លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នតម្លៃសម្បុកត្រចៀកកាំកម្ពុជា មិនទាន់មានសញ្ញាហក់ឡើងគួរឱ្យកត់សម្គាល់នៅឡើយទេ ដោយសារវាអាស្រ័យទាំងស្រុងលើសមាសភាគទីផ្សារអន្តរជាតិ។ បើតាមអ្នកជំនាញរូបនេះ ទោះបីជាទ្វារនាំចេញផ្លូវការទៅកាន់ចិនត្រូវបានបើកក៏ដោយ ប៉ុន្តែតម្លៃនៅលើទីផ្សារនៅតែរក្សាភាពស្ងប់ស្ងាត់ និងប្រែប្រួលទៅតាមយន្តការទីផ្សាររួម។
លោកស្រីបានបន្ថែមថា ការនាំចេញរបស់ក្រុមហ៊ុន បេសឡាយហ្វ៍ ប្រូដាក ទៅកាន់ប្រទេសចិន កំពុងដំណើរការជាជំហានៗ ដោយមិនទាន់មានបរិមាណច្រើននៅឡើយទេ ព្រោះការផ្គត់ផ្គង់ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត ស្របតាមកិច្ចសន្យា និងតម្រូវការជាក់ស្តែង។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ សម្បុកត្រចៀកកាំកម្ពុជា កំពុងប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីផលិតផលរបស់ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលបានឈរជើង និងក្តោបក្តាប់ចំណែកទីផ្សារចិនយ៉ាងរឹងមាំជាយូរមកហើយ។ ដូច្នេះសហគ្រិនកម្ពុជាគ្មានជម្រើសអ្វីក្រៅពីបន្តពង្រឹងគុណភាព អនាម័យ និងស្តង់ដារភូតគាមអនាម័យ ឱ្យស្របតាមបទដ្ឋានដ៏តឹងរ៉ឹងរបស់គយចិន នោះឡើយ។
ជាមួយគ្នានេះ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានកត់សម្គាល់ថា តម្លៃសម្បុកត្រចៀកកាំមិនទាន់មានការស្ទុះឡើងនោះទេ ខណៈចំនួនក្រុមហ៊ុនដែលមានលទ្ធភាពនាំចេញផ្លូវការនៅមានកម្រិត។ តែយ៉ាងណាលោកអះអាងថា តម្លៃសម្បុកត្រចៀកកាំហាក់មានស្ថិរភាពល្អនៅមួយរយៈពេលចុងក្រោយនេះ ដោយសម្បុកត្រចៀកកាំមិនទាន់កែច្នៃមានតម្លៃជាមធ្យមចន្លោះពី៣០០ទៅ៥០០ដុល្លារក្នុងមួយគីឡូក្រាម។ បើតាមលោក ស៊ុយ កុកធាន បញ្ហារាំងស្ទះ ដែលធ្វើឱ្យក្រុមហ៊ុនមួយចំនួនមិនទាន់អាចនាំចេញសម្បុកត្រចៀកកាំទៅប្រទេសចិនបាន គឺពាក់ព័ន្ធនឹងបច្ចេកទេសស្តង់ដាភូតគាមអនាម័យ និងការបំពេញនីតិវិធីដ៏ស្មុគស្មាញរបស់គយចិន។
គួររំឭកថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥ ភាគីចិន បានយល់ព្រមជាគោលការណ៍ចំពោះការនាំចូលសំបុកត្រចៀកកាំពីកម្ពុជា ប៉ុន្តែបានតម្រូវឱ្យមានការត្រួតពិនិត្យ និងរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់បំផុតចាប់តាំងពីប្រភពផ្ទះត្រចៀកកាំ ខ្សែច្រវាក់ផលិតកម្មនៃរោងចក្រកែច្នៃ រហូតដល់បទដ្ឋានសុវត្ថិភាពចំណីអាហារ។ ផ្អែកលើការបំពេញលក្ខខណ្ឌទាំងនេះ ទើបនាពេលថ្មីៗនេះ អគ្គរដ្ឋបាលគយចិន បានសម្រេចអនុម័តផ្លូវការឱ្យក្រុមហ៊ុន បេសឡាយហ្វ៍ ប្រូដាក ក្លាយជាប្រតិបត្តិករដំបូងគេ ដែលអាជ្ញាធរចិន បើកផ្លូវឱ្យនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារចិន ជាផ្លូវការ៕
អត្ថបទ៖ បូ ដូឡា