ទោសលួចសុនខ (ឆ្កែ) ជាទោសព្រហ្មទណ្ឌ និងជាទោសធ្ងន់គួរសម នៅវៀតណាម។ ថ្មីៗនេះ តុលាការវៀតណាមនៃខេត្តតៃនិញ បានកាត់ទោសបុរសលួចឆ្កែ ៦នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ៣ឆ្នាំ ដល់ ៧ឆ្នាំ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានVN Express។
ប៉ូលិសដែលបំបែកសំណុំរឿងចោរលួចឆ្កែនេះ បានឲ្យដឹងថា ក្រុមចោរនេះធ្វើសកម្មភាពឆក់ឆ្កែនៅតាមដងផ្លូវ នៅពេលយប់ រួចហើយយកទៅលក់ឲ្យប្ដីប្រពន្ធអ្នកកាប់និងលក់សាច់សត្វឆ្កែ នៅក្នុងតំបន់។
តម្លៃលក់សត្វឆ្កែរស់ នៅវៀតណាម គឺ ១គីឡូ តម្លៃ ១,៥ដុល្លារ និងសាច់មិនទាន់ចម្អិន លក់ក្នុងតម្លៃ ជាង ២ដុល្លារក្នុងមួយគីឡូ។
យោងតាមសារព័ត៌មានដដែល ប្រទេសវៀតណាមជាប្រទេសបរិភោគសាច់សត្វសុនខច្រើនជាងគេបំផុតទីពីរ នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន។
ក្នុងមួយឆ្នាំៗ សត្វសុនខប្រហែល ៥លានក្បាល ត្រូវបានសម្លាប់យកសាច់ក្នុងមួយឆ្នាំៗ ចំណែកនៅប្រទេសចិនវិញ គឺមួយឆ្នាំៗ សម្លាប់សុនខយកសាច់បរិភោគប្រមាណ ២០លានក្បាល៕