
កម្មវិធីដ៏ធំមួយនេះ នឹងត្រូវរៀបចំឡើងនៅក្នុងខេត្តសៀមរាប ដែលរួមមានសកម្មភាពដាំដើមឈើដើម្បីជួយដល់បរិស្ថាន ប្រណាំងកង់ជាលក្ខណៈកំសាន្តដើម្បីស្វែងរកមូលនិធិសម្រាប់ជួយដល់មន្ទីពេទ្យកុមារអង្គរ និងរត់ប្រណាំងដោយបំពាក់ភ្លើងពណ៌ក្នុងពេលរាត្រីនាបរិវេនប្រាសាទអង្គរវត្ត។ នេះលើកទីមួយហើយដែលកម្មវិធីសប្បាយៗក្នុងពេលរាត្រីបែបនេះនឹងលេចចេញជារូបរាងឡើងនាទឹកដីអង្គររបស់យើងនៅក្នុងខែសីហាខាងមុខនេះ។
កម្មវិធីនេះមានការគាំទ្រដោយអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីពេទ្យកុមារអង្គរ។
ការធ្វើឲ្យបរិស្ថាន និងទេសចរណ៍មានសក្តានុពលល្អឡើងគឺចាប់ផ្តើមពីយើងទាំងអស់គ្នាចូលរួមសហការ។ កម្មវិធីនេះសង្ឃឹមថានឹងមានអ្នកចូលយ៉ាងហោចណាស់ចន្លោះពី ៧០០ ទៅ ១៥០០ នាក់។ កម្មវិធីនេះចែកចេញជា ៣ ផ្នែកសំខាន់ៗដូចជា
-ការដាំកូនឈើ
-ការប្រណាំងកង់ដោលរបស់កុមារ និងកង់យឺតរបស់យុវវ័យ
-ការរត់កំសាន្តបំពាក់ភ្លើងចំរុះពណ៌នាពេលរាត្រី ជុំវិញបរិវេនប្រាសាទអង្គរ
នេះជាការរួមចំណែកយ៉ាងសំខាន់មួយរបស់ក្រុមហ៊ុនឯកជនក្នុងគោលបំណងជួយកៀងគររកថវិកាដើម្បីទ្រទ្រង់ដល់មន្ទីពេទ្យកុមារអង្គរ និងជួយលើកកំពស់កំណើនទេសចរណ៍សម្រាប់ខេត្តសៀមរាបផងដែរ។ ការចូលរួមកម្មវិធីរបស់លោកអ្នកនាពេលនោះ មានន័យថាលោកអ្នកកំពុងតែជួយដល់សង្គមជាតិយើងផងដែរ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន មេរុ៍ ខមម្យូនីខេសិន (ខេមបូឌា) ឯ.ក គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាផ្សេងៗមួយចំនួនទៀតផងដែរនៅក្នុងឆ្នាំនេះ។



