អ្នកជំនាញអចលនទ្រព្យដែលមានបទពិសោធន៍រកស៊ីនៅក្នុងវិស័យនេះប្រមាណ ២០ឆ្នាំ លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន វីត្រាស់ គ្រុប បានទទួលស្គាល់ថា ការបិទអាជីវកម្មបនល្បែងតាមអនឡាញនេះភ្លាមៗ ចង់មិនចង់ វាតែងតែមានផលប៉ះពាល់ដល់សកម្មភាពទិញលក់អចលនទ្រព្យហើយ ប៉ុន្តែ សម្រាប់រយៈពេលវែង គឺមិនមានផលប៉ះពាល់ឡើយ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ “តួលេខគឺសំខាន់ ដូច្នេះ សូមអ្នកនិយាយទាំងឡាយ កុំនិយាយដោយអត់តួលេខ”។
លោក គុយ វ៉ាត បានបន្តថា លោកចង់ឲ្យអ្នកវិនិយោគមកចាប់អារម្មណ៍ពិនិត្យមើលពីរបាយការណ៍ទីផ្សារ ការទិញ លក់ តម្លៃដីធ្លី នាពេលបច្ចុប្បន្ន គឺនៅតែបានបង្ហាញពីភាពវិជ្ជមានដដែលទេ វាមិនបានបង្ហាញសញ្ញាធ្លាក់ចុះនោះទេ។ នេះបើផ្អែកទៅតាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យរបស់ក្រុមហ៊ុន វីត្រាស់ ដែលបានបង្ហាញនៅក្នុងឆមាសទី១។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យ ក្រុមហ៊ុន វីត្រាស់ បង្ហាញថា ការសាងសង់និងការផ្គត់ផ្គង់អគារពាណិជ្ជកម្មសម្រាប់ប្រើប្រាស់ក្នុងវិស័យលក់ដុំ និង លក់រាយ រក្សាបានកំណើនខ្ពស់នៅក្នុងឆ្នាំ២០១៩នេះ ស្របពេលការផ្គត់ផ្គង់អគារការិយាល័យនៅបន្តមានសន្ទុះខ្លាំង។ លើសពីនេះទៅទៀត ការសាងសង់និងការផ្គត់ផ្គង់អគារលំនៅដ្ឋាន ដូចជា គម្រោងខុនដូ និងសំណង់ផ្ទះ ក៏សុទ្ធសឹងតែមានសកម្មភាពសាងសង់មមាញឹកដដែលនៅឆ្នាំ២០១៩នេះ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានធ្វើការកត់សម្គាល់ក្នុងពេលជាមួយគ្នានេះ ថា មានការរីកចម្រើនព្រមគ្នា ទាំងវិស័យអចលនទ្រព្យ និងទាំងការធ្វើទិន្នន័យអចលនទ្រព្យ ដែលជាកាតាលីករមួយបង្ហាញដល់អ្នកវិនិយោគយកមកធ្វើជាមូលដ្នានក្នុងការវាស់វែង ដើម្បីពិចារណាមុននឹងធ្វើការសម្រេចចិត្តទិញលក់អចលនទ្រព្យ។
យោងតាមរបាយការណ៍ដដែលបង្ហាញថា ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០១៩នេះ ចំនួនផ្ទះ ដែលក្រុមហ៊ុនអភិវឌ្ឍន៍បានប្រកាសបើកលក់មានចំនួន សរុប ១ម៉ឺន៤ពាន់ខ្នង ក្នុងនោះជាង ៤ពាន់ខ្នងបានបញ្ចប់ការសាងសង់រួច និង មានអ្នកបានទិញចូលស្នាក់នៅហើយ។ ចំណែកគម្រោងអគារខុនដូមានចំនួនជាង ៦ពាន់ ៦រយយូនីត ត្រូវបានអ្នកអភិវឌ្ឍប្រកាសលក់ និងក្នុងនោះ មានជាង ៦ពាន់ យូនីត បានសាងសង់បញ្ចប់ ដោយមានអ្នកស្នាក់នៅ ផងដែរ៕