ទីក្រុងសៀងហៃ បច្ចុប្បន្ននេះ គឺជាកន្លែងដែលកំពុងមានការរាតត្បាតកូវីដ១៩ខ្លាំងក្លាជាងគេ ធៀបនឹងទីក្រុងផ្សេងៗទៀតរបស់ចិន ហើយក៏កំពុងរងនូវវិធានការកូវីដ១៩ដ៏តឹងរ៉ឹងជាងគេផងដែរ។ សរុបមកទល់ពេលនេះ ទីក្រុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់ប្រទេសចិននេះ មានករណីឆ្លងកូវីដ១៩សរុបជាង៥០ម៉ឺននាក់ និងអ្នកស្លាប់សរុប ១៣៨ នាក់។ នេះបើតាមការចុះផ្សាយសារព័ត៌មាន South China Morning Post។
ទីក្រុងសៀងហៃហាក់មិនមានទីបញ្ចប់ចំពោះការបិទទីក្រុងរបស់ខ្លួនឡើយទេ ខណៈដែលករណីស្លាប់បានកើនឡើងជាបន្ដបន្ទាប់ ហើយអ្នកស្លាប់ភាគច្រើនជាមនុស្សចាស់ដែលមានជំងឺប្រចាំកាយស្រាប់។
ឧបនាយករដ្ឋមន្ត្រីចិនលោកស្រី ស៊ុន ឈុនឡាន (Sun Chunlan) ដែលចុះទៅទីក្រុងសៀងហៃ ដើម្បីត្រួតពិនិត្យការងារប្រឆាំងការរាតត្បាតកូវីត ១៩ បាននិយាយថា ទីក្រុងសៀងហៃត្រូវតែមានការតាំងចិត្តក្នុងការចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីសម្រេចបានគោលនយោបាយគ្មានកូវីដ ១៩ របស់រដ្ឋអំណាចទីក្រុងប៉េកាំង។ លោកស្រីបន្ថែមថា វិធានការដ៏តឹងរឹងត្រូវតែធ្វើឡើងដើម្បីបញ្ឈប់ការឆ្លងនេះឲ្យបានឆាប់រហ័ស ខណៈការផ្ទុះឡើងនៃមេរោគឆ្លងកូវីត ១៩ ដែលអូសបន្លាយរយៈពេលយូរនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកាន់តែខ្លាំង ប្រសិនបើមិនមានការបញ្ចប់ការរាតត្បាតឲ្យបានក្នុងពេលឆាប់ៗទេនោះ។
គួរកត់សម្គាល់ថា នៅទូទាំងប្រទេសចិនបានរាយការណ៍ករណីឆ្លងថ្មីទូទាំងប្រទេសចំនួនសរុបជាង ២ម៉ឺននាក់ នៅថ្ងៃទី ២៥មេសា ដែលកើនឡើង ៤%ធៀបនឹងទី២៤មេសា ហើយភាគច្រើន នៃការឆ្លងថ្មែដែលបានរកឃើញ គឺនៅក្នុងទីក្រុងសៀងហៃ។ ក្នុងនោះ ខេត្ត ជីលីន ភាគឦសានក៏បានកត់ត្រាការឆ្លងថ្មីនៃកូវីដ ១៩ ចំនួនជិត ៧ រយ នាក់ក្នុង ១ ថ្ងៃផងដែរ។
តាមការរាយការណ៍ពីសារព័ត៌មាន BBC បានឲ្យដឹងដែរថា រដ្ឋាភិបាលចិនថ្មីៗនេះក៏បានប្រកាសដាក់ចេញវិធានការធ្វើតេស្ដកូវីដ១៩ទ្រង់ទ្រាញធំលើពលរដ្ឋរាប់លាននាក់នៅទីក្រុងឆៅយ៉ាង បន្ទាប់ពីមានការរកឃើញថាករណីឆ្លងកំពុងមានការកើនឡើងនៅក្នុងទីក្រុងនេះ។ ការធ្វើតេស្ដលើប្រជាជននៅក្នុងទិក្រុងនេះ កំពុងបានការបារម្ភថា រដ្ឋាភិបាលចិន អាចនឹងអនុវត្តវិធានការតឹងរ៉ឹង ដូចដែលខ្លួនបានធ្វើនៅទីក្រុងសៀងហៃដែរ ដោយមានការបិទខ្ទប់ទីក្រុងជាដើម៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន