អ្នកចិញ្ចឹមត្រី

តម្លៃត្រីចិញ្ចឹមក្នុងស្រុកហាក់មានការធ្លាក់ចុះនៅដើមឆ្នាំនេះ តើមកពីមូលហេតុអ្វី?


តម្លៃត្រីចិញ្ចឹមនៅកម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីដើមឆ្នាំ២០២៥ មក បន្ទាប់ពីបានកើនឡើងខ្ពស់នៅចុងឆ្នាំ២០២៤ កន្លងទៅ បើទោះបីទិន្នផលត្រីចិញ្ចឹមនៅឆ្នាំនេះ មានការធ្លាក់ចុះក៏ដោយ។ បើតាមការបញ្ជាក់របស់អ្នកចិញ្ចឹមត្រី មកទល់ពេលនេះ តម្លៃត្រីចិញ្ចឹមក្នុងស្រុកនៅមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយទេ។ តើមានកត្តាអ្វីទាញទម្លាក់ឱ្យតម្លៃត្រីចិញ្ចឹមក្នុងស្រុកមានការធ្លាក់ចុះ?
អ្នកចិញ្ចឹមត្រី
ដោយ

លោក លក លឿន អ្នកចិញ្ចឹមត្រីម្នាក់នៅខេត្តកំពង់ចាម បានគូសបញ្ជាក់ថា តម្លៃត្រីចិញ្ចឹមរបស់កសិដ្ឋានលោកបច្ចុប្បន្ននៅតែបន្តលក់ចេញក្នុងកម្រិតទាប ដោយត្រីប្រាអាចលក់ចេញបានក្នុងតម្លៃ៤​៦០០រៀល ក្នុង១គីឡូក្រាម ធ្លាក់ចុះ៨០០រៀលក្នុង១គីឡូក្រាម ត្រីពោរលក់បាន៦​៤០០រៀលក្នុង១គីឡូក្រាម ធ្លាក់ចុះ៨០០រៀលក្នុង១គីឡូក្រាម និងត្រីឆ្តោលក់បានតម្លៃ៩​៧០០រៀលក្នុង១គីឡូក្រាម ធ្លាក់ចុះជាង២០០០រៀលក្នុង១គីឡូក្រាម បើធៀបនឹងតម្លៃកាលពីឆ្នាំមុន។ កត្តាដែលជំរុញឱ្យតម្លៃត្រីចិញ្ចឹមក្នុងស្រុកនៅតែបន្តស្ថិតក្នុងតម្លៃទាបនេះ ត្រូវបានអ្នកចិញ្ចឹមរូបនេះអះអាងថា គឺដោយសារកសិករចិញ្ចឹមត្រីនាំគ្នាសម្រុកបញ្ចេញត្រីលក់ និងប្រជែងតម្លៃគ្នាលក់នៅមុនពេលថ្ងៃបុណ្យចូលឆ្នាំមកដល់ ដែលធ្វើឱ្យតម្លៃត្រីបច្ចុប្បន្នមិនអាចកើនឡើងមកវិញបាន។ ម្យ៉ាងទៀត ទិន្នផលត្រីធម្មជាតិនៅឆ្នាំនេះក៏សម្បូរច្រើន និងមានតម្លៃទាបផងដែរ។

​បើតាមការបញ្ជាក់របស់លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹងថា តម្លៃត្រីចិញ្ចឹមរបស់សមាជិកខ្លួននាពេលបច្ចុប្បន្នអាចលក់បានចន្លោះពី៤០០០រៀល ទៅ៥០០០រៀលក្នុង១គីឡូក្រាមសម្រាប់ត្រីប្រា និងចន្លោះពី៦​៥០០រៀលទៅ៧០០០រៀលក្នុង១គីឡូក្រាមសម្រាប់ត្រីពោរ និងចន្លោះពី៦​៥០០រៀល ទៅ១០០០០រៀលសម្រាប់ត្រីឆ្តោ។ បើតាមការបញ្ជាក់របស់អ្នកជំនាញរូបនេះ ទិន្នផលត្រីចិញ្ចឹមរបស់កសិករនៅឆ្នាំនេះ ហាក់មិនសូវទទួលបានទិន្នផលច្រើននោះទេ ដោយសារការដាក់ត្រីចិញ្ចឹមនៅក្នុងស្រះរបស់កសិករនាចុងឆ្នាំ២០២៤ កន្លងទៅ មានការកើនឡើងតិចតួចប៉ុណ្ណោះ ពីព្រោះរដូវប្រាំងមានរយៈពេលវែងធ្វើឱ្យកសិករខ្វះទឹកសម្រាប់ចិញ្ចឹមត្រី។ តែយ៉ាងណា លោក ឡែមផូរ សុថាវរិទ្ធិ រំពឹងថា ការដាក់ត្រីចិញ្ចឹមរបស់កសិករនៅឆ្នាំនេះ អាចនឹងមានការកើនឡើងច្រើនជាងឆ្នាំមុន ដោយសារខែវស្សាឆ្នាំនេះឆាប់ចូលមកដល់ឆាប់មានទឹកសម្រាប់ដាក់ត្រីចិញ្ចឹម ខណៈតម្លៃត្រីនៅតែស្ថិតក្នុងតម្លៃមួយដែលសមរម្យ។

គួរជម្រាបថា បច្ចុប្បន្នសមាគមវារីវប្បករនៅកម្ពុជា មានសមាជិកអ្នកចិញ្ចឹមត្រីជាង១ពាន់នាក់ ដែលភាគច្រើនមាននៅខេត្តកណ្ដាល, កំពង់ចាម, កំពង់ធំ, សៀមរាប, ពោធិ៍សាត់ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង ជាដើម៕




អត្ថបទបន្ទាប់


សម្តេចធិបតី ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យគុណភាពអគារចាស់ៗ និងស្តង់ដាសាងសង់អគារ

ក្រោយប្រទេសថៃ និងមីយ៉ាន់ម៉ា រងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត៧,៧ រ៉ិចទ័រ ដែលបណ្តាលឱ្យបាក់រលំអគារ និងសម្លាប់មនុស្សជាច្រើននាក់ កាលពីពេល…

បងធំអាស៊ានឥណ្ឌូនេស៊ី គ្មានផែនការដាក់ពន្ធផ្ចាញ់តបប្រឆាំងនឹងពន្ធគយរបស់លោក ត្រាំ ឡើយ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី បានលើកឡើងក្នុងការឆ្លើយតបលើកដំបូងចំពោះការយកពន្ធរបស់អាម៉េរិកថា ប្រទេសឥណ្ឌូនេស៊ីនឹងមិនសងសឹកប្រឆាំងនឹងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ