លោក តូបៀស អេត្រៀន ប្រធាននាយកដ្ឋានរូបិយវត្ថុនិងទីផ្សារមូលបត្ររបស់ IMF បាននិយាយថា អាជ្ញាធរចិនមានមធ្យោបាយដោះស្រាយស្ថានភាពរបស់ក្រុមហ៊ុន Evergrande ដោយសារពួកគេមានឧបករណ៍ច្បាប់ និង ស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានេះ។ ដូច្នេះវាអាស្រ័យលើថា តើអាជ្ញាធរចិនចង់ដោះស្រាយរឿងនេះដែរឬអត់ ហើយវាទាមទារឲ្យមានការទាក់ទងគ្នាច្បាស់លាស់មួយរវាងក្រុមហ៊ុន និង រដ្ឋអំណាច។
នៅក្នុងរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុសកលរបស់ IMF បានសង្កត់ធ្ងន់ថា វិបត្តិរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំនៅប្រទេសចិន Evergrande បានជះឥទ្ធិពលទៅកាន់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យតូចៗជាច្រើនទៀត។ ប្រសិនបើស្ថានការណ៍កាន់តែដុនដាប ហានិភ័យវិបត្តិហិរញ្ញវត្ថុនឹងកើតមាន ហើយវានឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុចិនក៏ដូចជាទីផ្សារមូលធនពិភពលោកផងដែរ។
យ៉ាងណាមិញ បើតាមការសង្កេតកន្លងមក រដ្ឋាភិបាលចិន ទោះមិនបានប្រកាសចំៗពីការជួយទំនុកជ្រោមជ្រែង Evergrande ប៉ុន្តែកន្លងមកក្រុមហ៊ុនមួយចំនួនដែលគ្រប់គ្រងដោយរដ្ឋ បានទិញយកចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande ជាបន្តបន្ទាប់។
សូមជម្រាបថា ក្រុមហ៊ុនចិន Evergrande ដែលជំពាក់បំណុលសរុបជាង ៣០០ពាន់លានដុល្លារអាមេរិក ទោះបីមិនទាន់ដើរដល់ចំណុចក្ស័យធន់ បាននិងកំពុងធ្វើឱ្យវិនិយោគិនទូទាំងពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង។ ព្រួយបារម្ភក៏ដោយសារតែ ក្រុមហ៊ុននេះបានខកខានការទូទាត់មូលបត្របំណុលជាច្រើនលើកច្រើនសារមកហើយ ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ ខណៈកាលបរិច្ឆេទសង់បំណុលជាច្រើយរយលានដុល្លារទៀត នឹងចូលមកដល់ជាបន្តបន្ទាប់៕