នាឱកាសសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព នៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី២៧ ខែ តុលា ឯកឧត្តម គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ខែកញ្ញា រហូតដល់ថ្ងៃទី២៦ ខែតុលា មានរថយន្តគ្មានពន្ធចំនួន ៥៤២គ្រឿង បានបង់ពន្ធ ដែលគិតជាទឹកប្រាក់មានជាង ៧លាន៣សែនដុល្លារ។ ក្នុងនោះ រថយន្តចង្កូតឆ្វេង មានចំនួន ៣៥២គ្រឿង ដែលគិតជាទឹកប្រាក់ជាង៥លាន៨សែនដុល្លារ និងរថយន្តចង្កូតស្ដាំ ដែលកែទៅចង្កូតឆ្វេង ចំនួន១៩០គ្រឿង ដែលគិតជាទឹកប្រាក់ចំនួន១លាន៥សែនដុល្លារ។
យ៉ាងណាក៏ដោយ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានយល់ឃើញថា ការប្រមូលពន្ធលើរថយន្តគ្មានពន្ធហាក់នៅមានកម្រិតនៅឡើយ ដោយសារតែអំឡុងពេលនៃការប្រមូលពន្ធនេះ កម្ពុជា បានជួបនូវវិបត្តិកូវិដ-១៩។ បើតាមការអះអាងរបស់គុណ ញឹម សព្វថ្ងៃ កន្លែងកែច្នៃរថយន្តពីចង្កូតស្ដាំ ទៅឆ្វេង មានតែ ២កន្លែង ប៉ុណ្ណោះ ក្នុងរាជធានីភ្នំពេញ ដូច្នេះ នេះក៏ជាឧបសគ្គមួយដែរ ក្នុងកិច្ចការប្រមូលពន្ធ ដោយសារតែម្ចាស់យានយន្តត្រូវចំណាយថវិកាច្រើន និងពេលវេលាយូរ ដើម្បីកែសម្រួលចង្កូតពីស្ដាំ ទៅឆ្វេងនេះ។
តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បច្ចុប្បន្ននេះ នៅកម្ពុជា មានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធ ប្រមាណជិត ១ម៉ឺនគ្រឿង។ ទន្ទឹមនេះ ឯកឧត្តម គុណ ញឹម ក៏បានអំពាវនាវជាថ្មី ឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗគ្មានពន្ធ បំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរ ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០ភាគរយ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់ឱសាទវាទ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បើម្ចាស់រថយន្តគ្មានពន្ធមិនចូលទៅបង់ពន្ធទេនោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចាត់វិធានការធ្ងន់ធ្ងរលើម្ចាស់រថយន្តទាំងនោះ ដោយមិនអនុគ្រោះទៀតនោះទេ។ ជាមួយគ្នានោះ នៅឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានផែនការប្រមូលថវិកា ឱ្យលើសថវិកាប្រមូលបាននៅឆ្នាំ២០២១ ចំនួន ៩,៥ភាគរយផងដែរ លើការប្រមូលពន្ធរថយន្តដែលគ្មានពន្ធនេះ៕