យោងតាមអត្ថបទរបស់លោក ពូ សុធីរៈ ដែលចុះផ្សាយក្នុងកាសែតជប៉ុន Asian Nikkei Review កាលពីចុងខែសីហា ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកបានឈានដល់ចំណុចទាបបំផុត ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយភាពតានតឹងចុងក្រោយបំផុតនោះ គឺការអនុម័តច្បាប់ប្រជាធិបតេយ្យកម្ពុជា ដោយសភាតំណាងរាស្រ្តអាមេរិក ដើម្បីដាក់ទណ្ឌកម្មមន្រ្តីរដ្ឋាភិបាលកម្ពុជា។
លោក ពូ សុធីរៈ បានសរសេរដូច្នេះថា ៖ «ប្រទេសទាំងពីរចាំបាច់ត្រូវចូលរួមពិភាក្សាដោយស្មោះត្រង់ និងនិយាយត្រង់ៗ អំពីមូលហេតុដើមនៃទំនាក់ទំនងដែលមានបញ្ហារបស់ពួកគេ ហើយស្វែងរកវិធីដើម្បីដោះស្រាយបញ្ហាដែលមានសារៈសំខាន់ សម្រាប់ភាគីទាំងពីរ តាមរយៈការសន្ទនាប្រកបដោយការស្ថាបនា។»
លោក ពូ សុធីរៈ បានបន្ថែមថា ដើម្បីបានសម្រេចគោលបំណងនេះ ភាគីទាំងពីរត្រូវព្យាយាមដោះស្រាយជម្លោះតាមរយៈមធ្យោបាយការទូតស្ងាត់ស្ងៀម ជាជាងងាកទៅរកការរិះគន់គ្នា និងធ្វើឱ្យអាម៉ាស់មុខគ្នាទៅវិញទៅមកជាសាធារណ:។
កម្ពុជាគួរតែយល់ពីកង្វល់របស់អាមេរិក អំពីចេតនារបស់ចិននៅអាស៊ីអាគ្នេយ៍ ហើយអាមេរិកគួរតែរកវិធីទាញកម្ពុជាចេញពីចិន ដោយផ្តល់ការលើកទឹកចិត្តបន្ថែមទៀត ប្រសើរជាងការធ្វើសេចក្តីថ្លែងការណ៍ដែលមើលទៅ ជាការវាយប្រហារមកលើរដ្ឋាភិបាលនិងមេដឹកនាំកម្ពុជា។ នេះបើយោងតាមមតិលោក ពូ សុធីរៈ។
លោក ពូ សុធីរៈ បានសរសេរបន្តថា កម្ពុជា ក្នុងនាមជាប្រទេសតូចមួយ គួរតែភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសមហាអំណាចទាំងអស់ មានជំហរអព្យាក្រឹត្យ ហើយអាមេរិកក៏គួរគោរពកម្ពុជា ថាជាប្រជាជាតិមួយដែលកំពុងព្យាយាមធ្វើឱ្យមានទំនាក់ទំនងការបរទេសជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ «ហើយដែលព្រលឹងរបស់គាត់មិនទាន់បាត់បង់ទៅប្រទេសចិននៅឡើយទេ។»
លោក ពូ សុធីរៈ បានសរសេរថា ៖ «សហរដ្ឋអាមេរិកមិនគួរប្រើការគាំទ្រខ្លាំងក្លាជាប្រពៃណីរបស់ខ្លួនចំពោះលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដើម្បីធ្វើឱ្យរដ្ឋាភិបាលកម្ពុជាអាម៉ាស់មុខទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចង់ប្រជែងនឹងភាពខ្លាំងរបស់ចិននៅក្នុងតំបន់»៕