ក្រោយការសុំលាលែងពីតំណែងរបស់រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃជួររដ្ឋាភិបាល ប្រធានាធិបតីស្រីលង្កា បានទម្លាក់បងប្រុសរបស់គាត់ឲ្យមកធ្វើជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងស្វែងរកអភិបាលធនាគារកណ្តាលថ្មីកាលពីថ្ងៃចន្ទ ក្រោយសូម្បីតែទេសាភិបាលធនាគារកណ្តាលក៏បានលាឈប់ផងដែរនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុកររាប់រយនាក់ ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅលំនៅឋានឯកជនរបស់នាយករដ្ឋមន្ត្រី ម៉ាហីនដា រ៉ាចាប៉ាសា (Mahinda Rajapaksa) នៅទីក្រុង តាំងហ្គាឡេ(Tangalle) ភាគខាងត្បូងប្រទេសស្រីលង្កា។ លោក Mahinda ដែលជាបងប្រុសរបស់ប្រធានាធិបតីស្រីលង្កា លោក រ៉ាចាប៉ាក់សា មិនបានស្នាក់នៅផ្ទះទេនៅពេលនោះ ពោលគឺលោកកំពុងស្ថិតនៅទីក្រុងកូឡុំបូ ដែលកំពុងផ្ទុះការតវ៉ាដូចគ្នាដែរ។ ហ្វូងមនុស្សក៏បានមកប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់សមាជិកសភាចំនួន៦រូបផ្សេងទៀត និងនៅជុំវិញទីស្នាក់ការគណៈបក្សរបស់ប្រធានាធិបតីបច្ចុប្បន្ន។
ក្រោយការស្នើលាលែងពីតំណែងរបស់ក្រុមរដ្ឋមន្ត្រីរបស់ស្រីលង្កា ក្រុមបាតុករជាច្រើនបានទាមទារកាន់តែខ្លាំង ឱ្យមានការបណ្តេញលោក Rajapaksa ចេញពីតំណែងប្រធានាធិបតីផងដែរ។ យ៉ាងណាមិញ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីថ្មីចំនួនបួននាក់ត្រូវបានតែងតាំង ដើម្បីធានាថា សភា និងកិច្ចការផ្សេងទៀតអាចត្រូវបានធ្វើឡើង ដោយស្របច្បាប់រហូតដល់គណៈរដ្ឋមន្ត្រីពេញលេញមួយ ត្រូវអាចស្បថចូលកាន់តំណែងបាន។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីបានឲ្យដឹងទៀតថា រដ្ឋមន្ត្រីយុត្តិធម៌លោក អាលី សាប្រ៊ី (Ali Sabry) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុជំនួសលោក បាស៊ីល រ៉ាចាប៉ាកសា (Basil Rajapaksa) ដែលជាប្អូនប្រុសរបស់ប្រធានាធិបតី ហើយដែលគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែនេះ ដើម្បីពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើកម្មវិធីកម្ចីថ្មីមួយ។
គួររំលឹកថា កាលពីថ្ងៃច័ន្ទដើមសប្តាហ៍ បន្ទាប់ពីមន្ត្រីសុំលាលែងច្រើនពេក ប្រធានាធិបតីស្រីលង្កា បានប្រកូកប្រកាសរកអ្នកនយោបាយ ដែលមានសម្លេងនៅក្នុងសភាឲ្យមកជុំសាមគ្គីរកច្រកចេញសម្រាប់វិបត្តិដ៏ផុយស្រួយនៅក្នុងប្រទេស។ ប៉ុន្តែនៅថ្ងៃអង្គារទី០៥មេសា គណៈបក្សប្រឆាំងស្រីលង្កា បានច្រានចោលការអញ្ជើញរបស់ប្រធានាធិបតី ហើយថែមទាំងបានជំរុញឱ្យមានការលាលែងពីតំណែងថែមទៀត។ បក្សប្រឆាំងបានស្តីបន្ទោសបក្សកាន់អំណាច ជុំវិញការធ្វើឲ្យប្រទេសធ្លាក់ក្នុងវិបត្តិ ខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។
អគ្គិសនីក៏ត្រូវបានគេកាត់ផ្តាច់អស់ជាច្រើនម៉ោងនៅរៀងរាល់ថ្ងៃដោយសារខ្វះខាតថាមពល ខណៈបាតុកម្មកំពុងរីករាលដាលស្ទើរពាសពេញប្រទេសទៅហើយ បើទោះបីជារដ្ឋអំណាចបានដាក់បម្រាមគោចរកាលពីចុងសប្តាហ៍មុននេះ ស្របពេលដែលប្រទេសក៏ត្រូវបានគេដាក់ឲ្យនៅក្នុងភាពអាសន្នដែរ៕