តម្លៃប្រេងឆៅអង់គ្លេស បានហក់ឡើង ៨% មកដល់ ១០៤ដុល្លារក្នុង ១បារ៉ែល។ ប្រាក់អឺរ៉ូបានធ្លាក់ចុះ ប្រហែល ០,៥% ដល់កម្រិត ១,១៦៧២ដុល្លារ។
ទីផ្សារភាគហ៊ុនអាស៊ី ជាទូទៅបានធ្លាក់ចុះ ប៉ុន្តែហាក់ដូចជាតិចតួចប៉ុណ្ណោះ ដោយសារតែវិនិយោគិនមានការស្ទាក់ស្ទើរក្នុងការវិនិយោគធំៗ ខណៈពួកគេកំពុងរង់ចាំមើលសញ្ញានៃការបញ្ចប់ជម្លោះ ដែលអូសបន្លាយពេល ៦សប្តាហ៍ ដែលជំរុញឱ្យតម្លៃប្រេងកើនឡើងជាង ៣០% រួចទៅហើយនោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ។
រូបិយប័ណ្ណដែលងាយរងគ្រោះ ដូចជាប្រាក់ដុល្លារអូស្ត្រាលី ធ្លាក់ចុះ ០,៧% និងប្រាក់ផោនអង់គ្លេស ធ្លាក់ចុះ ០,៥%។
ការចរចាដែលចំណាយពេលដល់ទៅ ២១ម៉ោងនៅទីក្រុងអ៊ីស្លាម៉ាបាដ បានបញ្ចប់ដោយភាពបរាជ័យ ហើយភ្លាមៗ សហរដ្ឋអាម៉េរិកបានប្រកាសពីការឡោមព័ទ្ធបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ទាំងអស់ ដែលការប្រកាសនេះហាក់ដូចជា មានគោលបំណងបញ្ឈប់អ៊ីរ៉ង់ពីការនាំចេញប្រេង ឬការយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាចំណុចយុទ្ធសាស្ត្រសំខាន់របស់ឈូងសមុទ្រពែក្ស។
កាសែត វ៉ល ស្ទ្រីត ជើណល (Wall Street Journal) បានរាយការណ៍ថា លោក Trump និងទីប្រឹក្សារបស់លោកកំពុងពិចារណាពីការវាយប្រហារបែបកំណត់គោលដៅមួយៗរបស់អ៊ីរ៉ង់ តែមិនទាន់មានរបាយការណ៍ពីការវាយប្រហារណាមួយក្នុងអំឡុងការជួញដូរនៅអាស៊ីនាពេលព្រឹកមិញ ដែលនឹងបំផ្លាញបទឈប់បាញ់ដ៏ផុយស្រួយរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលមានប្រសិទ្ធភាពតាំងពីសប្តាហ៍មុននៅឡើយ។
លោក Trump បានថ្លែងកាលពីថ្ងៃអាទិត្យ ទី១២មេសាថា តម្លៃប្រេងទូទៅ និងសាំងអាចនៅតែខ្ពស់ រហូតដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា ដែលនេះជាការទទួលស្គាល់អំពីផលប៉ះពាល់ខាងនយោបាយដែលអាចកើតឡើងដោយសារសង្គ្រាម ដែលមិនធ្លាប់កើតមានញឹកញាប់ប៉ុន្មានឡើយ៕