គនាយកផ្សារមូលបត្រកម្ពុជា រំពឹងថា នឹងធ្វើឲ្យទំហំជួញដូរភាគហ៊ុននៅកម្ពុជា ដែលកំពុងមានការថយចុះ នឹងហក់ឡើងមកវិញផងដែរ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាមានសុទិដ្ឋិនិយមថា ការជួញដូរភាគហ៊ុននៅកម្ពុជានឹងកាន់តែមានភាពមមាញឹកមួយកម្រិតបន្ថែមទៀត ក្រោយការចូលការចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ឬសែលកាត និងក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន ដែលសុទ្ធសឹងជាក្រុមហ៊ុនមានឈ្មោះបោះសំឡេង និងមានការគាំទ្រច្រើនពីមហាជន។ ក្រុមហ៊ុន សែលកាត បានក្លាយជាក្រុមហ៊ុនទីពីរនៅផ្សារមូលបត្រកម្ពុជា ដែលមានតម្លៃវិនិយោគខ្ទង់ពាន់លានដុល្លារ បន្ទាប់ពីធនាគារ អេស៊ីលីដា ដែលបានឈានជើងចូលក្នុងវិស័យភាគហ៊ុនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
ក្រុមហ៊ុនសែលកាតរបស់អ្នកឧកញ៉ា គិត ម៉េង បានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធរបស់ខ្លួនជាផ្លូវការកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ខណៈក្រុមហ៊ុន ម៉េងលី ជេ គួច របស់អ្នកឧកញ៉ា គួច ម៉េងលី នឹងបោះផ្សាយលក់ភាគហ៊ុនជាផ្លូវការនៅថ្ងៃទី២៨ មិថុនា។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា សម្រាប់ការឈានជើងចូលផ្សារភាគហ៊ុនជាលើកដំបូងនេះ ក្រុមហ៊ុន សែលកាត បានប្រកាសបោះផ្សាយលក់ភាគហ៊ុនជាង៩លានភាគហ៊ុន ដោយមួយភាគហ៊ុនមានតម្លៃ ២,២៧០រៀល ជាមួយក្តីរំពឹងទទួលបានដើមទុនជាង ៥លានដុល្លារអាមេរិក។
ពាក់ព័ន្ធស្ថានភាពជួញដូរភាគហ៊ុននៅកម្ពុជាឯកឧត្តម ហុង សុហួរ បានគូសបញ្ជាក់ថា ការជួញដូរភាគហ៊ុននៅកម្ពុជានៅប៉ុន្មានខែចុងក្រោយនេះហាក់មានទំនោរធ្លាក់ចុះទំហំជួញដូរ ប៉ុន្ដែសកម្មភាពជួញដូរហាក់មានភាពមមាញឺក បើធៀបនឹងការជួញដូរកាលពីឆ្នាំ២០២២។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ នៅក្នុងរយៈពេល៥ខែកន្លងមកនេះ ការជួញដូរភាគហ៊ុននៅកម្ពុជាមានទំហំចន្លោះពី២០ម៉ឺនដុល្លារទៅ៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ មានការធ្លាក់ចុះបន្តិចបើធៀបនឹងការជួញដូរក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចន្លោះពី៤០ម៉ឺនទៅ៥០ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ។ ទោះយ៉ាងណា ឯកឧត្តម ហុង សុហួររំពឹងថា តាមរយៈវត្តមានក្រុមហ៊ុនធំៗទាំងពីរខាងលើ នឹងធ្វើឲ្យទំហំជួញដូរនឹងមានកំណើនឡើងវិញ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៩បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ១០ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល។ បន្ថែមលើក្រុមហ៊ុនទាំងពីរខាងលើ ថ្នាក់ដឹកនាំ CSX រំពឹងថា ផ្សារមូលបត្រកម្ពុជានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិចំនួនមួយ និងបោះផ្សាយលក់មូលបត្របំណុលពី៣ទៅ៤ក្រុមហ៊ុនបន្ថែមទៀតនៅឆ្នាំនេះ ឬដើមឆ្នាំក្រោយ៕