ទីផ្សារទុរេន

ក្រុមហ៊ុនចិន គ្រោងម៉ៅចម្ការទុរេនក្នុងសហគមន៍ទុរេនបែកអន្លូង ដើម្បីនាំចេញទៅទីផ្សារចិន


ក្រោយរដ្ឋាភិបាលកម្ពុជា និងចិន បានចុះហត្ថលេខាលើពិធីសារ ស្តីពីការនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារចិន ម្ចាស់ចម្ការ និងក្រុមហ៊ុនកែច្នៃ និងវេចខ្ចប់មួយចំនួនកំពុងមមាញឹកក្នុងការដាក់ពាក្យស្នើសុំបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីឈានទៅរកការនាំចេញទុរេនទៅកាន់ទីផ្សារចិន ជាផ្លូវការ។ ទោះបីមកទល់ពេលនេះ កម្ពុជា មិនទាន់អាចនាំចេញទុរេនទៅកាន់ទីផ្សារចិន ជាផ្លូវការក៏ដោយ តែយើងមានក្រុមហ៊ុនមួយចំនួនបានចុះមកប្រមូលទិញ និងសិក្សាលទ្ធភាពម៉ៅចម្ការទុរេននៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទៅទីផ្សារជិតខាង និងបន្តនាំចេញទៅកាន់ទីផ្សារចិន។
ទីផ្សារទុរេន
ដោយ

ជាក់ស្តែងមានក្រុមហ៊ុនចិន និងក្រុមហ៊ុនកម្ពុជា មួយចំនួន កំពុងសិក្សាលទ្ធភាពម៉ៅចម្ការទុរេននៅសហគមន៍កសិកម្មទុរេនបែកអន្លូង ស្ទឹងត្រង់ ដើម្បីនាំចេញទៅកាន់ទីផ្សារចិន។

លោក ហេង ឆេងលី ប្រធានសហគមន៍កសិកម្មទុរេនបែកអន្លូង ស្ទឹងត្រង់ នៅខេត្តកំពង់ចាម បានឱ្យដឹងថា មានក្រុមហ៊ុនចិន ចំនួន៤ និងក្រុមហ៊ុនក្នុងស្រុកចំនួន១ បានចុះមកសិក្សាលទ្ធភាពម៉ៅយកចម្ការទុរេនក្នុងសហគមន៍ខ្លួន ដើម្បីត្រៀមនាំចេញទៅកាន់ទីផ្សារចិន ដោយផ្ទាល់​។

តែយ៉ាងណាប្រធានសហគមន៍រូបនេះ បានបញ្ជាក់ថា មកទល់ពេលនេះ ការកំណត់ជាក់លាក់នៃកិច្ចសន្យាទិញលក់ និងតម្លៃយ៉ាងណានោះ នៅពុំទាន់សម្រេចជាផ្លូវការនៅឡើយទេ ដោយរង់ចាំការសម្រេចអនុញ្ញាតនីតិវិធីនាំចេញពីស្ថាប័ននៃប្រទេសទាំងពីរជាមុនសិន ខណៈបច្ចុប្បន្នក្រុមហ៊ុនបានយកឈ្មោះចម្ការនៅក្នុងសហគន៍មួយចំនួនទៅចុះបញ្ជី និងស្នើសុំវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អសម្រាប់នាំចេញ។

លោក ហេង ឆេងលី បានឱ្យដឹងដែរថា តាមការទទួលព័ត៌មានពីខាងក្រុមហ៊ុនចិន ទាំងនោះ ការនាំចេញទុរេនទៅកាន់ប្រទេសចិន ទំនងជាអាចសម្រេចបាននៅពេលប្រមូលផលទុរេនដំណាក់កាលទី២នៃឆ្នាំនេះ។

​បើតាមប្រធានសហគម៍រូបនេះ តម្លៃទុរេនដែលលក់ទៅឱ្យក្រុមហ៊ុនចិននេះ ទំនងជាមិនខុសគ្នាពីតម្លៃដែលឈ្មួញក្នុងស្រុកម៉ៅយកនាពេលបច្ចុប្បន្នប៉ុន្មាននោះទេ ដោយមានតម្លៃចន្លោះពី១ម៉ឺន២ពាន់រៀល ទៅ១ម៉ឺន៤ពាន់រៀលក្នុងមួយគីឡូក្រាម។

ដោយឡែកសម្រាប់តម្លៃទុរេនបែកអន្លូងលក់ឱ្យឈ្មួញរាយបច្ចុប្បន្នមានតម្លៃ១ម៉ឺន៨ពាន់រៀល ខណៈលក់ឱ្យអ្នកទទួលទានផ្ទាល់មានតម្លៃ២ម៉ឺន៥ពាន់រៀល ក្នុងមួយគីឡូក្រាម។ បើតាមលោក ហេង ឆេងលី សហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ មានសមាជិកចំនួន ១០៦ចម្ការ និងមានផ្ទៃដីដាំដុះទុរេនជាង៥រយហិកតា ដែលមានសមត្ថភាពផ្គត់ផ្គង់ទុរេនប្រមាណ២ពាន់៥រយតោនក្នុងមួយឆ្នាំ។

​ជាមួយគ្នានេះ លោក ស៊ីម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានគូសបញ្ជក់ថា ចម្ការទុរេននៅសហគមន៍កសិកម្មទុរេនបែកអន្លូង ស្ទឹងត្រង់ ពិតជាទទួលបានការចុះមកសិក្សាដើម្បីម៉ៅយកសម្រាប់នាំចេញទៅកាន់ទីផ្សារចិន ពិតប្រាកដមែន។ បើតាមការវាយតម្លៃរបស់ប្រធានមន្ទីររូបនេះ ការនាំចេញទុរេនរបស់សហគមន៍នេះ ទៅកាន់ទីផ្សារចិន ទំនងជាអាចសម្រេចបាននៅក្នុងឆ្នាំនេះ ដ្បិតថា មានម្ចាស់ចម្ការជាច្រើនបានមកស្នើសុំចុះបញ្ជីចម្ការ និងសុំវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អសម្រាប់នាំចេញ។ ប្រធានមន្ទីរកសិកម្មរូបនេះ ជឿជាក់ថា នៅពេលទុរេនកម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិន បានជាផ្លូវការនោះ​លោកជឿជាក់ថា ប្រជាកសិករនឹងពង្រីកការដាំដុះរបស់ខ្លួនបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់។

​គួរបញ្ជាក់ថា ដើម្បីអាចនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន បានកសិករត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ទៅកាន់អគ្គនាយកដ្ឋានកសិកម្មជាមុនសិន បន្ទាប់ពីទទួលបានពាក្យស្នើសុំអគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្រ្តីជំនាញចុះណែនាំ និងវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេស ដូចមានកំណត់ក្នុងពិធីសារ រួចនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីគយចិន ដើម្បីភាគីគយចិនចុះមកពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ៕




អត្ថបទបន្ទាប់


តើគំរូសេដ្ឋកិច្ចពណ៌ប្រាក់ ឬ Silver Economy ជាអ្វី? ហើយវាចាំបាច់យ៉ាងណាសម្រាប់ពិភពលោក?

ការកើនឡើងមនុស្សវ័យចំណាស់កំពុងក្លាយជាក្តីបារម្ភមួយសម្រាប់ពិភពលោក ដូច្នេះហើយបានជានៅពេលនេះពិភពលោកកំពុងយកចិត្តទុកដាក់លើបញ្ហានេះ ដោយផ្តួចផ្…

ដំឡូងមីស្រស់បន្តធ្លាក់ថ្លៃហៅលេងលឺមកនៅត្រឹម១១០រៀលទៅ១២០រៀលក្នុង១គីឡូក្រាម

កសិករដាំដំឡូងមី កំពុងប្រឈមនឹងការខាតបង់ ក្រោយដំឡូងមីស្រស់ធ្លាក់ថ្លៃហៅលេងលឺមកនៅត្រឹមចន្លោះពី១១០រៀលទៅ១២០រៀលក្នុង១គីឡូក្រាម ខណៈកសិករកំពុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ