នៅក្នុងកិច្ចសម្ភាសជាមួយខេមបូណូមីស លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការហាមឃាត់របស់អាជ្ញាធរមិនឱ្យកសិករធ្វើស្រែប្រាំងលើកទីពីរ ដោយសារបារម្ភខ្វះទឹក គឺជារឿងមិនសមហេតុផល។ សម្រាប់អ្នកជំនាញរូបនេះ អាជ្ញាធរគួរតែស្វះស្វែងរកវិធីសាស្ត្រ ឬដំណោះស្រាយសមស្របណាមួយ ដើម្បីធ្វើយ៉ាងណាឱ្យកសិករអាចធ្វើស្រែប្រាំងលើកទីពីរបានល្អជាង។ ទន្ទឹមនេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះស្នើឱ្យអាជ្ញាធរគួរពិនិត្យមើលការអភិវឌ្ឍប្រព័ន្ធប្រឡាយទឹកនៅជនបទ និងមិនគួរកសាងតែទីក្រុង ធ្វើតែសួនច្បារពេកនោះទេ។
យ៉ាងណាមិញលោកបណ្ឌិត គី សេរីវឌ្ឍន៍ បានចាត់ទុកការផលិតស្រូវនៅកម្ពុជា ជាវិស័យសក្កានុពលមួយនៃវិស័យកសិកម្មរបស់កម្ពុជា ដែលអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោក ខណៈដំណាំក្រៅពីនេះលោកយល់ថា កម្ពុជាមិនទាន់អាចប្រគួតប្រជែងជាមួយបណ្ដាប្រទេសជិតខាងបាននៅឡើយទេ ដោយសារតែកម្ពុជា មានផ្ទៃដីដាំដុះតូច រួមផ្សំជាមួយបច្ចេកទេស ហើយប្រជាពលរដ្ឋធ្វើកសិកម្មតាមលក្ខណៈគ្រួសារ និងការផលិតត្រូវការចំណាយថ្លៃដើមខ្ពស់។
សម្រាប់អ្នកជំនាញរូបនេះ ដើម្បីគាំទ្រដល់ដំណាំស្រូវ គឺត្រូវទាមទារឱ្យមានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់ និងចងក្រងជាសហគមន៍កសិករ នោះទើបអាចកាត់បន្ថយថ្លៃដើមឱ្យមកនៅក្នុងកម្រិតទាបបាន។
ជុំវិញការហាមឃាត់ប្រជាកសិករមិនឱ្យធ្វើស្រែប្រាំងលើកទីពីរនេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការហាមឃាត់នេះបើស្ដាប់មួយភ្លែតវាហាក់ដូចជាអាជ្ញាធរស្រុក-ខេត្តអាក្រក់ រារាំងកសិករដែលចង់ធ្វើស្រែមិនឱ្យធ្វើស្រែ។ តែបើពិនិត្យពីស្ថានភាពជាក់ស្តែងប្រភពទឹកពិតជាមិនគ្រប់គ្រាន់សម្រាប់ធ្វើស្រែប្រាំងលើកទីពីរមែន ហើយបើប្រជាកសិករនៅតែបន្តធ្វើនោះវានឹងខាតលុយ ខាតកម្លាំងជាដើម។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះហាក់មានចម្ងល់ចំពោះតួនាទីរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលមានជាច្រើនអាណត្តិមកនេះ តែប្រជាកសិករនៅតែធ្វើស្រែបានតែមួយរដូវ ហើយលោកបានចោទជាសំណួរថា តើឱ្យកសិកររំពឹងអ្វី?
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អាជ្ញាធរ ខេត្តពោធិ៍សាត់ បានណែនាំឱ្យប្រជាកសិករផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២របស់ខ្លួន ដើម្បីទល់ស្តាត់កុំឱ្យខ្វះទឹកសម្រាប់ប្រើប្រាស់ និងបញ្ចៀសការខាតបង់។ទន្ទឹមគ្នានេះ អាជ្ញាធរអះអាងថា ការផ្អាកធ្វើស្រូវប្រាំងលើកទី២នេះ មិនបានប៉ះពាល់ដល់ការប្រមូលផលស្រូវសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ខេត្តពោធិ៍សាត់នោះទេ ដ្បិតថា ការធ្វើស្រូវប្រាំងលើកទី១មានចំនួនច្រើនលើសលប់ និងទទួលបានទិន្នផលច្រើនរួចទៅហើយ៕