Advertisement
ចិន​នៅ​កម្ពុជា

សម្ដេច ហ៊ុន សែន ស្ដី​បន្ទោស​អ្នក​រិះគន់​លើ​វិនិយោគិន​ចិន​នៅ​កម្ពុជា ថា​ជា​«មតិ​អគតិ»


ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ស្ដី​បន្ទោស​ខ្លាំងៗ​ដល់​អ្នក​រិះគន់​លើ​ជន​ជាតិ​ចិន និង​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា ថា​ជា​អ្នក​ដែល​មាន​មតិ​អគតិ។ ការ​ស្ដី​បន្ទោស​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាកលវិទ្យាល័យ​ក្រចេះ​នៅ​ខេត្ត​ក្រចេះ កាលថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨។
សម្ដេច​តេជោ ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ពោធ​សកលវិទ្យាល័យ​​ក្រចេះ នាថ្ងៃទី២៥ មេសា ឆ្នាំ​២០១៨។
ដោយ
Advertisement

សម្ដេច ហ៊ុន សែន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​លើក​ឧទាហរណ៍​មួយ​ចំនួន​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ មាន​មតិ​មួយ​ចំនួន​ដែល​ជា​មតិ​អគតិ​ទាំង​ស្រុង មាន​ការ​រិះគន់​ក្រុមហ៊ុន និង​ជនជាតិ​ចិន​មក​កម្ពុជា។ តែ​ខ្ញុំ​សុំ​បញ្ជាក់​ជូន​ថា តើ​ជន​ជាតិ​ចិន​មក​កម្ពុជា​នេះ គេ​មក​របៀប​ម៉េច? ទីមួយ អ្នកទេសចរ​ចិន​១លាន​២​សែន​នាក់ នាំ​មក​ជាមួយ​ប្រាក់​ចំណូល​ពី​ប្រទេស​ចិន​ចូល​មក​កម្ពុជា​ច្រើន​ណាស់។ អា​ហ្នឹង ត្រូវ​យល់។ ចិន​គេ​មិន​មក​នៅ​ស្រុក​ខ្មែរ​ទេ បើ​ចិន​ជំនាន់​ដើម ដែល​កាល​នោះ​គេ​លុកលុយ​ប្រទេស​គាត់ ទើប​ពួកគាត់​រត់​មក​រស់នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍ និង​នៅ​កម្ពុជា… តែ​បច្ចុប្បន្ន អ្នក​បច្ចេកទេស​និង​កម្មករ​ឯកទេស​ជន​ជាតិ​ចិន អរ​ឲ្យ​តែ​ធ្វើ​ការងារ​រួច​រាល់ នឹង​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ… កុំ​បារម្ភ​អី»។

បើ​តាម​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល មូលហេតុ​ដែល​ក្រុមហ៊ុន​ចិន​នាំ​អ្នក​បច្ចេកទេស​និង​កម្មករ​ជំនាញ​មក​កម្ពុជា គឺ​ដោយសារ​កម្ពុជា​មិន​ទាន់​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់ ជាពិសេស កម្មករ​ជំនាញ​និង​អ្នក​បច្ចេកទេស ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ចិន ខណៈ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា ​បច្ចុប្បន្ន បាន​បន្ដ​កើន​ឡើង ហើយ​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​នៅ​កម្ពុជា ដូចជា គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​អគារ​ខ្ពស់ៗ​មួយ​ចំនួន ដែល​មាន​តម្រូវការ​អ្នក​បច្ចេកទេស​និង​កម្មករ​ឯកទេស​ច្រើន។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៨ បង្ហាញ​ថា នៅ​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​កំណើន​វិនិយោគ​បរទេស​សរុប ៥,២​ប៊ីលាន​ដុល្លារ​អាមេរិក បន្ទាប់​ពី​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ធំៗ ចំនួន​១១៧ ដែល​កើន​ឡើង​ដល់​ទៅ ៤៤​ភាគរយ ដូចជា ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​ទូរគមនាគមន៍​ជាដើម។ 

បើ​តាម​របាយការណ៍​ដដែល ទំហំ​វិនិយោគ​ចិន​មក​កម្ពុជា​នៅ​ឆ្នាំ​២០១៧ មាន​ចំនួន ១,៤៣​​ប៊ីលាន​ដុល្លារ​អាមេរិក ឬ​ស្មើ២៧​ភាគរយ នៃ​វិនិយោគ​បរទេស​សរុប ដែល​ចំនួន​នេះ គឺ​កើន​ឡើង​ស្ទើរ​ពាក់​កណ្ដាល បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​ទំហំ​វិនិយោគ​របស់​ចិន មាន​ចំនួន ៧៤៨​លាន​ដុល្លារ​អាមេរិក។ 

តាម​ពិត​ទៅ ចិន​គឺ​ជា​វិនិយោគិន​ធំជាង​គេ​បំផុត​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​រយៈពេល ១៧​ឆ្នាំ​មក​នេះ ពោល គឺ​មាន​គម្រោង​ជាង ១២១​គម្រោង ដែល​គិត​ជា​ទឹក​ប្រាក់​មាន​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​អាមេរិក៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់​ទូក​ទេសចរណ៍​នៅ​ជិត​ផែ​ភ្នំពេញ​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ

ព័ត៌មាន
ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ទូក​ទេសចរណ៍​នៅ​ជិត​ផែ​ភ្នំពេញ បាន​បង្ហាញ​ការ​បារម្ភ​ចំពោះ​ការ​បណ្ដេញ​ចេញ ខណៈ​ពួកគាត់​ទទួល​ព័ត៌មាន​ចចាម​...

កម្ពុជា-​បង់ក្លាដេស រំពឹង​ថា បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ឲ្យ​បាន​ដល់​១០០​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ​២០២០

ព័ត៌មាន
រដ្ឋាភិបាល​កម្ពុជា​និង​បង់ក្លាដេស កាល​ពី​ពេល​ថ្មីៗ​នេះ បាន​អះអាង​ថា នឹង​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​បាន​ដល់​១០០​លា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ