ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី«យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា កម្ពុជា មិនខ្វះលទ្ធភាពនោះទេ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានោះ ឯកឧត្តម ផាន់ ផល្លា ក៏បានសង្កត់ធ្ងន់ទៀតថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ខាងមុខនេះ កម្ពុជាបានត្រៀមថវិកាគ្រប់គ្រាន់ ដើម្បីដឹកនាំកិច្ចប្រជុំអាស៊ាននេះ ប្រកបដោយជោគជ័យ និងស័ក្តិសិទ្ធភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ទើបតែបញ្ចប់កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដែលប្រទេសប្រុយណេ ជាប្រធាននៃកិច្ចប្រជុំនេះ។ ខណៈប្រទេសកម្ពុជា នឹងក្លាយជាអ្នកបន្តវេន ពីប្រទេសប្រុយណេ ដែលត្រូវធ្វើជាប្រធាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក នៅឆ្នាំ២០២២ ខាងមុខ។ កិច្ចប្រជុំកំពូលអាស៊ានត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីដោះស្រាយបញ្ហា នយោបាយ អាកាសធាតុ សង្គម វប្បធម៌ និងជំងឺឆ្លង ផ្សេងៗ។
ថ្មីៗនេះដែរ សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានប្រកាសថា នឹងនាំអាស៊ានទាំង១០ប្រទេស មកវិលចូលតុប្រជុំរួមគ្នានៅឆ្នាំ២០២២ ខណៈដែលកិច្ចប្រជុំកំពូលនៅឆ្នាំ២០២១នេះ មានប្រទេសអាស៊ានតែ៩ប៉ុណ្ណោះចូលរួម ដោយសារអវត្តមានប្រទេសភូមា ព្រោះប្រទេសនេះ កំពុងមានបញ្ហានយោបាយ។ សម្តេច តេជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានលើកឡើងថា សម្តេចនឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសភូមាផងដែរក្នុងពេលឆាប់ៗនេះ៕