បុណ្យណូអែលមិនទាន់មកដល់នៅឡើយទេ ប៉ុន្តែស្ត្រីអាជីវករជនជាតិចិន ម្នាក់ដែលមានឈ្មោះ ជាំង ឈីង (Jiang Qing) បានប្រមូលទុករួចទៅហើយនូវមុខទំនិញដែលមិនទាន់លក់ចេញរួមមាន មួកតាណូអែល នៅហាងទំហំ៣០ម៉ែត្រការ៉េរបស់គាត់នៅក្នុងទីក្រុងយីវូ (Yiwu)។ អ្នកស្រី ជាំង ឈីង បានត្អូញត្អែរថា ជាទូទៅហាងរបស់អ្នកស្រីលក់ទំនិញទាំងនេះដាច់បំផុតនៅក្នុងរង្វង់ខែតុលា ប៉ុន្តែការលក់ក្នុងឆ្នាំនេះ គឺធ្លាក់ចុះខ្លាំងមែនទែន។
អ្នកស្រីបានលើកឡើងថា ការលក់ទំនិញសម្រាប់បុណ្យណូអែលក្នុងឆ្នាំនេះមិនសូវដាច់ទាល់តែសោះ ហើយបរិមាណលក់ចេញរបស់អ្នកស្រី និងអាជីករផ្សេងៗទៀតនៅក្នុងមជ្ឈមណ្ឌល លក់ទំនិញនៅទីក្រុងនេះ ដែលគេដឹងថា ជាកន្លែងលក់ទំនិញណូអែល ធំបំផុតរបស់ពិភពលោក គឺធ្លាក់ចុះប្រមាណជា១ភាគ៣ឯណោះ។
អ្នកស្រីបានលើកឡើងថា សំណាងឆ្នាំនេះបានទីផ្សាររុស្ស៊ី និងទីផ្សារមជ្ឈិមបូព៌ាយោង ដែលជួយប៉ះប៉ូវការធ្លាក់ចុះតម្រូវការក្នុងទីផ្សារនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។
ដូចគ្នានេះដែរ អាជីវករម្នាក់ទៀតនៅហាងដដែលបានលើកឡើងថា ការបញ្ជាទិញពីសហរដ្ឋអាមេរិក និងអឺរ៉ុបនៅមាន ប៉ុន្តែបណ្ដាដៃគូរកស៊ីបានស្នើឱ្យពួកគាត់បញ្ចុះតម្លៃដល់ទៅ១០% នៃមុខទំនិញ ដែលពួកគាត់បានផ្ញើទៅឱ្យដោយសារតែសហរដ្ឋអាមេរិក និងអឺរ៉ុបទទួលរងសម្ពាធអតិផរណាខ្ពស់ពេក។
មិនថាតែទំនិញសម្រាប់បុណ្យណូអែលទេ ការនាំចេញទំនិញផ្សេងៗរបស់ចិន ទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបក៏មានការធ្លាក់ចុះដូចគ្នា។
ស្ថិតិបានបង្ហាញថា នៅក្នុងរយៈពេល១១ខែឆ្នាំ២០២៣ ការនាំចេញទំនិញសរុបរបស់ចិនបានធ្លាក់ចុះ៥,២% ហើយការនាំចូលបានធ្លាក់ចុះ៦%។ ក្នុងនោះការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិកធ្លាក់ចុះជិត១៤% ហើយការនាំចេញទៅអឺរ៉ុបធ្លាក់១១%។ ការនាំចេញទំនិញសរុបរបស់ចិន ទៅទីផ្សារធំៗទាំងពីរនេះបានធ្លាក់ចុះខ្លាំង។ ទោះជាយ៉ាងណា ការនាំចេញរថយន្តរបស់ចិន នៅក្នុង១១ខែមកនេះបានកើនឡើងដល់ទៅ៧១%៕
ដោយៈ សរ សុជាតិ