ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ច លោកស៊ី ជីនពីង គ្រាន់តែបានរំលឹកឡើងវិញនូវការគាំទ្រសម្រាប់វិស័យឯកជន និងអនុញ្ញាតឱ្យទីផ្សារដើរតួនាទីសំខាន់ជាងគេក្នុងការជំរុញសេដ្ឋកិច្ចតែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
«យើងត្រូវតែកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារកម្រិតខ្ពស់មួយ បង្រួបបង្រួម និងអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិសាធារណៈ លើកទឹកចិត្ត និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន ផ្តល់តួនាទីយ៉ាងពេញលេញដល់ទីផ្សារក្នុងការបែងចែកធនធាន។» នេះគឺជាការលើកឡើងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងថ្ងៃបើកសមាជបក្សកុម្មុយនិស្ដចិន នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២។
លើសពីនេះ លោក ស៊ី ជីនពីង បានថ្លែងការពារគោលនយោបាយកូវីដ១៩ស្មើសូន្យដ៏តឹងរ៉ឹងរបស់លោក ទោះបីវិធានការនេះត្រូវបានគេដឹងពេញពិភពលោកហើយថា វាជាដើមចមមួយ នាំឱ្យសេដ្ឋកិច្ចចិនដើរអូសជើងមានកំណើនយឺតជាងគេឯង ក្រោយរលកឆ្លងធំៗនៃកូវីដ១៩យ៉ាងណាក៏ដោយ។
និយាយដោយស្មោះត្រង់ទៅ គោលនយោបាយនេះបានជួយសង្គ្រោះជីវិតពលរដ្ឋចិនជាច្រើនក៏ពិតមែណ ប៉ុន្តែវាក៏ជាការសង្កត់សង្កិនលើជីវភាពប្រជាជន និងសេដ្ឋកិច្ចរបស់ចិនផងដែរ។ សាធារណជនហត់នឿយកាន់តែខ្លាំងឡើង ជុំវិញការបិទខ្ទប់ និងការរឹតបន្តឹងការធ្វើដំណើរ សូម្បីតែនៅមុនថ្ងៃបើកសមាជបក្ស ទីក្រុងប៉េកាំងបានស្ថិតនៅក្រោមវិធានការសន្តិសុខ សុវត្ថិភាព សុខាភិបាល យ៉ាងតឹងរ៉ឹង និងសូម្បីតែសមាជិកបក្សទាំងជាង ២៣០០នាក់ក៏ត្រូវពាក់ម៉ាសចូលរួមកម្មវិធីដែរ។
ដោយបានត្រឹមបង្ហាញការគាំទ្រដល់វិស័យឯកជនបន្ថែម លោកស៊ីថ្លែងតិចតួចប៉ុណ្ណោះអំពីបញ្ហាសេដ្ឋកិច្ច ជារួមពោលគឺលោក មិនបានលើកឡើងពីបញ្ហាធំៗជាច្រើនទៀតដែលចិនកំពុងជួបប្រទះនោះទេ ដូចជាភាពគ្មានការងារធ្វើរបស់យុវជនជាច្រើន សេដ្ឋកិច្ចធ្លាក់ចុះ ពិសេសវិបត្តិអចលនទ្រព្យដែលកំពុងបន្ត ហើយពិតណាស់ការដែលលោកបន្តអនុវត្តវិធានការកូវីដស្មើសូន្យ ឬZero Covidនោះ ពិតជាធ្វើឱ្យគ្រប់គ្នាខ្លាចរអា សម្រាប់អាណត្តិ៥ឆ្នាំបន្ទាប់ ក្រោមអំណាចរបស់បុរសខ្លាំង និងរឹងរូសរូបនេះ៕