លោក ដូណាល់ ត្រាំ ដែលទើបស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ កាលពីថ្ងៃទី២០ ខែមករា បានប្រកាសនៅឯសេតវិមាន អមដោយវត្តមានរបស់នាយកប្រតិបត្តិនៃក្រុមហ៊ុនជប៉ុន SoftBank Group ក្រុមហ៊ុនអាម៉េរិក OpenAI និង Oracle ថា ក្រុមហ៊ុនយក្សទាំង៣នេះនឹងរួមគ្នាបោះទុនវិនិយោគក្នុងទំហំរហូតដល់ទៅ៥០០ពាន់លានដុល្លារអាម៉េរិក លើគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលជាគម្រោងធំបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រនៅលើទឹកដីសហរដ្ឋអាម៉េរិក។
ក្រោយការប្រកាសនេះភ្លាម ភាគហ៊ុនរបស់ក្រុមហ៊ុនយក្សជប៉ុន SoftBank Group បានហក់ឡើង៩,៧%ឈានដល់ប្រមាណ៦៥ដុល្លារអាម៉េរិកក្នុងមួយហ៊ុន ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីផ្សារហ៊ុនក្រុងតូក្យូ បើកការជួញដូរ ដោយធ្វើឱ្យសន្ទស្សន៍ផ្សារហ៊ុនជប៉ុន Nikkei Stock Average ហក់ឡើងជាង១% រីឯភាគហ៊ុនរបស់ក្រុមហ៊ុនយក្សអាម៉េរិក Oracle ក៏បានហក់ឡើង៧,២%ដែរនៅលើផ្សារហ៊ុនអាម៉េរិក Nasdaq។
ទន្ទឹមនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបជប៉ុន Advantest បានហក់ឡើង៤,៥% ហើយភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបជប៉ុនមួយទៀតឈ្មោះ Tokyo Electron បានហក់ឡើង២,៨% ដោយសារក្ដីរំពឹងទុកថា តម្រូវការបន្ទះឈីប AI នឹងកើនឡើង។
ក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាយក្សជប៉ុន SoftBank Group រួមជាមួយក្រុមហ៊ុនយក្សអាម៉េរិក OpenAI និង Oracle នឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយ ដោយដាក់ឈ្មោះថា Stargate សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ធំបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រនេះ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនយក្សទាំង៣នេះបានសន្យាថានឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់១០០ពាន់លានដុល្លារ សម្រាប់ដំណាក់កាលដំបូង ហើយគ្រោងនឹងបង្កើនការវិនិយោគឱ្យឈានដល់៥០០ពាន់លានដុល្លារក្នុងរយៈពេល៤ឆ្នាំខាងមុខ៕
ដោយ: តែម សុខុម